រាជធានីភ្នំពេញ ៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា បានកំពុងផ្លាស់ប្តូររីកចម្រើនយ៉ាងឆាប់រហ័ស ទាំងការបម្រើសេវាកម្មនៅតាមរដ្ឋបាលសាធារណៈ និងវិស័យឯកជន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងអ្នកប្រើប្រាស់និងអ្នកធ្វើអាជីវកម្ម ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកម្មវិធី CamTech Summit ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅពេលយើងពិភាក្សាអំពី Fintech វាជារឿង សំខាន់ក្នុងការយល់ដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់បម្រើជាឆ្អឹងខ្នង នៃប្រព័ន្ធអេកូទាំងមូល, បច្ចេកវិទ្យាហិរញ្ញវត្ថុមិនត្រឹមតែជា មធ្យោបាយនៃប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូន រវាងអ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ ។ ប្រព័ន្ធទូទាត់ប្រកបដោយប្រសិទ្ធភាព បានជួយសម្រួលដល់ការជឿទុកចិត្ត បង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងជំរុញការច្នៃប្រឌិត ដោយផ្តល់នូវក្របខ័ណ្ឌចាំបាច់ សម្រាប់សេវាកម្មហិរញ្ញវត្ថុផ្សេងៗឱ្យរីកចម្រើន ។
នាឪកាសនោះលោកជំទាវបណ្ឌិត ក៏បានចែករំលែកអំពីការអភិវឌ្ឍន៍ ដែលធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេស ។ រហូតមកដល់ ពេលនេះ ធនាគារជាតិនៃកម្ពុជាបានទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយបានដាក់ចេញនូវគំនិតផ្តួច ផ្តើម សំខាន់ៗជាច្រើន រួមទាំងប្រព័ន្ធជម្រះបញ្ជីជាតិ នៃការទូទាត់សេវាធនាគារ តាមអ៉ីនធឺណិត NBC-Platform, Cambodian Shared Switch និង BAKONG ច្នៃប្រឌិត ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណង ធ្វើឱ្យសេវាកម្មបង់ប្រាក់កាន់តែងាយស្រួលប្រើ ប្រាស់ ជាពិសេសសម្រាប់បុគ្គល និងអាជីវកម្ម ដែលរស់នៅក្នុងតំបន់ជនបទ ការលើកទឹកចិត្តមនុស្សគ្រប់គ្នា ដើម្បីចូលរួមក្នុង ប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល ។
នេះជាភាពអស្ចារ្យ ដែលយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដោយបានកើនឡើងគួរឱ្យកត់ សម្គាល់ នៅក្នុងឌីជីថលផងដែរដូចជា វិធីសាស្ត្រទូទាត់ដូចជា ការបង់ប្រាក់ KHQR Code ជាដើម ។ បច្ចេកវិទ្យានេះបានផ្លាស់ប្តូរ យ៉ាងពិតប្រាកដដូចជា ការបង់ថ្លៃទំនិញ និងសេវាកម្ម ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ និងអ្នកអាជីវកម្ម ។
ជុំវិញ Fintech នេះ, CamTech Summit ផ្តល់ឱកាសពិសេសមួយ ក្នុងការប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ និយតករ អាជីវកម្ម និងអ្នកដឹកនាំបច្ចេកវិទ្យានៅលើវិស័យផ្សេងៗ សម្រាប់បម្រើជាវេទិកា ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរករួមគ្នា នូវឱកាស និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា Fintech និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាដើម ។
លោកជំទាវបណ្ឌិត ជា សិរី បន្តថាទាក់ទិនបច្ចេកវិទ្យា Fintech នេះដែរ, និស្សិតដែលសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) និងនិស្សិតមក វិទ្យាស្ថាន វ៉ាន់ដា លើកឡើងថា ជុំវិញការបង្កើតឱ្យមានព្រឹត្តិការណ៍ CamTech Summit 2024 ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យសិស្ស-និស្សិត បានស្វែងយល់បន្ថែម អំពីវិស័យបច្ចេកវិទ្យា ខណៈដែលបច្ចេកវិទ្យាបានកំពុងដើរឆ្ពោះទៅមុខ ក្នុងនោះសម្រាប់ បច្ចេកវិទ្យា Fintech ក៏កំពុងមានការរីកចម្រើនគួរកត់សម្គាល់ផងដែរ ហើយរំពឹងថា នៅពេលខាងមុខវិស័យនេះរីកចម្រើនកាន់តែខ្លាំង បន្ថែមទៀត សម្រាប់បម្រើដល់អ្នកប្រើប្រាស់ និងអ្នកធ្វើអាជីវកម្ម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ