ទីក្រុងរ៉ង់ហ្គូន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីនៅមីយ៉ាន់ម៉ាកើនឡើងជាបន្តបន្ទាប់រហូតដល់១១៣នាក់ហើយដោយសារឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុងឈ្មោះយ៉ាជី (Yagi)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរ។ ខ្យល់ព្យុះនេះវាយប្រហារប្រទេស១ចំនួននៅអាស៊ីអាគ្នេយ៍ដូចជាវៀតណាម (រងគ្រោះធ្ងន់ធ្ងរជាងគេ), ថៃ, ឡាវ និងភូមា។
នៅភូមា មនុស្សជាង៣០ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព។ អ្នកនាំពាក្យរបបសឹកភូមា ឧត្ដមសេនីយ៍ហ្សាមីនទុន (Zaw Min Tun) ថ្លែងថាក្រៅពីអ្នកស្លាប់ទាំងនេះ មនុស្ស៦៤នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ លោកថ្លែងបន្តទៀតថាអាជ្ញាធរកំពុងចេញប្រតិបត្តិការជួយសង្គ្រោះ និងស្ដារសម្បទាអ្នករងគ្រោះឡើងវិញ។
ដោយសារការប្រែប្រួលអាកាសធាតុដូចអ្វីដែលអ្នកវិទ្យាសាស្ត្រនិយាយមិនខុសមែន។ នៅពេលរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់។ នៅពេលរដូវប្រាំងមានអាកាសធាតុក្ដៅហួតហែងខ្លាំង រកទឹកភ្លៀងតែ១តំណក់ក៏គ្មានដែរ។ សម្រាប់ខែវស្សានៅអាស៊ីអាគ្នេយ៍ឆ្នាំនេះ ខ្យល់ព្យុះយ៉ាជីបានសម្លាប់មនុស្សរាប់រយនាក់នៅវៀតណាម និងថៃ និងធ្វើឱ្យទឹកទន្លេហក់ឡើងខ្ពស់នៅក្នុងប្រទេសទាំងពីរ។
ដោយឡែក គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ាចាប់ផ្ដើមកើតឡើងដំបូងកាលពីថ្ងៃចន្ទសប្ដាហ៍មុននៅពេលខ្យល់ព្យុះបក់មកពីប្រទេសថៃភាគខាងជើង។ គ្រោះទឹកជំនន់លើកនេះជាវិបត្តិដ៏ធំ ឬអាចនិយាយបានថាជាការទម្លាក់ដុំថ្មក្ដៅទៅលើប្រទេសភូមា។ ប្រទេសនេះធ្លាប់ជួបនឹងសង្គ្រាមស៊ីវិល និងការរត់លូនរបស់ប្រជាជនរាប់លាននាក់ជាច្រើនឆ្នាំមកហើយ ហើយនៅពេលកើតមានគ្រោះទឹកជំនន់នេះទៀតរឹតតែធ្វើឱ្យពួកគេលំបាកកាន់តែខ្លាំងប្រៀបបាននឹង «ទុក្ខជាន់លើទុក្ខ»។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិថ្លែងថាខ្យល់ព្យុះ និងភ្លៀងលើកនេះប៉ះពាល់ខ្លាំងជាងគេទៅលើរដ្ឋធានីណៃពិដោរ, ម៉ាន់ដាឡេ (Mandalay), ម៉ាក់វេ (Magway) និងបាហ្គោ (Bago)។ ទីនេះស្ថិតនៅជាប់នឹងបណ្ដារដ្ឋភាគខាងត្បូង និងភាគខាងកើតដូចជារដ្ឋសាន, មន, ខាយ៉ា និងខាយីន (Shan, Mon, Kayah & Kayin)។ តំបន់កណ្ដាលរងគ្រោះខ្លាំងដោយសារទឹកឡើងប្រៀបច្រាំង និងហូរចាក់ពីស្ទឹង និងព្រែកនៅលើតំបន់ភ្នំនៃរដ្ឋសាន។
តាមពិត ចំនួនអ្នកស្លាប់អាចនឹងហក់ឡើងបន្ថែមទៀតនៅពេលអាជ្ញាប្រមូលទិន្នន័យបានគ្រប់ចំនួន។ ភូមាស្លាប់លើកនេះមិនចាញ់វៀតណាមឡើយ។ គ្រាន់តែថាការប្រមូលទិន្នន័យអំពីចំនួនអ្នកស្លាប់នៅភូមារាងយឺតយ៉ាវបន្តិចដោយសារប្រព័ន្ធទំនាក់ទំនងត្រូវកាត់ផ្ដាច់ភាគច្រើន។ មានសេចក្ដីរាយការណ៍ថាខ្សែទូរស័ព្ទ និងខ្សែអ៊ីនធឺណិតត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។
គ្រាន់តែរៀបរាប់ត្រួសៗ គ្រោះទឹកជំនន់លើកនេះបានបំផ្លិចបំផ្លាញទំនប់ទឹក៥កន្លែង, វត្តអារាម៤កន្លែង និងផ្ទះរបស់អ្នកស្រុកជាង៦ម៉ឺនខ្នង។ នេះបើយោងតាមសារព័ត៌មានរបស់រដ្ឋ។ ជនជាតិភូមា១/៣ ឬប្រហាក់ប្រហែលនឹង១៨លាននាក់រស់នៅមិនសូវមានអាហារបរិភោគគ្រប់គ្រាន់ទេតាំងពីមុននេះមកម៉្លេះ។ ហេតុនេះពួកគេពិតជាត្រូវការជំនួយដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ របបសឹករបស់លោកមីនអុងឡាំងក៏យល់ដល់ចំណុចនេះ។ អីចឹងហើយបានជាលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្ដល់ជំនួយ៕
ចែករំលែកព័តមាននេះ