ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគាជាតិនៃកម្ពុជា គ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មី រួមបញ្ចូលគ្នារវាងប្រព័ន្ធ QR Code ប្រាក់រៀល និងប្រព័ន្ធ QR Code ប្រាក់ដុល្លារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគាជាតិនៃកម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មី ដែលជាការរួមបញ្ចូលគ្នារវាងប្រព័ន្ធ QR Code…

រាជធានីភ្នំពេញ ៖ ធនាគាជាតិនៃកម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មី ដែលជាការរួមបញ្ចូលគ្នារវាងប្រព័ន្ធ QR Code ប្រាក់រៀល និងប្រព័ន្ធ QR Code ប្រាក់ដុល្លារ ទៅជាប្រព័ន្ធ QR Code តែមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន និងភ្ញៀវទេស ចរបរទេស ក្នុងប្រតិបត្តិការទូទាត់ប្រាក់ ជាពិសេសក៏ជាផ្នែកដ៏សំខាន់មួយចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរផងដែរ ។

លោកជំទាវបណ្ឌិត ជា សិរី ដើម្បីសម្រួលដល់ដំណើរការប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានតម្រូវឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅទូទាំងប្រទេស ត្រូវបង្កើតគណនីជាប្រាក់រៀលខ្មែរ ជូនដល់អតិថិជនរបស់ខ្លួន ដោយឥតគិតកម្រៃសេវាឡើយ ។ នៅពេលប្រព័ន្ធ QR Code ថ្មីនេះ ដំណើរការជាផ្លូវការ នោះប្រព័ន្ធ QR Code ដែលសាធារណជន កំពុងប្រើប្រាស់សព្វថ្ងៃនេះ នឹងមិនអាចប្រើប្រាស់បានទៀតនោះទេ ។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា គម្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មីនេះ នឹងចាប់ផ្តើមដាក់ឲ្យអនុវត្តនាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងទុកពេលឲ្យបណ្តាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកទាំងអស់ បើកគណនីប្រាក់រៀលជូនអតិថិជនរបស់ខ្លួន ឲ្យបានគ្រប់គ្នា និងជំរុញការផ្សព្វផ្សាយពីការផ្លាស់ប្តូរនេះ ឲ្យសាធារណជនបានយល់ដឹងបានទូលំទូលាយជាមុនសិន ។

លោកជំទាវបណ្ឌិតបានពន្យល់ថា ការដាក់ឲ្យដំណើរការប្រព័ន្ធ QR Code រួមបញ្ចូលគ្នាតែមួយរវាងប្រាក់រៀល និងប្រាក់ដុល្លារនេះ ក្នុងគោលបំណងជំរុញការប្រើប្រាស់រៀលខ្មែរឲ្យកាន់តែទូលំទូលាយ, សម្រួលដល់ប្រតិបត្តិការទូទាត់របស់អ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន, ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស និងអ្នកធុរកិច្ចមកពីបណ្តាប្រទេស ដែលមានកិច្ចសហការទូទាត់ឆ្លងដែនតាម QR Code ដោយប្រើរូបិយវត្ថុជាតិទៅវិញទៅមកជាមួយកម្ពុជា និងរួមទាំងឆ្លុះបញ្ចាំពីភាពជឿន លឿនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងអំពីករណីមួយពាក់ព័ន្ធនឹងភ្ញៀវទេសចរថៃ ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងអំឡុងពេលភ្ញៀវទេសចរនោះទិញទំនិញ ក្នុងហាងមួយ ដោយគាត់ទូទាត់ថ្លៃទំនិញតាមរយៈ ស្កែន QR Code ជាប្រាក់បាតថៃ ទៅឲ្យហាងលក់ទំនិញនោះ តែការទូទាត់នោះមិនអាចធ្វើទៅបាន ដោយសារក្នុងហាងនោះបានប្រើប្រាស់តែប្រព័ន្ធ QR Code ប្រាក់ដុល្លារតែមួយ ដោយមិនមានប្រព័ន្ធ KHQR Code ប្រាក់រៀល ដូច្នេះជាហេតុមិនអាចទូទាត់បាន ហើយក៏ធ្វើឲ្យភ្ញៀវទេសចរថៃរូបនោះ មានការងឿងឆ្ងល់អំពីបញ្ហានេះ ខណៈប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធ KHQR Code រវាងរូបិយប័ណ្ណជាតិនៃប្រ ទេសទាំងពីរទៅវិញទៅមករួចហើយនោះ ។

លោកជំទាវបណ្ឌិតបានបន្តទៀតថា ដើម្បីចៀសវាងការកើតឡើងនូវករណីបែបនេះទៀត ធនាគារជាតិនៃកម្ពុជា គ្រោងនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code រួមបញ្ចូលគ្នាតែមួយ សម្រាប់ប្រតិបត្តិការទូទាត់នៅកម្ពុជា នាពេលខាងមុខ ហើយអ្នកប្រើប្រាស់ចាំបាច់ត្រូវតែមាន គណនីពីរ គឺគណនីប្រាក់រៀលផង និងគណនីប្រាក់ដុល្លារផង ទើបអាចធ្វើការទូទាត់ ឬស្កែន តាមប្រព័ន្ធ QR Code ថ្មីនេះបាន ។ ទន្ទឹមនឹងនេះធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជន សូមកុំមានការព្រួយបារម្ភ ឬគិតថាជាបន្ទុកនៅពេលដែលឃើញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលខ្លួនកំពុងប្រើប្រាស់សេវាកម្មនោះ បានបង្កើតគណនីប្រាក់រៀលជូនលោកអ្នកដោយស្វ័យប្រវត្តិ ខណៈការបង្កើតគណនីប្រាក់រៀលនេះ គឺជាគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា ដោយមិនតម្រូវឲ្យយកកម្រៃសេវាពីអតិថិជនឡើយ ។

សូមជម្រាបថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធបាគង (KHQR Code) ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម ឡាវ កូរ៉េ និងចិន ហើយក៏គ្រោងដាក់ឲ្យដំណើរជាមួយប្រទេសម៉ាឡេស៊ីផងដែរ ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ៕ អត្ថបទសហការ

សូមអានសេចក្តីណែនាំបន្ថែមខាងក្រោមនេះ ៖