ទីក្រុងយេរូសាឡឹម៖ ថ្មីៗនេះ សមត្ថកិច្ចអ៊ីស្រាអែលចាប់ខ្លួនជនជាតិរបស់ខ្លួនម្នាក់ពីបទសង្ស័យថាត្រូវអ៊ីរ៉ង់ទិញទឹកចិត្តបានដើម្បីធ្វើឃាតមន្ត្រីកំពូលៗរួមទាំងលោកណឺតាន់យ៉ាហ៊ូផងដែរ។ អ៊ីស្រាអែលសរសេររៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាជនជាតិអ៊ីស្រាអែលម្នាក់បានទទួលការចាត់តាំងពីភ្នាក់ងារសម្ងាត់របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតឥស្សរជននយោបាយអ៊ីស្រាអែល។ ម្នាក់នោះត្រូវគេដឹកយកទៅអ៊ីរ៉ង់២ដង និងទទួលបានលុយកាក់មួយចំនួនបើអនុវត្តផែនការនេះបានសម្រេច។
នៅក្នុងចំណោមគោលដៅដែលត្រូវធ្វើឃាតនោះមានដូចជា៖ លោកណឺតាន់យ៉ាហ៊ូ, រដ្ឋមន្ត្រីការពារជាតិ និងប្រធានផ្នែកស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល។ សារព័ត៌មានអ៊ីស្រាអែលចុះផ្សាយថាបុរសដែលត្រូវចាប់ខ្លួននោះឈ្មោះម័រដឺឆៃ ម៉ាម៉ាន់ (Mordechai Maman) កើតនៅឆ្នាំ១៩៥២។ គាត់ត្រូវចាប់ខ្លួនយកទៅឃុំឃាំងចាប់តាំងពីថ្ងៃទី២៩ ខែសីហា។
នគរបាល និងអង្គភាពស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលបានចេញសេចក្ដីថ្លែងការណ៍រួមមួយដែលមានសេចក្ដីជាអាទិ៍ថា «អ្នកជំនួញម្នាក់រស់នៅប្រទេសតួកគីអស់រយៈពេលជាយូរ ហើយនៅតែបន្តទាក់ទងជាមួយពួកតួកគី និងអ៊ីរ៉ង់។ ពួកនេះណែនាំគាត់ឱ្យស្គាល់គ្នាជាមួយអ្នកជំនួញជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះអេឌី (Eddie)។ ជនសង្ស័យរូបនេះទៅប្រទេសអ៊ីរ៉ង់ជាលើកដំបូងកាលពីខែឧសភា ឆ្នាំ០២៤ដើម្បីជួបអេឌីដោយសារពេលនោះអេឌីពិបាកធ្វើដំណើរចេញក្រៅប្រទេសអ៊ីរ៉ង់»។
ក្រោយមក គាត់ជួបបុរសម្នាក់ទៀតឈ្មោះហាចា (Hajjah) ដែលជាភ្នាក់ងារសន្តិសុខអ៊ីរ៉ង់។ ជនសង្ស័យត្រូវអ៊ីរ៉ង់បបួលសហការគ្នាដើម្បីឱ្យគាត់ចេញបេសកកម្មសម្ងាត់នៅអ៊ីស្រាអែលដូចជាវេរលុយ ឬកាំភ្លើង, ថតរូបហ្វូងមនុស្សនៅទីសាធារណៈ និងគំរាមកំហែងជនជាតិអ៊ីស្រាអែលដទៃទៀតដែលទទួលបញ្ជាពីអ៊ីរ៉ង់។ កាលពីខែឧសភា គាត់ត្រូវគេដឹកចូលប្រទេសអ៊ីរ៉ង់ជាលើកទី២ដើម្បីជួបទីភ្នាក់ងារសម្ងាត់របស់អ៊ីរ៉ង់ដទៃទៀត។
អ៊ីរ៉ង់បានបញ្ជាឱ្យគាត់ប្រព្រឹត្តអំពើភេរវកម្មនៅលើទឹកដីអ៊ីស្រាអែល និងទាក់ទងមនុស្សដើម្បីធ្វើឃាតឥស្សរជននយោបាយ និងថ្នាក់ដឹកនាំ។ គម្រោងធ្វើឃាតខ្លះត្រូវពួកគេប្រាប់គាត់ថាដើម្បីសងសឹកឱ្យការបាញ់សម្លាប់មេដឹកនាំក្រុមហាម៉ាស់ឈ្មោះ អ៊ីស្មាអ៊ីល ហានីយេកាលខែកក្កដា។ អ៊ីរ៉ង់ និងក្រុមហាម៉ាស់ចោទថាករណីស្លាប់មេដឹកនាំរូបនេះជាស្នាដៃរបស់អ៊ីស្រាអែល។
ជនសង្ស័យម្នាក់នេះត្រូវអ៊ីរ៉ង់ចាត់តាំងឱ្យធ្វើកិច្ចការដទៃទៀតដូចជាដើរទាក់ទងភ្នាក់ងារសម្ងាត់ម៉ូសាត (Mossad) របស់អ៊ីស្រាអែលដើម្បីធ្វើការឱ្យអ៊ីរ៉ង់។ គាត់ទារលុយមួយលានដុល្លារដើម្បីធ្វើកិច្ចការនេះ ប៉ុន្តែអ៊ីរ៉ង់ឱ្យគាត់៥ពាន់អឺរ៉ូ។ ពួកគេប្រាប់ថានឹងបន្តទាក់ទងទៅគាត់នៅពេលក្រោយៗទៀត។ មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលយល់នេះជាសំណុំរឿងដ៏ក្ដៅគគុកដែលបកអាក្រតមុខមាត់របស់អ៊ីរ៉ង់ពីបទតែងតាំងជនជាតិអ៊ីស្រាអែលដើម្បីប្រព្រឹត្តអំពើភេរវកម្មនៅលើទឹកដីអ៊ីស្រាអែលខ្លួនឯង។
យោងតាមការចុះផ្សាយរបស់កាសែតអ៊ីស្រាអែល, ជនជាប់ចោទរូបនេះប្រាប់មេធាវីរបស់ខ្លួនថាខ្លួនប៉ាន់ស្មានខុសនៅក្នុងរឿងនេះ។ ដូច្នេះ ខ្លួននឹងសហការជាមួយសមត្ថកិច្ចអ៊ីស្រាអែលដើម្បីស៊ើបអង្កេតរឿងនេះឱ្យដឹងសខ្មៅជាមួយគ្នាម្ដង និងដើម្បីសាងភាពស្អាតស្អំឡើងវិញ។ គាត់យល់ថាជារឿងល្អម៉្យាងដែរដែលសមត្ថកិច្ចអ៊ីស្រាអែលចាប់ខ្លួនគាត់បាននៅក្នុងពេលនេះ។ បើមិនអីចឹងទេគាត់មិនដឹងថាតើដំណើររឿងនេះមិនដឹងវែងឆ្ងាយដល់ណាទៀតទេ៕
ចែករំលែកព័តមាននេះ