រាជធានីភ្នំពេញ ៖ ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែន នាទិសឦសាន្ត នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ដំណើរទស្សនកិច្ចនេះ ផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ លើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី របស់សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត និងបញ្ញវន្ត សរុបម្រមាណ ២០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមា ព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង ។
សូមជម្រាបថា មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចុះឈ្មោះជាង ២,០០០នាក់ហើយ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តភាគឦសាន ដោយឥតគិតថ្លៃ ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ថា ៖ “មានប្រជាពលរដ្ឋកម្ពុជា ច្រើនឡើង មកពីគ្រប់មជ្ឈដ្ឋាន បានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាន នៃប្រទេសកម្ពុជា ដោយឥតគិតថ្លៃ ហើយមកទល់ពេលនេះ មានអ្នកចុះឈ្មោះ សរុបចំនួនជាង ២ពាន់នាក់ហើយ ដោយរាប់គិតចាប់តាំងពីការ បើកការចុះឈ្មោះដំបូងមក” ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ៖ “ក្រុមអ្នករៀបចំ បានកំណត់រួចហើយនូវ ចំនួនអ្នកត្រូវទៅចូលរួម ទាំង ២០០នាក់ សម្រាប់ទស្សនកិច្ច លើកទី២ នាថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្នុងក្របខណ្ឌ នៃការរៀបចំដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ ក្នុងតម្រាយផ្លូវ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មក រាជធានីភ្នំពេញវិញ នៅថ្ងៃដដែល។ បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ដែលត្រូវធ្វើទស្សន កិច្ចនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ត្រូវក្រុមអ្នករៀបចំផ្សព្វផ្សាយរួចហើយ ដើម្បីផ្តល់ព័ត៌មាន និងសម្របសម្រួលការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចនេះ” ។
សូមរំលឹកជូនផងដែរថា ទស្សនកិច្ចនេះ ជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយថវិកាផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន ដោយមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ ៕
ចែករំលែកព័តមាននេះ