ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ ក្រសួង​ការងារ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ TVET ១,៥​ លាន​នាក់ របស់​រាជរដ្ឋាភិបាល​កំពុង​បន្ត​បេសកកម្ម​យ៉ាង​សកម្ម​លើ​ការ​បណ្តុះបណ្តាល​យុវជន​នៅ​ទូ​ទាំង​ប្រទេស

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​១៣ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ ឯកឧត្តម កត្តា…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​១៣ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លើក​ឡើង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រហូត​មក​ដល់​ខែកញ្ញា ឆ្នាំ​ ២០២៤​ នេះ កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះ​ បាន​និង​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ ដល់​យុវជន​យ៉ាង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស ​។ ក្នុង​នោះ​ដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួល​បាន​យុវជន​ចុះ​ឈ្មោះ ​ចូល​សិក្សា​ជំនាញ​សរុប​ចំនួន​ជាង ៥៧ ០០០​ នាក់ (​ស្រី​ចំនួន​ជាង ២១ ០០០​ នាក់​) ដោយ​យុវជន​ទាំងនោះ​ទទួល​បានការ​ចុះ​ហាត់​ការ និង​មានការ​ងារ​ធ្វើ​ជា​បន្តបន្ទាប់ ក្រោយ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ជិត ៦​មុឺ​ន​នាក់ ក្នុង​នោះ​សិស្ស​កំពុង​រៀន​ចំនួន ជាង ២៣,០០០​ នាក់ និង​សិស្ស​បាន​បញ្ចប់​ការ​សិក្សា​សរុប​ចំនួន​ជាង ៧,១០០​ នាក់​ ។ ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែម​ថា ចាប់តាំងពី​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ ពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រហូត​ដល់​ពេល​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​យ៉ាង​ផុសផុល ជាង​នេះ​ទៀត​ក្រុមការងារ​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ ទៅ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ កៀរគរ​យុវជន​គោលដៅ​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ​។

ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​អគ្គនាយកដ្ឋាន​ជំនាញ មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គ្រប់​រាជធានី​-​ខេត្ត​ បាន​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស មិន​ត្រឹមតែ​នៅ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​តាម​គោលដៅ​នោះ​ទេ ក៏​ប៉ុន្តែ​ក្រសួង​ក៏​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ ​នៅ​តាម​ទីតាំង​សាធារណៈ តាម​រយៈ​ការ​ចែក​ខិតប័ណ្ណ អំពី​កម្មវិធី​បណ្តុះបណ្តាល ​ថ្នាក់​ជាតិ​ នេះ​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ត​ថា វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ លើ​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ការ​ប្រកួតប្រជែង​ខ្ពស់ មាន​ភាព​ធន់ បត់បែន អាច​ឆ្លើយ​តប​តាម​តម្រូវការ​ នៃ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​ នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ធានា​ថា «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​អនុវត្ត​តាម​អភិក្រម​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ “​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​”​ ។

ឯកឧត្តម​បាន​អំពាវនាវ​ ដល់​យុវជន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សូម​រួសរាន់​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន​ដែល​នៅ​ក្បែរ​មូលដ្ឋាន​របស់​ខ្លួន​។ យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​តែ​ទទួល​ការ​រៀន​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដដែល ​។ សម្រាប់​សាកសួរ​ព័ត៌មាន​លំអិត សូម​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ​ទូរ​សព្ទ Hotline ឥត​គិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ៕ អត្ថបទសហការ