ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ ប្រទេសរុស្ស៊ីប្រកាសពីការសម្រេចចិត្តបណ្ដេញបុគ្គលិកស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងម៉ូស្គូចំនួន៦នាក់ចេញឱ្យផុតពីទឹកដីរុស្ស៊ីកាន់តែឆាប់កាន់តែល្អ។ ទីភ្នាក់ងារចារកម្មរុស្ស៊ី អែហ្វអែសប៊ី (FSB) ដែលជាអ្នកស្នងតំណែងពីភ្នាក់ងារកាហ្សេបេ (KGB) កាលពីជំនាន់សហភាពសូវៀតនោះថ្លែងថាអ្នកទាំង៦ជាប់សង្ស័យពីបទលួចយកការណ៍សម្ងាត់ ពីប្រទេសរុស្ស៊ី និងរៀបចំផែនការវិច្ឆេទកម្ម។
យោងតាម FSB មានភស្តុតាងបង្ហាញថាការិយាល័យកិច្ចការបរទេសរបស់អង់គ្លេសទទួលបន្ទុកខាងកិច្ចការអឺរ៉ុបខាងកើត និងអាស៊ីកណ្ដាលកំពុងជួយជ្រោមជ្រែងផ្នែកនយោបាយ និងយោធាដើម្បីឱ្យរុស្ស៊ីទទួលបរាជ័យនៅក្នុងសង្គ្រាមអ៊ុយក្រែន។ FSB ថ្លែងថាការបែកធ្លាយរឿងសម្ងាត់នេះជាតម្រុយដ៏សំខាន់មួយសម្រាប់ការសន្និដ្ឋានថាគឺពិតជាទង្វើរបស់អ្នកការទូតទាំងនេះហើយដែលគំរាមកំហែងសន្តិសុខជាតិរបស់រុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ីសហការជាមួយស្ថាប័នដទៃទៀតបានសម្រេចចិត្តដកសេចក្ដីទុកចិត្តពីបុគ្គលិកស្ថានទូតទាំងនោះ។ សារព័ត៌មានរបស់រុស្ស៊ីបានបញ្ចេញឈ្មោះ និងរូបថតរបស់បុគ្គលិកទូតទាំង៦រូបតាមទូរទស្សន៍។ ភ្នាក់ងាររបស់ FSB ប្រាប់ថារុស្ស៊ីធ្លាប់ព្រមានអង់គ្លេសតាំងពីយូរមកហើយថាត្រូវតែប្រយ័ត្នប្រយែងចំពោះសកម្មភាពរបស់អ្នកទាំង៦ដែលប្រមូលព័ត៌មានសម្ងាត់ពីរុស្ស៊ី។
ប៉ុន្តែពួកគេបានត្រឹមតែស្ដាប់ចោលតែប៉ុណ្ណោះ។ នៅទីបំផុត ពួកគេមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះទេ។ ដូច្នេះ រុស្ស៊ីត្រូវតែបណ្ដេញពួកគេចេញពីទឹកដីរុស្ស៊ី។ រុស្ស៊ីថែមទាំងព្រមានថាបុគ្គលិកស្ថានទូតអង់គ្លេសដទៃទៀតនៅទីក្រុងម៉ូស្គូក៏អាចប្រឈមនឹងការបណ្ដេញចេញផងដែរបើភ្នាក់ងារចារកម្មរុស្ស៊ីរកឃើញថាពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពស្រដៀងគ្នានេះ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីតាស់ (TASS) បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) មកចុះផ្សាយថាសម្មភាពរបស់បុគ្គលិកស្ថានទូតអង់គ្លេសទាំងនោះបានប្រព្រឹត្តហួសពីព្រំដែនកំណត់បេសកកម្មក្នុងនាមជាអ្នកការទូត។ លោកស្រីចោទប្រកាន់ថាអង់គ្លេសមានចេតនាធ្វើឱ្យមានភាពវឹកវរដើម្បីឱ្យប្រជាជនរុស្ស៊ីរងគ្រោះ៕
ចែករំលែកព័តមាននេះ