ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​គ្នា ​ក្លាយជា​ទំនាស់​ ២​នាក់ដេកពេទ្យ ៥​នាក់​ជាប់​ខ្នោះ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ កម្មករ​សំណង់​ ២​ក្រុម​ ដែល​ម្ខាង​មាន​គ្នា​៣​នាក់​ ដៃទទេ និង​ម្ខាង​ទៀត​ មាន​គ្នា​៥​នាក់​ ប្រដាប់​ដោយ​កូនកាំបិត​ក្នុង​ដៃ បាន​បើក​ឆាកប្រយុទ្ធ​គ្នា​…

រាជធានីភ្នំពេញ​ ៖ កម្មករ​សំណង់​ ២​ក្រុម​ ដែល​ម្ខាង​មាន​គ្នា​៣​នាក់​ ដៃទទេ និង​ម្ខាង​ទៀត​ មាន​គ្នា​៥​នាក់​ ប្រដាប់​ដោយ​កូនកាំបិត​ក្នុង​ដៃ បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ ស៊ី​សាច់​ហុតឈាម បណ្ដាល​ឲ្យ​ក្រុម​អ្នក​ដៃទទេ ​រង​របួស​ធ្លាយ​ពោះ​២​នាក់ និង​ហៅ​ម៉ូតូ​កង់​បី ​ជិះ​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​សង្គ្រោះ​បន្ទាន់​ដោយ​ខ្លួនឯង​ទាំង​យប់។ បន្ទាប់​មក​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សាក់​សំពៅ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ចេញ​អន្តរាគមន៍ ធ្វើការ​ស្រាវជ្រាវ​ភ្លាម ហើយ​១​ថ្ងៃ​ក្រោយ មក​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់ ​បាន​ទាំង​៥​នាក់ ​តែ​ម្ដង ។

ឆាកប្រយុទ្ធ​គ្នា​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​កំ​រ៉ែ​ង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន​ ដែល​រង​របួស​មាន​ចំនួន​២​នាក់ រួមមាន ៖
​ទី​១,​ឈ្មោះ ហោ​ន ភា​រុំ អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ត្រូវ​ចំពោះ​ចំនួន​២​កាំបិត​រង​របួស​ធ្ងន់ធ្ងរ ។
ទី​២,​ឈ្មោះ រឿ​ន រាជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គ សង្កាត់​ពងទឹក ខណ្ឌដង្កោ ត្រូវ​១​កាំបិត​ចំពោះ​រង​របួស​ធ្ងន់ធ្ងរ ។

ដោយឡែក​ជន​ដៃដល់ ​ចំនួន​៥​នាក់ ​រួម​មាន ៖
​១,​ឈ្មោះ ខាន់ សុខ​ហេង អាយុ​១៨​ឆ្នាំ
២,​ឈ្មោះ ប៉ូវ ប៉ោត អាយុ​៤៣​ឆ្នាំ
៣,​ឈ្មោះ​ផ​ន វិច្ឆិកា អាយុ​៣៣​ឆ្នាំ
៤,​ឈ្មោះ ផល្លា ត្រឺ អាយុ​២៩​ឆ្នាំ
៥,​ឈ្មោះ អ៊ូច សា​រឿ​ន អាយុ​៤២​ឆ្នាំ ។
ជន​ដៃដល់​ទាំង​៥​នាក់​នេះ មានមុខរ​បរជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​កំ​រ៉ែ​ង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​ជា​ភូមិ​កើតហេតុ​ខាងលើ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ក្រោយ​សម្រាក​ពី​ការងារ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ​បាន​ទិញ​ស្រា​បៀរ​១​កេស​ នាំ​គ្នាផឹកស៊ី​ជុំ​គ្នា​នៅ​កន្លែងធ្វើការ ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ។ រហូត​ដល់​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​ឈ្មោះ រឿ​ន រាជ ត្រូវ​បាន​ប្រពន្ធ ទូរសព្ទ​ហៅ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ១​គ្រឿង​ចេញ​ទៅ។ ពេល​ចេញ​ផុត​ពី​កន្លែង​ផឹក ទៅ​ដល់​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​នោះ​ដែរ ក៏​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​ ដែល​កំពុង​ផឹក​ស៊ី​នៅ​ទីនោះ​ យក​កំប៉ុង​ស្រា​បៀរ​គប់​បណ្ដាល​ឲ្យ​ត្រូវ​ជើង ។

នគរបាល​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ឈ្មោះ រឿ​ន រាជ មិន​បាន​ត្រលប់​ទៅ​ប្រាប់​គ្នីគ្នា​ភ្លាម​ៗ​នោះ​ទេ រហូត​​ដល់​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ប្រាប់​គ្នា​របស់​ខ្លួន​វិញ​ថា ពេល​ខ្លួន​ជិះ​ម៉ូតូ​ទៅ​តាម​ផ្លូវ​មាន​គេ​គប់​កំប៉ុង​ស្រា​បៀរ ​ត្រូវ​ជើង។ ពេល​បានឮ​ភ្លាម ​ឈ្មោះ ហោ​ន ភា​រុំ ក៏​បាន​និយាយ​ថា ចាំ​រូប​គាត់​ទៅ​សួរនាំ​ឲ្យ រួច​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មុន ចំណែក ជន​រង​គ្រោះ​ឈ្មោះ រឿ​ន រាជ ជិះ​ម៉ូតូ​ចេញ​ទៅ​តាម​ក្រោយ ហើយ​ឈ្មោះ រឿ​ន រាម ដែល​ត្រូវជា​បងប្អូន​ប​ង្កើត ក៏​បាន​ជិះ​ម៉ូតូ ១​គ្រឿង​ ទៅ​តាម​ក្រោយ​ដែរ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ពេល​ទៅ​ដល់​ ក៏​បាន​សួរនាំ​ជន​ដៃដល់ ​ទាំង​៥​នាក់​ ដែល​កំពុង​អង្គុយ​ផឹកស៊ី​ជុំ​គ្នា ​ពី​មូលហេតុ​ដែល​គប់​កំប៉ុង​ស្រា​បៀរ​ចំ​ជើង​នោះ ក៏​បាន​បង្ក​ឲ្យ​មាន​ទំ​នាស់​ វាយតប់​គ្នា​កើតឡើង។ ពេល​នោះ ​ជនសង្ស័យ​ឈ្មោះ អ៊ូច សា​រឿ​ន (​ម្ចាស់ផ្ទះ​) បាន​យក​កូនកាំបិត​ ចិតបន្លែ​ ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ហោ​ន ភា​រុំ ចំនួន​០២​កូនកាំបិត​ ត្រូវ​ចំពោះ​រង​របួសធ្ងន់ ។ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ រឿ​ន រាជ និង​ឈ្មោះ រឿ​ន រាម បាន​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជនសង្ស័យ​ឈ្មោះ អ៊ូច សា​រឿ​ន ចាក់​ត្រូវ​ចំពោះ​ជន​រង​គ្រោះ​ឈ្មោះ រឿ​ន រាជ ម្នាក់​ទៀត​ចំនួន​០១​ កូនកាំបិត​រង​របួសធ្ងន់​ទៀត ។

នគរបាល​បាន​រៀបរាប់​ប្រប់​ថា ចំណែក​ឈ្មោះ រឿ​ន រាម​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់ ព្រួត​គ្នា​វាយ​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​របួស​ទេ បន្ទាប់​មក​ជន​រង​គ្រោះ ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន ​បាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ បាន​ហៅ​ម៉ូតូ​កង់​បី​ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្សី ​ដើម្បី​ព្យា​យ​បាល​របួស​សង្គ្រោះ​បន្ទាន់​ដោយ​ខ្លួនឯង។ ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​បាន​ទូរសព្ទ​រាយការណ៍​ប្រាប់នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សាក់​សំពៅ ​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នគរបាល​បាន​ស្រាវជ្រាវ​ទាំង​យប់។ រហូត​ដល់
វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ ទើប​ឃាត់ខ្លួន​ជន​ដៃដល់ ​បានជា​បន្តបន្ទាប់ រួច​នាំ​ទៅ​សាកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ