ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា សោកស្តាយ​ចំពោះ​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ដែល​បង្កក​ទ្រព្យសម្បត្តិ​លោក​អ្នកឧញ៉ា លី យ៉ុ​ង​ផាត់

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​ដោយ​អយុត្តិធម៌​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ដែល​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​អ្នកឧញ៉ា លី យ៉ុ​ង​ផាត់ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​ដោយ​អយុត្តិធម៌​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ដែល​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​អ្នកឧញ៉ា លី យ៉ុ​ង​ផាត់ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា បាន​លើក​ឡើង​ថា ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក បាន​សម្រេចចិត្ត​ដោយ​អយុត្តិធម៌ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សំដៅលើ​ធុរជន​កម្ពុជា​លោក លី យ៉ុ​ង​ផាត់ និង​ក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំង​អាជីវកម្ម​ពាក់ព័ន្ធ ចំនួន​៤ ទៀត ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា វិធានការ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍ ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ស្តី​ពី​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សកម្មភាព​ឆបោក​តាម​អន​ឡាញ​នេះ មាន​ចេតនា​នយោបាយ និង​ផ្ទុយ​ទាំងស្រុង​ពី​ស្មារតី នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដោយ​ឯកឧត្តម ឡ​យ ជេ អូ​ស្ទី​ន (Lloyd J. Austin III) រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ខែមិថុនា កន្លង​ទៅ ។

តួនាទី​របស់​លោក លី យ៉ុ​ង​ផាត់ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។ តាម​រយៈ​ក្រុមហ៊ុន L.Y.P Group ការ​ចូលរួម​ចំណែក​របស់​លោក​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​បង្កើត​ការងារ និង​ការ​កាត់ បន្ថយ​ភាព​ក្រីក្រ បាន​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ជា​ច្រើន​ពាន់​នាក់ ។

ថ្លែងការណ៍​លើក​ឡើង​ទៀត​ថា ការ​ពឹងផ្អែក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ទៅ​លើ​របាយការណ៍​ការ​ជួញដូរ​មនុស្ស​យក​ធ្វើ​ជា​មូលដ្ឋាន នៃ​សកម្មភាព​ទាំងនោះ ពិតជា​គួរ​ឱ្យ​សោកស្តាយ និង​នាំ​ឱ្យ​មានការ​យល់​ខុស​។ របាយការណ៍​នេះ​មិន​បាន​ផ្តល់ នូវ​រូបភាព ដែល​មាន​តុល្យភាព និង​សុក្រឹត​អំពី​ការ​ប្តេ​ជា​ចិត្ត​ដ៏​មុតមាំ​របស់​កម្ពុជា​លើ ការ​គោរព​សិទ្ធិ​មនុស្ស ការ​អនុវត្ត​ច្បាប់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ មនុស្ស និង ពលកម្ម​ដោយ​បង្ខំ ។

កម្ពុជា​បាន​សម្រេច នូវ​វឌ្ឍនភាព​សំខាន់​ៗ​ជា​ច្រើន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។ វិធានការ​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ឧក្រិដ្ឋ​ឆ្លង​ដែន ដែល​មាន​លក្ខណៈ​ស្មុគស្មាញ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដាច់ខាត​ក្នុង​ការ​លើកកម្ពស់​ភាព​ថ្លៃថ្នូ​របស់​មនុស្សជាតិ និង​គោលការណ៍​នីតិរដ្ឋ​។ ការ​អះអាង​ថា កម្ពុជា​មិន​បាន​យកចិត្តទុកដាក់ ឬ​ព្រងើយកន្តើយ​ក្នុង​ការ​អនុវត្ត​ច្បាប់ ជា​ការ​យល់​ខុស យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​នានា​របស់​កម្ពុជា ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដ៏​ស្មុ​គ្រ​ស្មាញ​នេះ​។ ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម កម្ពុជា​នៅ​តែ​បើកចំហ​ដល់​កិច្ច​សហប្រតិបត្តិការ និង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ធ្វើការ ជាមួយ​ដៃគូ​អន្តរជាតិ​នានា រួម​ទាំង​សហរដ្ឋអាមេរិក​ផង ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​ជាស​កល​នេះ ។

ក្រសួងការបរទេស​កម្ពុជា បាន​គូសបញ្ជាក់​ថា ៖ “​ទោះជា​យ៉ាងណា យើង​ទទូច​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​បែប​នេះ ត្រូវ​ឈរ​លើ​មូលដ្ឋាន នៃ​កិច្ច​សន្ទនា ការ​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ការ​គោរព​អធិបតេយ្យភាព និង​ស្មារតី​ភាព​ជា​ដៃគូ​ពិតប្រាកដ​” ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គូសបញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​នេះ ជា​ការ​មិន​គោរព​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​គ្រប់គ្រង​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ជា​ពិសេស​គោលការណ៍​សមភាព​អធិបតេយ្យ និង​ការ​មិន​ជ្រៀតជ្រែក​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ