ខេត្តក្រចេះ ៖ គិតត្រឹមវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ បានរំកិល ២០.៦៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ២២ម៉ែត្រ ។
ទន្ទឹមការកើនឡើងនៃកម្ពស់ទឹកខាងលើ លោក គង់ គឹមនី អភិបាល រងទទួលបន្ទុកគ្រោះមហន្តរាយថ្នាក់ខេត្ត បានមានប្រសាសន៍ថា ៖ ការជះឥទ្ធិពលពីចំហាយនៃខ្យល់ព្យុះពីប្រទេសជិតខាង និងមានភ្លៀងធ្លាក់ផងនោះ ខេត្តក្រចេះក៏បានរងផលប៉ះពាល់ទៅដល់ឃុំ ចំនួន១៨ឃុំ ក្នុងស្រុកចំនួន៤ គឺស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងស្រុកសំបូរ ។
ក្នុងនោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុប ចំនួន១.៧០១ គ្រួសារស្មើនឹង៦.៣៧៩នាក់ ស្រីចំនួន ៣.៧៤៨ នាក់ ។ លិចផ្ទះប្រជាពលរដ្ឋ ចំនួន១៩៣ខ្នង សាលារៀនចំនួន ៤កន្លែង វត្ត និងវិហារសាសនា ចំនួន៣ កន្លែង និងអាគារដ្ឋបាល១កន្លែង ។
ចំណែកវិស័យកសិកម្មរងផលប៉ះពាល់ដល់ស្រូវសន្ទូង និងពង្រោះសរុបចំនួន ១.១២៤ ហិកតា និងដំណាំរួមផ្សំ សរុបចំនួន៣៩ហិកតាព្រមទាំងជម្លៀសសត្វគោ ក្របី សរុបចំនួន៧៨០ក្បាល ។
លោកអភិបាលរងបន្តថា ៖ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធរងផលប៉ះ ពាល់ដោយមានការលិចផ្លូវគ្រួសក្រហម ប្រវែងសរុប៣៥.៦០០ម៉ែត្រ ផ្លូវបេតុងប្រវែងសរុប២៣៥ម៉ែត្រ ស្ពានឈើ៦កន្លែង លូកាត់ផ្លូវចំនួន ១៦កន្លែង ទំនប់ទឹកប្រវែងសរុប ៥.៨៨៧ម៉ែត្រ ទ្វារទឹកចំនួន១៣ម៉ែត្រ និងស្រះទឹក៣កន្លែង ។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំ បានយកចិត្តទុកដាក់ចុះពិនិត្យស្ថានភាពនិងត្រៀម កម្លាំង សម្ភារ និងមធ្យោបាយចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងករណីទឹកនៅបន្តកើនឡើង ។ ត្រៀមជម្លៀសប្រជាពលរដ្ឋទៅទីកន្លែងដែលមានសុវត្ថិភាពរួចរាល់ ៕
ចែករំលែកព័តមាននេះ