ខេត្តបាត់ដំបង ៖ ដោយសារតែប្រកាន់ភូមិ-ឃុំ (ប្រកាន់ទីតាំង) រៀងៗខ្លួន និងបក្សពួកពេលជួបមុខគ្នាក៏ផ្ទុះជម្លោះហិង្សារហូតភាគីម្ខាងស្ទុះទៅទាញដុំគប់ភាគីម្ខាងទៀតទាំងកំរោល បណ្ដាលឲ្យរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនភាគីដៃដល់បានចំនួន០២នាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៦ កញ្ញា នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកសំពៅលូន។
យោងរបាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនអន្ធពាលចំនួន០២នាក់ ដែលត្រូវឃាត់ខ្លួន ឈ្មោះ ណុច វិច័យ ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ស៊ឹម សុផាត ភេទប្រុស អាយុ១៦ឆ្នាំ រីឯភាគីដែលរបួសឈ្មោះ សេង ប៊ុនថៃ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន។
ក្មេងប្រុសម្នាក់នេះ រងរបួសបែកក្បាលផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមក្មេងទំនើង០២នាក់ខាងលើគប់នឹងដុំថ្ម ពេលជួបមុខគ្មានហើយផ្ទុះជម្លោះ។ បើតាមមន្ត្រីកងរាជអាវុធហត្ថ បាននិយាយថា ការប៉ះទង្កិចគ្នាដោយហឹង្សារវាងពួកក្មេងទំនើងឈាមរាវប្រចាំភូមិទាំង០២ក្រុមនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី ១៣ កញ្ញា នៅចំណុចភូមិតាស្ដា ឃុំតស្ដា ស្រុកសំពៅលូន ពេលពួកគេជួបមុខគ្នា។
មន្ត្រីដដែលបានបន្តថា បើតាមការស្រង់ចម្លើយពីជនដៃដល់ និងប្រភពនានា ក្រុមក្មេងអន្ធពាលវ័យឈាមរាវទាំងនេះ ឈ្លោះវាយតប់គ្នា ដោយសារតែប្រកាន់ទឹកដី និងប្រកាន់បក្សពួក។ ភាគី
នីមួយៗប្រកាន់ភូមិ ឃុំ រៀងៗខ្លួន។ នៅពេលភាគីណាមួយចូលទឹកដី ភាគីណាមួយ ហើយជួបមុខគ្នាអាចនឹងផ្ទុះហឹង្សាតែម្ដង។
នៅក្នុងសំណុំរឿងហឹង្សាខាងលើនេះ បើតាមសាក្សីបាននិយាយថា នៅថ្ងៃកើតហេតុ ភាគីជនដៃដល់០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានជិះម៉ូតូចូលទឹកដីភាគីដែលរបួសបែកក្បាល នៅពេលជួបមុខគ្នាក៏ផ្ទុះជម្លោះ។ ពេលនោះភាគីដៃដល់ក៏ស្ទុះទៅរើសបានដុំថ្មគប់ទៅលើភាគីម្ចាស់មូលដ្ឋានត្រូវចំក្បាលម្នាក់បណ្ដាលឲ្យបែករយះហូរឈាមកក្លាក់។
លុះ០៣ថ្ងៃក្រោយ ក្រុមជនដៃដល់ដែលរំលោភបំពានចូលទឹកដីគូសត្រូវ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបាន០២នាក់។ បើតាមប្រភពដដែលបានបញ្ជាក់ថា តាមពិតក្រុមក្មេងទំនើងទាំងនេះ រស់នៅភូមិផ្សេងគ្នា តែជាប់ព្រំប្រទល់គ្នា ប៉ុន្តែពួកគេប្រកាន់ទឹកដី ប្រកាន់បក្ខពួក ពេលជួបគ្នាតែងផ្ទុះជម្លោះដោយហឹង្សាជាញឹកញាប់ ។ យ៉ាងណាក្ដី ពេលនេះ ជនដៃដល់ទាំងទាំង០២នាក់ ត្រូវបានមន្ត្រីការិយាល័យជំនាញកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ