បុរសឥណ្ឌូណេស៊ីម្នាក់មានជម្ងឺត្រូវគេយកមកទុកចោលនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង៖ជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ រី វី (RE VI )ហៅ រីវ៉ាយ ភេទប្រុស អាយុ…
ខេត្តស្វាយរៀង៖ជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ រី វី (RE VI )ហៅ រីវ៉ាយ ភេទប្រុស អាយុ…
ខេត្តស្វាយរៀង៖ជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ រី វី (RE VI )ហៅ រីវ៉ាយ ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិឥណ្ឌូណេស៊ី មានស្រុកកំណើតកើតនៅប្រទេសឥណ្ឌូណេស៊ី ត្រូវក្រុមជនបរទេសមួយក្រុមដឹកយកមកទុកចោលនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀងដោយជនរងគ្រោះមានជម្ងឺក្រពះពោះវៀនធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់។
បើតាមក្រុមគ្រូពេទ្យបានឲ្យដឹងថា ករណីនេះកើតឡើងកាលពីយប់ថ្ងៃអាទឹត្យ នៅវេលាម៉ោង៨និង15នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយរហូតមកដល់វេលាម៉ោង២និង១៣នាទីរសៀលថ្ងៃទី២២កញ្ញា២០២៤នេះជនរងគ្រោះឈ្មោះ RE VI បានសុំឲ្យកោះសន្តិភាព ទាក់ទង រកស្ថានទូត ឥណ្ឌូណេស៊ី មកជួយសង្គ្រោះ យកទៅប្រទេសឥណ្ឌូណេស៊ី វិញ។
ជាពិសេសជនរងគ្រោះកំពុង មានជម្ងឺធ្ងន់កំពុងសម្រាកព្យាបាល ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយគ្មានប្រាក់សូម្បីតែមួយរៀលជាប់ខ្លួន ហើយអាហារប្រចាំថ្ងៃ បានពីអ្នកមកកំដរអ្នកជម្ងឺ ឲ្យនិងជួយថែទាំ។
បើតាមជនរងគ្រោះបាន ប្រាប់កោះសន្តិភាពថា ខ្លួនត្រូវចាញ់បោកគេ មានជនជាតិឥណ្ឌូណេស៊ីដូចគ្នា ផ្ញើរ សារតាមផេក ជ្រើសរើសបុគ្គលិកធ្វើការ នៅប្រទេសកម្ពុជា ទទួលបានប្រាក់ខែ ច្រើន ជាង១ពាន់ដុល្លារទៅ២ពាន់ដុល្លារ ។ ដោយជនរងគ្រោះ ជាកូនកំព្រា រស់នៅជាមួយបង គ្មានការងារធ្វើ ក៏ទំនាក់ទំនងមកតាមផេក ដែលផ្ញើរសារទៅ ដាក់ប្រវត្តិរូបឲ្យពួកគេ គេក៏ទទួលឲ្យការងារធ្វើ។
បន្ទាប់មកក្រុមនោះបានឲ្យរូបគេ ធ្វើលិខិតឆ្លងដែន(Passport)និងវីសារ រួចទិញសំបុត្រយន្តហោះ ជិះពីប្រទេសឥណ្ឌូណេស៊ី ឆ្ពោះមក ប្រលានភ្នំពេញកម្ពុជា ដោយមានក្រុមបុគ្គលិកគេ ចាំទទួលនៅប្រលានយន្តហោះភ្នំពេញ។
ជនរងគ្រោះបន្តថា គ្រាន់តែមកដល់ប្រលានភ្នំពេញភ្លាម ក៏មានមនុស្ស២នាក់មកទទួលដឹកតាមរថយន្តតាក់ស៊ី ទៅក្រុងបាវិត ហើយបានដកយកលិខិតឆ្លងដែន ដកយកវីសារ និងឯកសារ លុយកាក់អស់ពីខ្លួនរួចយកគាត់ទៅដាក់នៅក្នុងបន្ទប់មួយ ដោយមានមនុស្សច្រើននាក់នៅធ្វើការទីនោះ។ ហើយគេដកទូរសព្ទ័ដៃយកទៅទុកហើយប្រាប់ថា គឺខំធ្វើការឈប់ទាក់ទងទៅខាងក្រៅ ពេលនោះទើបដឹងថាខ្លួនចាញ់បោកគេ ហើយ ។
ជនរងគ្រោះបានបញ្ជាក់ថា រូបគេចាញ់បោកគេមកប្រទេសកម្ពុជា អស់រយៈពេល២ឆ្នាំមកហើយ ក្នុងពាក់កណ្តាលឆ្នាំ២០២២។ធ្វើការគ្មានប្រាក់ខែ គឺគេឲ្យតែបាយហូប មិនទាំងឆ្អែតទៀតផង ។
ជនរងគ្រោះបន្តថា ដោយការហូបចុកមិនគ្រប់គ្រាន់និងមិនទៀងពេលទើបរូបគេ មានជម្ងឺ ចុកក្រពះ ធ្ងន់ធ្ងរក៏ត្រូវក្រុមហ៊ុនដឹកយកមកដាក់នៅក្នុងមន្ទីរពេទ្យហើយពួកគេត្រឡប់ទៅវិញបាត់។រូបគេគ្មានលិខិតឆ្លងដែន គ្មានលុយកាក់និងសំលៀកបំពាក់ទេមានតែមួយចង្កេះជាប់ខ្លួន។ទើបសុំឲ្យអាជ្ញាធរមូលដ្ឋានទាក់ទងទៅស្ថានទូត ប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅប្រទេសកម្ពុជា ជួយសង្គ្រោះ និងទទួលយករូបគេត្រឡប់ទៅផ្ទះនៅប្រទេសឥណ្ឌូណេស៊ីវិញផង។
ជនរងគ្រោះបានបញ្ជាក់ថា រូបគេ ក្រុមគ្រួសារមមានបងប្អូន០៣នាក់ស្រី០១នាក់រស់នៅប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែរូបគេបច្ចុប្បន្នមានសតិភ្លេចភ្លាំងច្រើន មិនចាំឈ្មោះបងប្អូន ស្រុកកំណើតផ្ទះភូមិឬខេត្តទេ។
ជាក់ស្តែងជនរងគ្រោះស្គមស្គាំងស្លេកខ្លាំង ខ្វះអាហារូបត្ថម្ភៈ ហើយដូចជាមានការភ័យខ្លាចមិនហ៊ាននិយាយប្រាប់អ្វីច្រើនទេ ចង់បានតែ ឲ្យស្ថានទូតឥណ្ឌូណេស៊ីមកជួយសង្គ្រោះខ្លួនយកទៅប្រទេសវិញតែប៉ុណ្ណោះ។
ទាក់ទិនករណីនេះដែរ លោកវេជ្ជបណ្ឌិត ប្រចាំការផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាពថា ជនរងគ្រោះមកដល់ក្នុងមន្ទីរពេទ្យភ្លាម ពិនិត្យឃើញថា ខ្វះជាតិស្ករធ្ងន់ធ្ងរ ខ្វះអាហារូបត្ថម្ភៈ ត្រូវសង្គ្រោះបន្ទាន់ បន្ទាប់មកគ្រូពេទ្យបានរាយការទៅ អាជ្ញាធរមូលដ្ឋានហើយក៏ប៉ុន្តែមិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចណា មកពិនិត្យដោះស្រាយទេរហូតមកដល់ថ្ងៃទី២២កញ្ញា២០២៤នេះ។
ទាក់ទិនករណីនេះដែរ លោកវេជ្ជបណ្ឌិតគុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍តាមទូរសព្ទ័នារសៀលថ្ងៃទី២១កញ្ញាថា លោកមន្ទាន់ជ្រាបទេចាំលោកទំនាក់ទំនងលោកប្រធានមន្ទីរពេទ្យសិនចាំផ្តល់ព័ត៌មានពេលក្រោយ។
លោកម៉ែនអេង អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ ថា លោកជាប់ធុរៈជូនម្តាយសម្រាកព្យាបាលនៅរាជធានីភ្នំពេញ លោកនិងប្រាប់ទៅលោកស្នងការនគបាលខេត្តដើម្បីធ្វើការ ដោះស្រាយ ៕
ចែករំលែកព័តមាននេះ