ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ហូរ​លិច​ផ្លូវ​បេតុង​ប្រវែង​៣០​ម៉ែត្រ នៅ​លើ​កោះ​រ៉ុ​ង

2 ថ្ងៃ មុន

ខេត្តព្រះសីហនុ ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ លោក អែម រ័​ត្ន​ម៉ា​និល ឣ​ភិ​បាល​រង​ក្រុង​កោះ​រ៉ុ​ង…

ខេត្តព្រះសីហនុ ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ លោក អែម រ័​ត្ន​ម៉ា​និល ឣ​ភិ​បាល​រង​ក្រុង​កោះ​រ៉ុ​ង បាន​ចុះ​ពិនិត្យ​ទីតាំង​ទឹក​ហូរ​លើ​ផ្លូវ​បេតុង​ប្រវែង​៣០​ម៉ែត្រ និង​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ដោយ​ទឹក​មាន​សភាព​ហូរ​ខ្លាំង ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពុំ​រួច​។ ដូច្នេះ អាជ្ញាធរ​សង្កាត់​កោះ​រ៉ុ​ង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ដាក់​បា​រ៉ា​ស​សងខាង​ផ្លូវ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពី​ស្ថានភាព ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៣ ឈ្មោះ ប៊ី​ប៊ី​ន​កា និង​ព្យុះ​ទី​១៤ ឈ្មោះ ពូ​ល​ឡា​សាន ដែល​កើត​លើ​គន្លង តែ​មួយ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ខ្យល់មូសុង​និរតី បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ ខណៈ​សម្ពាធ​ទាប​នៅ​បន្ត​គ្របដណ្តប់​លើ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​នា​ន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​៦០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៥,៥​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៦០% ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន ល្បឿន​មធ្យម ៥​ម៉ែត្រ​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​៤០%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​២,២៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ