ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ឆ្នាំ​២០២៥ ​ចំនួន ​២០៨ ​ដុល្លារ​សហរដ្ឋ​អាម៉េរិក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ ​២០២៥ ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ​ចំនួន​ ២០៨…

រាជធានីភ្នំពេញ​ ៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ ​២០២៥ ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ​ចំនួន​ ២០៨ ដុល្លារ​សហរដ្ឋ​អាម៉េរិក ដោយ​ភាគី​សហជីព​តំណាង​កម្មករនិយោជិត និង​និយោជក​ឯកភាព​គ្នា​លើ​តួលេខ​ចំនួន ២០៦ ដុល្លារ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែម​ជូន ២​ ដុល្លារ​ ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​តំណាង​ភាគី​រាជរដ្ឋាភិបាល តំណាង​សហជីព​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ​២០២៤​ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ជា​យន្តការ​ត្រីភាគី និង​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករនិយោជិត តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំ​ចំនួន ១៥​លើក​។ ដោយ​ឈរ​លើ​គោលការណ៍​ប្រជា​ធិ​តេ​យ្យ ស្មារតី​មិត្តភាព សហប្រតិបត្តិការ តម្លាភាព និង​ប្រកាន់​យក​គោលការណ៍​ឈ្នះ​-​ឈ្នះ ​។ ឯកឧត្តម​បន្ដ​ថា ទោះបីជា​មាន​កិច្ចប្រជុំ ១៥​លើក ភាគី​ពាក់ព័ន្ធ​មិន​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើ​តួលេខ​ណាមួយ​ឡើយ ដោយ​តំណាង​ភាគី​កម្មករនិយោជិត​បាន​លើក​នូវ​តួលេខ​ចំនួន ២​ផ្សេង​គ្នា គឺ​តួលេខ ២០៦​ដុល្លារ​អា​មេ​រិ​ក និង ២១៤​ដុល្លារ​អា​មេ​រិ​ក រីឯ​តំណាង​ភាគី​និយោជក បាន​ដំឡើង​ដល់​តួលេខ​ចំនួន ២០៦ ដុល្លារ​អា​មេ​រិ​ក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ដោយ​ឈរ​លើ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ កំណត់​យក​តួលេខ ២០៦​ដុល្លារ​អា​មេ​រិ​ក ​។

យោង​តាម​មាត្រា​១២ នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​អនុវត្ត​នូវ​នីតិវិធី​បោះ​ឆ្នោត​ជា​សម្ងាត់ ដើម្បី​គាំទ្រ​លេខនី​មួយ​ៗ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ​៖

តួលេខ​ចំនួន ២០៦ ​ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​សំឡេង​ឆ្នោត ៤៦​សំឡេង​លើ ៥១​សំឡេង​, តួលេខ​ចំនួន ២០៨​ ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​សំឡេង​ឆ្នោត ១​សំឡេង លើ ៥១​សំឡេង​, តួលេខ​ចំនួន ២១៤​ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​សំឡេង​ឆ្នោត ៤​សំឡេង​លើ ៥១ ​សំឡេង និង​សំឡេង​មិន​បានការ​ចំនួន​០ ​។ដូចនេះ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ស្នើ​តួលេខ​ចំនួន ២០៦​ដុល្លារ​អា​មេ​រិ​ក ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​សម្រាប់​ឆ្នាំ​២០២៥ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ មាន​ប្រសាសន៍​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន ២​ដុល្លារ​អា​មេ​រិ​ក លើ​ទឹកប្រាក់​ចំនួន ២០៦​ដុល្លារ​អា​មេ​រិ​ក​។ ដូច្នេះ​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប នឹង​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨​ដុល្លារ​អា​មេ​រិ​ក​ ។

ទន្ទឹម​គ្នា​នេះ ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​កម្មករនិយោជិត​ធ្លាប់​ទទួល​បាន​កន្លង​មក ត្រូវ​បាន​រក្សា​ទុក​នៅ​ដដែល​មាន​ដូច​ជា ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន ៧​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ប្រាក់​រង្វាន់​ធ្វើ​ការងារ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២ ០០០​រៀល​ក្នុង​មួយ​ថ្ងៃ ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥត​គិតថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី ២​ដុល្លារ​អា​មេ​រិ​ក​ដល់ ១១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​សម្រាប់​កម្មករនិយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១​ ។

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ដ៏​មុត​ស្រួច​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ​១៩ សំដៅ​ការពារ​អាយុជីវិត និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង ការ​ទាក់ទាញ​វិនិយោគ​ថ្មី​ៗ និង​ការ​បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ។

ជា​ពិសេស​សម្តេច​ធិ​បតី​បាន​សម្រេច​ផ្ដល់​ប្រាក់​បន្ថែមចំនួន ២ (​ពីរ​) ដុល្លារ​អា​មេ​រិ​ក លើ​តួលេខ​ដើម​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ការ​បន្ថែម​នេះ​នឹង​រួមចំណែក​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប និង​ក្រុម​គ្រួសារ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ជាង​មុន ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​ថ្លែងអំណរគុណ​ដល់ ​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ប្រកបដោយ ការ​ទទួលខុសត្រូវ និង​កាន់តែ​មាន​ភាព​ចាស់ទុំ​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ​២០២៥​ ខាង​មុខ​នេះ​ ៕ អត្ថបទសហការ