រាជធានីភ្នំពេញ ៖ ផ្តើមចេញពីជ្រុងមួយ នៅវត្តទួលទំពូងនៃរាជធានីភ្នំពេញ ខណៈគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ មានមនុស្សម្នាច្រើនកុះករ ទៅវត្តអារាមយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ត ។
ជាការពិតទិដ្ឋភាព ក្នុងថ្ងៃទី១ ឃើញថា មានមនុស្សម្នាច្រើនកុះករ បើងាកមកទិដ្ឋភាពក្នុងថ្ងៃនេះ ឃើញថា វត្តទួលទំពូងមានការលក់ផ្កាប្តូរលុយកាក់កាត់ទឹក ការលក់ដូរនំនែក ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ វត្តទួលទំពូងនៅតែរក្សាបាននូវសណ្តាប់ធ្នាប់ទុកដាក់ស្បែកជើង ។ តស់មកដឹងពីមូលហេតុនៃការទុកដាក់ស្បែកជើង ក្រោយវត្តមួយនេះ មានទូរដាក់ស្បែកជើង ដែលធ្វើអោយពុទ្ធបរិស័ទមានភាពងាយស្រួល មិនលំងាក បាត់ស្បែកជើង ឬប្រឡាក់ស្បែកជើងជាដើមនោះ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោកគុណម្ចាស់ សយ សុភារៈ មានសង្ឃដីកាថា ច្រើនឆ្នាំមកហើយដែលវត្តទួលទំពូងបានរៀបចំធ្នើរដាក់ស្បែកជើងនេះឡើង គឺដើម្បីអោយបងប្អូនពុទ្ធបរិស័ទ មានភាពងាយស្រួយ ក្នុងការទុកស្បែកមានសណ្តាប់ ហើយជាពិសេសនោះ ចៀសវាងការរអិល ឬគ្រោះថ្នាក់ផ្សេង ។
បើងាកមកទិដ្ឋភាពក្នុងថ្ងៃនេះ គុណម្ចាស់ សយ សុភារៈ មានថេដីកាបន្តថា ឆ្នាំនេះមិនខុសពីឆ្នាំរាល់ដងនោះទេ ពោលមានបងប្អូនប្រជាពលរដ្ឋមកច្រើនកុះករដូចឆ្នាំធម្មតា តែបើតាមការកត់សម្គាល់របស់ព្រះអង្គ មនុស្សមកវត្តអារាមច្រើនបំផុតក្នុងថ្ងៃចុងសប្តាហ៍ ។
បើក្រឡេកមកបទសម្ភាសន៍ជាមួយ កញ្ញា អ៊ុន ឆេងហ៊ាង ដែលជានិស្សិតមកជួយសម្រួលការងារ នៅវត្តទួលទំពូង ផ្នែកដាក់ស្បែកជើង កញ្ញាថា ឆ្នាំនេះពិតជាមានអារម្មណ៍ថា សប្បាយរីករាយដែលបានជួយការងារមួយនេះ ។ កញ្ញា អ៊ុន ឆេងហ៊ាង បន្ថែមទៀតថា មូលហេតុដែលដាក់ធ្នើរស្បែកជើងនេះ ដើម្បីភាពងាយស្រួល ក្នុងទុកដាក់ស្បែកជើង អោយមានសណ្តាប់ធ្នើរ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុនោះ ។
ជាចុងក្រោយ កញ្ញា អ៊ុន ឆេងហ៊ាងសំណូមពរ ប្រសិនបើអាច គួរមានធ្នើរដាក់ស្បែកជើង ដើម្បីភាពងាយស្រួលក្នុងការទុកដាក់ ជាពិសេស ដើម្បីជួយសម្រួលដល់អ៊ំៗ លោកយាយលោកតាដែលចាស់ នៅក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ