ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​សម្រេច​ដកខ្លួន​ចេញពី​គម្រោង (CLV-DTA) ចាប់ពី​ថ្ងៃ​ទី​២០ កញ្ញា ២០២៤

7 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រកាស​ពី​ការ​សម្រេច​របស់​កម្ពុជា ​ក្នុង​ការ​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រកាស​ពី​ការ​សម្រេច​របស់​កម្ពុជា ​ក្នុង​ការ​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤ ​តទៅ ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ​ការ​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ដើម្បីដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​ កុំ​ឲ្យ​មាន​លទ្ធភាព​ញុះញង់​បោកប្រាស់​ប្រជាជន​កម្ពុជា​ តទៅ​ទៀត ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា​ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវ​បាន​អនុវត្ត​រយៈពេល​២៥​ឆ្នាំ មក​ហើយ​ និង​ក៏​បាន​កសាង​សមិទ្ធផល​ជា​ច្រើន សម្រាប់​ការ​អភិវឌ្ឍ​ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌល​គី​រី និង​រតនគិរី​។ ​ប៉ុន្តែ​កន្លង​ទៅ​នេះ ​ក្រុម​ជ្រុលនិយម បាន​ចាប់​យក​ចំណុច​នេះ ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូត​កុហក​ឥត​ឈប់​ឈរ ​ចំពោះ​ប្រជាជន ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​មានការ​ភ័ន្ត​ច្រឡំ ដូច​ជា ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​បាន ​កាត់​ទឹកដី​ នៃ​ខេត្ត​ទាំង ៤ នៃ​ភាគ​ឦសាន​ ឱ្យទៅ​បរទេស​ជាដើម ហើយ​ចុង​ក្រោយ​នេះ ក៏​បាន​ប្រើ​រឿង​នេះ ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត ​នូវ​ផែនការ ១៨ សីហា ក្នុង​ការ​ប៉ុនប៉ង​អុកឡុក​បង្ក​អ​ស្ថិរភាព​ដល់​សង្គម​ជាតិ​ ។

សម្តេច​តេ​ជោ ​បាន​លើក​ឡើង​ទៀត​ថា ​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ ទាំង​វិធានការ​អប់រំ​ផ្សព្វផ្សាយ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​កិច្ច​សហប្រតិបត្តិការ CLV-DTA និង​ល្បិច​កល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​ ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ធ្វើ​ឱ្យ «​ផែនការ ១៨ សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ បាន​បរាជ័យ​ទាំងស្រុង ហើយ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវ​បាន​ធានា​យ៉ាង​រឹង​មាំ ​។

សម្តេច​ថា ​ទោះបី​ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុលនិយម ​បាន​រលាយ​ទាំងស្រុង​ហើយ​ក្តី​ ប៉ុន្តែ​ជា​របៀប​ធ្វើការ​របស់ ហ៊ុន សែន គឺ «​មិន​អង្គុយ​បក់ផ្សែង​នោះ​ទេ គឺ​ត្រូវ​ពន្លត់ភ្លើង​ទាំងស្រុង​»​ ។

សម្តេច​តេ​ជោ​ បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា ​ដោយ​គិតគូ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ ដើម្បី “​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​” កុំ​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត​ ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​យើង​បាន​សម្រេចចិត្ត​ថា កម្ពុជា​បញ្ចប់​ការ​ចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង ប្រទេស​ឡាវ រួច​ហើយ​ដែរ​។

សម្តេច​តេ​ជោ ​បាន​គូសបញ្ជាក់​ថា ​៖ “​យើង​បន្ត​អភិវឌ្ឍ​លើ​ទឹកដី​របស់​យើង ដោយ​មាន​កិច្ចសហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និងប្រទេស​ ជាមួយ​អាស៊ាន​ ជាមួយ CLMV ជាមួយ ACMECS ជាមួយ GMS និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ នៅ​លើ​សកលលោក​”​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​ បាន​បន្ថែម​ថា ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ប្រជាជន​យើង​បាន​ចូលរួម នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​នេះ ហើយ​រាជរដ្ឋាភិបាល ​ក៏​បាន​ប្រកាស​ដាក់​ចេញ​រួច​ហើយ នូវ​ការ​រៀបចំ​កញ្ចប់​គោលនយោបាយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ភាគ​ឦសាន​របស់​កម្ពុជា ​។

សម្តេច​តេ​ជោ ​បាន​គូសបញ្ជាក់​ថា ​”​ពួក​ជ្រុលនិយម​អាច​ឆ្លៀតឱកាស​ប្រកាស​ពី​ជោគជ័យ​របស់​គេ​លើ​ការ​ទាមទារ​នេះ តែ​ពួក​គេ​បាន​បាត់បង់​អាវុធ​ដ៏​សំខាន់​ដែល​ពួក​គេ​ធ្លាប់ កាន់​វាយ​រាជរដ្ឋាភិបាល​។ ម្យ៉ាងទៀត ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ស្ថិត​នៅ​លើ​រាជរដ្ឋាភិបាល​ចេះ​ដោះស្រាយ កង្វល់​របស់​ប្រជាជន និង​ចេះ​ដក​អាវុធ​ចេញពី​ដៃ​សត្រូវ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ