ខេត្តកំពង់ចាម: ក្រោយពីទទួលបានព័ត៌មានថាទូកចម្លងដឹកប្រជាពលរដ្ឋបានលិចនៅចំណុចព្រែកតាឃ្លោក ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត
អមដំណើរដោយសហការី បានចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញាឆ្នាំ២០២៤។ជាមួយនោះបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយផ្អាកការចម្លងនៅទីនេះខ្លាចមានគ្រោះថ្នាក់បន្តទៀត។
អ្នកស្រីស៊ុន ចន្ថា មេឃុំកោះសូទិនមានប្រសាសន៍ឲ្យដឹងថា: ទូកចម្លងចំនួន២គ្រឿងត្រូវគេដាក់ចងផ្អោបគ្នាដោយក្រាលក្តារពីលើ ដើម្បីចម្លងអ្នកជិះកង់ឬម៉ូតូ ត្រង់ចំណុចព្រែកតាឃ្លោក។ ចៃដន្យដោយសារម្ចាស់ទូកឈ្មោះចាប សុខុម ភេទប្រុស អាយុជាង ៥០ឆ្នាំ នៅភូមិកោះព្រលួង បានដឹកមនុស្សជាង១០នាក់និងម៉ូតូ៨គ្រឿងដោយឆ្លងពីទួលគរក្នុងដីឃុំកោះមិត្ត ឆ្ពោះមកកាន់ត្រោយម្ខាងទៀតនៅក្នុងឃុំកោះសូទិន ស្រាប់តែមកដល់ត្រង់ចំណុចកណ្ដាលព្រែក ជាហេតុបណ្ដាលឱ្យលិចហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៨ កញ្ញា សំណាងមិនមានអ្នកស្លាប់នោះទេដោយគ្រាន់តែខូចខាតម៉ូតូ។
មេឃុំកោះសូទិន មានប្រសាសន៍បន្តថាយោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យផ្អាកឆ្លងទូកដរត្រង់ចំណុចព្រែកតាឃ្លោក ព្រោះឃើញទូកតូចពេកដឹកអ្នកដំណើរច្រើនខ្លាចមានគ្រោះថ្នាក់បន្តទៀត។ដោយណែនាំឱ្យប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវបេតុងត្រង់ចំណុចភូមិកោះព្រលូងវិញ ទីនោះមានទូកធំហើយធានាសុវត្ថិភាពដល់អ្នកដំណើរ។ចំពោះម្ចាស់ទូកដែលដឹកលើសចំណុះធ្វើឱ្យលិចបណ្ដាលឱ្យម៉ូតូ៨គ្រឿង ត្រូវលិចចូលក្នុងទឹកព្រែក ចំណែកមនុស្សវិញពុំមានអ្នកណាគ្រោះថ្នាក់នោះទេ។ព្រោះបាននាំគ្នាជួយសង្គ្រោះទាន់ពេលវេលាហើយត្រង់ចំណុចកន្លែងលិចនោះទឹកមានជម្រៅប្រហែលត្រឹមទ្រូងមនុស្សចាស់ ម្ចាស់ទូកបានយល់ព្រមសំណងការខូចខាតមួយចំនួនដល់ម្ចាស់ម៉ូតូហើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទូកនេះផងដែរ។
បន្ទាប់ពីឯកឧត្តមអភិបាលខេត្តណែនាំ គឺកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះសូទិន បានចុះពិនិត្យតាមព្រែកមួយចំនួនក្នុងភូមិសាស្ត្រឃុំកោះសូទិន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ គឺត្រូវប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនធុនធំ ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាណាមួយកើតឡើង។ព្រោះពេលនេះដល់រដូវធ្វើបុណ្យដាក់ទានប្រជាពលរដ្ឋឆ្ងាយជិតតែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌ ៕
ចែករំលែកព័តមាននេះ