ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គឡើង​លឿន រដ្ឋបាល​ខេត្ដក្រចេះ ចេញ​វិធានការ​ណែនាំ ខណៈ​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ស្រុក​ចិត្រ​បុរី

2 ថ្ងៃ មុន

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ជំនន់​ទឹកភ្លៀង បាន​បង្ក​ឲ្យ​ជន​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌល​សុខភាព…

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ជំនន់​ទឹកភ្លៀង បាន​បង្ក​ឲ្យ​ជន​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម ស្ថិត​នៅ​ភូមិ​អញ្ចាញ ឃុំ​ដារ ស្រុក​ចិត្រ​បុរី បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ។

ដោយឡែក កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០២៤​នេះ មាន​កម្ពស់ ១៩,៨៤​ម៉ែត្រ (​កើនឡើង​កន្លះ​ម៉ែត្រ ឬ ០,៥០​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​) ខណៈ​កម្រិត​កម្ពស់​ទឹក​ប្រុង​ប្រយ័ត្ន គឺ ២២,០០​ម៉ែត្រ ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ដក្រចេះ បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​វិធានការ​បង្ការ និង​ការ​ឆ្លើយ​តប​ការ​សង្គ្រោះ​បន្ទាន់​គ្រោះ​ទឹកជំនន់ ក្នុង​មូលដ្ឋាន​ខេត្តក្រចេះ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ និង​ការ​ព្យាករណ៍​កម្ពស់​ទឹកទន្លេ​មេគង្គ​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ ឃើញ​ថា តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​នឹង​ហក់​ឡើង ដល់​កម្ពស់ ២០,៩៧​ម៉ែត្រ ក្នុង​រយៈពេល​៣ ទៅ ៥​ថ្ងៃ ខាង​មុខ​នេះ ។

ស្ថានភាព​នេះ អាច​បង្ក​ឱ្យ​កើត​មាន​ឡើង​នូវ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ គ្រប់ពេលវេលា ពិសេស​តំបន់​ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេមេគង្គ ក្នុង​មូលដ្ឋាន​ខេត្តក្រចេះ​។ ក្នុង​ន័យ​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត (​គ​.​គ​.​ម​.​ខ​.) សូម​ធ្វើការ​ណែនាំ ដល់​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដូច​ខាងក្រោម ៖

-​រដ្ឋបាល​ក្រុង​/​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំង​ទាំង​បី​ប្រភេទ ត្រូវ​ត្រួតពិនិត្យ​ធនធាន​សម្ភារៈ និង​កម្លាំង​អន្តរាគមន៍​បន្ទាន់ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយ​តប និង​សង្គ្រោះ​បន្ទាន់​គ្រោះ​ទឹកជំនន់​។

-​រដ្ឋបាល​ក្រុង​/​ស្រុក ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​/​សង្កាត់ ភូមិ ដើម្បី​រៀបចំ និង​សម្អាត ទីទួល​សាធារណៈ និង​ទីទួល​សុវត្ថិភាព ដែល​មាន​ស្រាប់ សម្រាប់​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​។

-​រដ្ឋបាល​ក្រុង​/​ស្រុក ត្រូវ​តាមដាន​ព័ត៌មាន​អាកាសធាតុ និង​កម្ពស់​ទឹកទន្លេ​មេគង្គ​ដែល​ព្យាករណ៍ ដោយ​ក្រសួង​-​ស្ថាប័ន​ជំនាញ និង​ផ្សព្វផ្សាយ​បន្ត ឱ្យ​ដល់​ប្រជាពលរដ្ឋ​ពិសេស ជន​ងាយ​រង​គ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។

-​រដ្ឋបាល​ក្រុង​/​ស្រុក ត្រូវ​ណែនាំ​ដល់​ឃុំ​/​សង្កាត់ និង​ភូមិ ត្រូវ​បំពេញ​ទម្រង់​របាយការណ៍​ទឹកជំនន់ ហើយ​ត្រូវធ្វើ​របាយការណ៍​តាម​ប្រព័ន្ធ Telegram និង​តាម​ប្រព័ន្ធ PRISM មក​កាន់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ជាប់​ជា​ប្រចាំ​។

-​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បន្ត​កត់ត្រា និង​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព ស្តី​ពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹកទន្លេ​មេគង្គ​រៀងរាល់ថ្ងៃ មក​កាន់ គ​.​គ​.​ម​.​ខ​.​។

-​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ​ណែនាំ​គ្រប់​សាលារៀន​ឱ្យ​ណែនាំ​បន្ត​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុ​វត្តិភាព ការ​ធ្វើ​ដំណើរ​របស់​សិស្ស​នៅ​តំបន់​ទឹកជំនន់​។

-​ប្រជាពលរដ្ឋ ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ជាប់​ជា​ប្រចាំ និង​ត្រូវ​ម្ចាស់​ការ ឬ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ទីតាំង​ដែល​ត្រូវ​ជម្លៀស​សត្វពាហនៈ និង​ក្រុម​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព ក្នុង​ករណី​ទឹកជំនន់​មានការ​គំរាមកំហែង​ដល់​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ