ខេត្តស្ទឹងត្រែង ៖ ទឹកទន្លេមេគង្គនៅក្នុងខេត្តបានរំកិលឡើងក្នុងកម្ពស់៩.៥៥ម៉ែត្រ បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រកាសនាព្រឹកថ្ងៃទី១៨ កញ្ញា ២០២៤ នេះ ។
ក្នុងស្ថានភាពមេឃស្រទុំ និងមានធ្លាក់ភ្លៀងបន្ថែមនៅបែកខាងលើ កម្ពស់ទឹកនឹងហក់ឡើងបន្តទៀត គឺអាចប្រកាសលើកកម្ពស់ការប្រុងប្រយ័ត្ន និងការពារផ្នែកសុវត្ថិភាពផង ។ ហើយកត្តានេះ ក៏តម្រូវឱ្យប្រជាកសិករគិតគូរពីការងារប្រមូលផលដំណាំកសិកម្ម ដែលអាស្រ័យនៅតាមជួមាត់ទន្លេ ។
នាថ្ងៃទី១៨ កញ្ញា លោកលំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជាក់ថា ទឹកទន្លេមេគង្គមិនទាន់អាចឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយទេ ។ ដូចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋយើង រស់នៅតាមជួរដងទន្លេមេគង្គ សេសាន សេកុង ស្រែពក ត្រូវលើកកម្ពស់ការពារផ្នែកសុវត្ថិភាពក្នុងការរស់នៅ ។
លោកបន្ថែមថា ឆ្នាំនេះ ទឹកទន្លេមេគង្គមានបរិមាណខ្ពស់ជាងឆ្នាំ២០២៣ ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង ចំណែកនៅប្រទេសឡាវ-រៀតណាម ក៏មានទឹកឡើងខ្លាំងដែរ ទើបឥទ្ធិពលនៃលំហូរទឹកមកដល់ប្រទេសកម្ពុជាយើងបែបនេះ ។ លោកបន្ថែមថា នៅឆ្នាំ២០២៤ ទឹកមានកម្រិតហូរចូលព្រែក បំពេញបឹង បួរ សម្រាប់កសិករយើងប្រើប្រាស់បានតាមតម្រូវការ ជាកត្តាមួយសម្រាប់កសិករប្រុងប្រៀបរៀបចំធ្វើការងារបង្កបង្កើនផលស្រែចំការពេញបរិបូរណ៍ ។
លោក ម៉ែន គុង នាយរងរដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ពាក់ព័ន្ធទឹកភ្លៀងនៅក្នុងខេត្តស្ទឹងត្រែង ពុំមានអ្វីប្រែប្រួលនោះឡើយ ដោយឡែក នៅស្រុកបុរីអូរស្វាយសែនជ័យ ភូមិព្រះរំកិល មាមការបាក់ជំរៀលច្រាំងនៅស្រុកសេសាន ទឹកជន់លិចបន្តិចបន្តួច ស្រុកសៀមបូកប៉ះពាល់ផ្ទៃដីបង្កបង្កើនផលនៅឃុំអូរម្រះ និងឃុំស្រែក្រសាំង ។
លោកឃួន រ៉ានី ប្រជាកសិករនៅភូមិហាងខូសួន សង្កាត់សាមគ្គី បញ្ជាក់ថា តាមការឱ្យដឹងពីមន្ទីរធនធានទឹក និងឧតុនិយម របបទឹកភ្ញៀងមានជាហូរហែឆ្នាំនេះ មានភ្លៀងច្រើន កសិករធ្វើស្រែស្រូវបានរួចរាល់ហើយ តែព្រួយខ្លាចទឹកលិចខូចអស់ទៅវិញតែប៉ុណ្ណោះ ។
លោកបន្តថា នេះជាកត្តាធម្មជាតិដែលកសិករយើងជួបប្រទះជាហូរហែមកហើយ តែការធ្វើការងារកសិកម្មបច្ចុប្បន្នកសិករ ភាគច្រើនបានផ្លាស់ប្តូរទំលាប់ទៅធ្វើតាមបច្ចេកទេស ហើយសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ កញ្ញា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមានកម្រិតកម្ពស់៩.៥៥ម៉ែត្រ ទន្លេសេកុង៧.៦៤ម៉ែត្រ និងទន្លេសេសាន៧.៧២ម៉ែត្រ៕
ចែករំលែកព័តមាននេះ