ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ទំនើប​កម្មនៃ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​គាំទ្រ​ធ្វើ​ទំនើប​កម្ម​នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​គាំទ្រ​ធ្វើ​ទំនើប​កម្ម​នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET ) ដើម្បី​បំពេញតម្រូវការ​ក្នុង​វិស័យ​ឧស្សាហកម្ម​នា​ពេល​អនាគត​ ។ ការ​លើក​ឡើង​នេះ ក្នុង​ជំនួប​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ និង​លោក ស៊ី​រី​ល ប៊ែ​ល​លី​យេ (Cyrille Bellier) ប្រធាន​នាយកដ្ឋាន​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាស៊ី នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ដើម្បី​ពិភាក្សា​ពី​ដំណើរការ​អនុវត្ត​គម្រោង​មួយ​ចំនួន​ទាក់ទង​នឹង​ប្រព័ន្ធ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​ទីស្ដីការក្រសួង នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ​ ២០២៤ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រតិភូ AFD ដែល​ដឹកនាំ​ដោយ​លោក ស៊ី​រី​ល ប៊ែ​ល​លី​យេ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរាប​ពី​កិច្ច​ខិត​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ក្នុង​ការ​ពង្រឹង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ និង​យុវជន​ឱ្យ​ទទួល​បាន​ជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ​ថ្មី​ៗ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ឧស្សាហកម្ម​នា​ពេល​អនាគត ​។ ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ក្រសួង​ការងារ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន និង​ជំរុញ​ការ​ពង្រឹងគុណភាព​នៃ​គ្រឹះស្ថាន​បណ្តុះបណ្តាល​នីមួយ​ៗ ដើម្បី​ដោះស្រាយ​តម្រូវការ​កម្លាំង​ពលកម្ម​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឧស្សាហកម្ម​សំខាន់​ៗ​ដូច​ជា អគ្គិសនី អេ​ឡិច​ត្រូ​និក មេកា​ត្រូ​និ​ច និង​ការ​ផលិត​ផ្សេង​ៗ​ទៀត ​។

ជា​ការ​ឆ្លើយ​តប លោក ស៊ី​រី​ល ប៊ែ​ល​លី​យេ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ប្រតិភូ​លោក​បាន​ជួប​ពិភាក្សា​ការងារ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​ច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។

យ៉ាងណា​ក៏​ដោយ ប្រធាន AFD បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​លើ​ការ​គាំទ្រ​ទំនើប​កម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា និង​ការ​អភិវឌ្ឍ​វិទ្យាស្ថាន​សិក្សា​លើ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​៕