ទីក្រុងបាងកក៖ ថ្មីៗនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសថៃចាប់ផ្ដើមដាក់ពាក្យប្ដឹងទៅតុលាការធម្មនុញ្ញជាថ្មីម្ដងទៀតហើយដើម្បីស្នើសុំរំលាយគណបក្សនយោបាយចំនួន៦នៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកស្រីផែថងថាន។ ពាក្យបណ្ដឹងនោះចោទប្រកាន់ថាគណបក្សនយោបាយទាំង៦ដាក់ខ្លួនឱ្យស្ថិតក្រោមឥទ្ធិពលរបស់លោកថាក់ស៊ីន។
មានន័យថាគណៈកម្មការនេះចោទប្រកាន់ថាលោកថាក់ស៊ីនថ្វីដ្បិតពីសម្បកខាងក្រៅគ្មានតួនាទី ឬមុខតំណែងជាអ្នកនយោបាយនៅក្នុងរដ្ឋាភិបាលក៏ពិតមែន។ ប៉ុន្តែលោកស្ថិតនៅពីក្រោយវាំងនននយោបាយដើម្បីកាច់ចង្កូតពីក្រោយខ្នង។ គណបក្សចំនួន៥ទៀតក្រៅពីភឿថៃដែលមានរាយនាមនៅក្នុងពាក្យបណ្ដឹងនោះមាន៖ ទី១-ភូមិចៃថៃ, ទី២-រួមថៃសាងជាតិ, ទី៣-ឆាតថៃផាត់តាណា, ទី៤-ប្រឆាឆាត និងទី៥-ផាឡាំងប្រឆារ៉ាត់។
ព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនបានស្នើសុំឱ្យមន្ត្រីសំខាន់ៗរបស់គណបក្សសម្ព័ន្ធភាពទាំង៦ទៅជួបគាត់ដើម្បីជ្រាបថាគណបក្សភឿថៃសម្រេចតែងតាំងលោកឆាយកាសឹម នីតិសិរី (Chaikasem Nitisiri) ជាបេក្ខជននាយករដ្ឋមន្ត្រី។ សារព័ត៌មានចុះផ្សាយទៀតថាលោកថាក់ស៊ីនដើរតួនាទីជាឪពុករបស់លោកស្រីផែថងថាន។ កាលនោះលោកស្រីស្ថិតនៅក្រៅប្រទេស។ ពាក្យបណ្ដឹងនោះចោទប្រកាន់ថាទង្វើរបស់លោកថាក់ស៊ីនជាការប្រព្រឹត្តល្មើសនឹងមាត្រា២៨ និងមាត្រា២៩នៃច្បាប់ស្ដីពីគណបក្សនយោបាយនៅត្រង់ចំណុចដែលមិនអនុញ្ញាតឱ្យភាគីខាងក្រៅជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់បក្សជាដាច់ខាត។
ពាក្យបណ្ដឹងនោះក៏បាននិយាយយោងទៅលើមាត្រា២១នៃច្បាប់ដដែលនេះដែលចែងថាទង្វើរបស់គណបក្សនយោបាយនីមួយៗត្រូវឆ្លងកាត់ការយល់ព្រមពីគណៈកម្មការនាយករបស់បក្ស ហើយត្រូវតែស្របទៅតាមគោលការណ៍ស្ដីពីសមាហរណកម្ម, អភិបាលកិច្ចល្អ និងផលប្រយោជន៍សាធារណៈ។ ញត្តិដែលប្ដឹងតវ៉ានោះសរសេររៀបរាប់ថាទង្វើដែលប្រព្រឹត្តផ្ទុយពីមាត្រាទាំងនេះអាចមានទោសត្រូវរំលាយគណបក្សនយោបាយចោល។
យោងទៅតាមផ្លូវច្បាប់ គណៈកម្មការរៀបចំការបោះឆ្នោតមានសិទ្ធិបញ្ជូនពាក្យបណ្ដឹងទៅតុលាការធម្មនុញ្ញដើម្បីពិនិត្យ និងសម្រេច។ នៅក្នុងប្រយោគមួយនោះ ពាក្យបណ្ដឹងនេះសរសេររៀបរាប់ថា «ទង្វើរបស់លោកថាក់ស៊ីនបង្ហាញច្បាស់ៗថាគាត់ជាអ្នកចាំកាច់ចង្កូតពីក្រោយឆាកនយោបាយ។ សាធារណៈជនភាគច្រើនក៏យល់ដូចគ្នានេះដែរថាលោកថាក់ស៊ីនជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខរបស់គណបក្សភឿថៃតែម្ដង។ ក្នុងនាមជាឪពុករបស់លោកស្រីផែថងថាន លោកថាក់ស៊ីនក៏ត្រូវគេជឿជាក់ថាប្រើប្រាស់ឥទ្ធិពលបង្គាប់បញ្ជាកូនស្រីរូបនេះផងដែរ»។
គួរកត់សម្គាល់ថាករណីដាក់ពាក្យបណ្ដឹងដើម្បីស្នើសុំរំលាយគណបក្សនយោបាយទាំង៦ដូចរៀបរាប់ខាងលើនេះធ្វើឡើងនៅពេលលោកស្រីផែថងថានត្រៀមប្រកាសកម្មវិធីនយោបាយនៅក្នុងរដ្ឋសភាមុនពេលដាក់ឱ្យដំណើរការរដ្ឋាភិបាលថ្មីជាផ្លូវការ។ តាមមើលទៅកៅអីនាយករដ្ឋមន្ត្រីថៃរបស់លោកស្រីផែថងថានប្រហែលជាអង្គុយមិនស្រណុកខ្លួនប៉ុន្មានឡើយ។
ក្រុមអ្នកប្រឆាំងនឹងលោកថាក់ស៊ីនត្រៀមលើកគ្នាទៅតវ៉ានៅខាងក្រៅវិមានរដ្ឋាភិបាលនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ពោលគឺចំថ្ងៃដែលគណៈរដ្ឋមន្ត្រីត្រៀមកោះប្រជុំផ្លូវការជាលើកដំបូង។ ក្រៅពីនេះមានចលនាបីក្រុមទៀតក៏ត្រៀមហែបាតុកម្មតវ៉ាប្រឆាំងនឹងលោកថាក់ស៊ីនផងដែរ។ ក្នុងនោះមានបណ្ដាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់នៅប្រទេសថៃ, កងទ័ពធម្មា (the Dhamma Army) និងចលនាប្រជាជនថៃការពាររបបរាជានិយម។ ពួកគេត្រៀមជួបជុំគ្នានៅចុងសប្ដាហ៍នេះ។
ពួកគេប្រកាសថាចលនាតវ៉ានេះធ្វើឡើងដោយចិត្តឯង ដោយឥតមានការបង្គាប់បញ្ជាពីស្ថាប័ន ឬអ្នកនយោបាយណាទេ។ ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីមហាផ្ទៃ លោកអនុទីន ប្រកាសថាពួកគេមានសិទ្ធិពេញលេញក្នុងការសម្ដែងមតិ។ សំខាន់ឱ្យតែពួកគេធ្វើអ្វីៗស្របទៅតាមច្បាប់។ លោកក៏សំណូមពរឱ្យពួកគេរិះគន់កម្មវិធីនយោបាយរបស់រដ្ឋាភិបាលផ្អែកទៅលើការពិតផង កុំនិយាយបានត្រឹមតែនិយាយ។ បើមិនអីចឹងទេ មតិយោបល់របស់ពួកគេយកទៅធ្វើអ្វីមិនកើតទេ៕
ចែករំលែកព័តមាននេះ