រាជធានីភ្នំពេញ ៖ អតីតកីឡាការិនីហែមថុន វិទិនី មិនត្រឹមតែធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យកីឡាហែលទឹកប៉ុណ្ណោះទេ បើនិយាយពីសម្រស់វិញធ្វើឱ្យតារាភាពយន្តតារាចម្រៀងកាយវិការល្មមៗសំុខ្មាស ។ ជាពិសេសនៅពេលដែលនាងទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិម្ដងៗ មានមិត្តរួមអាជីពមកពីបណ្ដាប្រទេសផ្សេងជាច្រើនបាននាំគ្នាមកសុំថតរូបជាមួយស្ទើរតែគ្រប់គ្នា ហើយនាងជាអតីតកីឡាការិនីហែលទឹកគ្មានគូប្រៀបនៅក្នុងប្រទេសលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ។
ហែមថុន វិទិនី បានឱ្យដឹងថា នាងបានចាប់យកអាជីពជាកីឡាការិនីហែលទឹកតាំងពីអាយុ៧ឆ្នាំមកម៉្លេះ ដែលកាលណោះ នាងជាមនុស្សម្នាក់ខ្លាចទឹកបំផុត ។ ប៉ុន្តែដោយសារតែមានការជួយជំរុញនិងលើកទឹកចិត្តពីលោកយាយ ជាមួយលោកពូដែលមានឈាមជ័រជាកីឡាហែលទឹកផងនោះ បានធ្វើឱ្យរូបនាងសុខចិត្តចូលហ្វឹកហាត់ទាំងបង្ខំជាមួយនឹងការខិតខំប្រឹងប្រែងហ្វឹកហាត់ទៀតផង ទីបំផុតបានធ្វើឱ្យនាងក្លាយជាកីឡា ការិនីឆ្នើម និងទទួលបានឱកាសចូលរួមប្រកួតជើងឯកថ្នាក់ជាតិជាលើកដំបូងនៅត្រឹមអាយុ៨ឆ្នាំ ។ កាលណោះនាងដណ្ដើមបានត្រឹមចំណាត់
ថ្នាក់លេខ២ប៉ុណ្ណោះ តែឆ្នាំក្រោយៗដណ្ដើមបានចំណាត់ថ្នាក់លេខ១ជាបន្តបន្ទាប់ពុំមានអ្នកណាប្រជែងតំណែងនេះជាមួយនាងបានឡើយ។
ទោះបី ហែមថុន វិទីនី ត្រូវជាចៅបង្កើតរបស់លោកហែម ថុន អតីតកីឡាករហែលទឹកជម្រើសជាតិដ៏ឆ្នើមក្នុងទសវត្សទី៦០ និងត្រូវជាក្មួយបង្កើតរបស់លោកហែម គីរី អតីតកីឡាករហែលទឹកជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្ដី ក៏អតីតកីឡាការិនីរូបនេះមិនហ៊ានធ្វេសប្រហែសក្នុងការខិតខំហ្វឹកហាត់នោះដែរ ដើម្បីកុំឱ្យគេថា ពេលចេញទៅប្រកួតនៅក្រៅប្រទេសម្ដងៗអាងបក្សពួក ។ ប៉ុន្តែធាតុពិតបើនាងមិនខិតខំហ្វឹកហាត់ដណ្ដើមបានចំណាត់ថ្នាក់លេខ១រាល់ឆ្នាំទេនោះ ពិតជាធ្វើឱ្យនាងរអៀសខ្លួនខ្លាំងណាស់ ។
ក្នុង១ថ្ងៃនាងប្រើពេលនៅក្នុងទឹកយ៉ាងតិចមិនក្រោម៤ម៉ោងនោះឡើយ គឺពេលព្រឹករយៈពេល២ម៉ោង និងល្ងាច២ម៉ោង។ ដោយសារតែការយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នេះហើយ បានធ្វើឱ្យរូបនាងក្លាយជាកីឡាការិនីឆ្នើមដាច់គេរហូតបានចេញទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់ ជាពិសេស ថែមទាំងត្រូវបានក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុញ្ញាតឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទៀតផង។
ជាមួយនឹងលទ្ធផលនៃការខិតខំប្រឹងប្រែងហ្វឹកហាត់នេះហើយបានធ្វើឱ្យនាងវិវត្តខ្លួនបានយ៉ាងឆាប់រហ័ស ។ នៅត្រឹមវ័យ១២ឆ្នាំ នាងមានឱកាសឈានជើងទៅប្រកួតនៅលើឆាកអន្តរជាតិជាលើកដំបូងនៅប្រទេសថៃ ហើយក៏ជាកីឡាការិនីដែលតូចជាងគេ និងដំបូងគេរបស់កម្ពុជានៅក្នុងចំណោមកីឡាការិនីអន្តរជាតិជាច្រើន ។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមចំនួន៣លើកផងដែរ។
ហែមថុន វិទីនី ជាកីឡាការិនីកម្ពុជាតែម្នាក់គត់ដែលធ្លាប់ទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន៣លើក ។ លើកទី១ កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងប្រទេសចិនឆ្នាំ២០០៨ លើកទី២ កីឡាអូឡាំពិកនៅទីក្រុងឡុងប្រទេសអង់គ្លេសឆ្នាំ២០១២ និងលើកទី៣ កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលឆ្នាំ២០១៦។ទោះជាយ៉ាងណាក៏ដោយ នាងបានបន្តអាជីពជាកីឡាការិនីហែលទឹករហូតដល់ឆ្នាំ២០១៩ លុះមកដល់ឆ្នាំ២០២០ នាងក៏សម្រេចលាឈប់ពីកីឡាការិនីមកធ្វើជាគ្រូបង្វឹកវិញម្ដង។
មូលហេតុដែលធ្វើឱ្យនាងលាឈប់ពីកីឡាការិនីដោយសារតែបញ្ហាសុខភាពមិនអំណោយផល ណាមួយអាយុច្រើនទៀត ទើបនាងត្រូវការពេលវេលាខ្លះដើម្បីសម្រាក ។ ដោយសារតែនាងធ្លាប់ឆ្លងកាត់វគ្គគរុកោសល្យផ្នែកកីឡាបានចំនួន២ឆ្នាំដែរនោះ នាងបានចាប់យកការងារជាគ្រូបង្ហាត់កីឡាហែលទឹករហូតមកទល់សព្វថ្ងៃនេះ។
អតីតកីកីឡាការិនីហែលទឹកជម្រើសជាតិវ័យ៣១ឆ្នាំរូបនេះ បច្ចុប្បន្នបានក្លាយជាគ្រូរបស់ក្រុមជម្រើសជាតិយុវជន និងក្រុមជម្រើសជាតិជនពិការ និងធ្លាប់បានដឹកនាំក្រុមជម្រើសជាតិជនពិការទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសឥណ្ឌូណេស៊ីដណ្ដើមបានមេដាយមាសចំនួន៨គ្រឿងមកជូនជាតិទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ អ្នកគ្រូហែមថុន វិទីនី បានបំពេញបេសកកម្មក្នុងការដឹកនាំក្រុមអត្តពលិកហែលទឹកជម្រើជាតិកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹតិ្តការណ៍អូឡាំពិកហ្គេមឆ្នាំ២០២៤នៅទីក្រុងប៉ារីស ប្រទេសបារាំង ថែមទៀត៕
ចែករំលែកព័តមាននេះ