នៅម៉ាឡេស៊ីនរណាក៏ស្គាល់លោក អាណាន់ដា គ្រីស្នាន (Ananda Krishnan) កំពូលមហាសេដ្ឋីដែលមានទ្រព្យរហូតដល់ទៅជាង៥ពាន់លានដុល្លារ ប៉ុន្តែអ្នកស្នងតំណែងរបស់លោក គឺកូនប្រុសពៅ ដែលមានឈ្មោះថា អាចាន ស៊ីរីផានីយូ (Ajahn Siripanyo) បែរជាបោះបង់ជីវិតនៅក្នុងជីវភាពដ៏ស្តុកស្តម្ភមកបួសជាព្រះភិក្ខុសង្ឃមួយអង្គនៅក្នុងប្រទេសថៃ ។
សារព័ត៌មាន Economic Times បានរាយការណ៍ថា លោក អាចាន ស៊ីរីផានីយូ បានសុខចិត្តលក់រថយន្តដ៏ទំនើបម៉ាក Ferrari របស់លោកបានមកសាងផ្នួសជាព្រះភិក្ខុដែលមានជីវភាពដ៏សាមញ្ញដូចជា ព្រះសង្ឃឯទៀត នៅក្នុងវត្តមួយនៅក្នុងប្រទេសថៃ ។
ក្នុងនាមជាអ្នកស្នងមរតកនៃអាណាចក្រទូរគមនាគមន៍ដែលមានតម្លៃជាង៥ពាន់លានដុល្លារ ការសម្រេចចិត្តរបស់លោក អាចាន ស៊ីរីផានីយូ ក្នុងការបោះបង់ចោលនូវជីវភាពដ៏រុងរឿង និងការទទួលខុសត្រូវដែលមកជាមួយផលប្រយោជន៍អាជីវកម្មដ៏ធំរបស់ឪពុកគាត់បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ។
លោក អាណាន់ដា គ្រីស្នាន ដែលត្រូវបានគេស្គាល់ផងដែរថា ជា AK បានកសាងអាណាចក្រ នៅក្នុងពិភពឧស្សាហកម្មទូរគមនាគមន៍ និងកាន់កាប់អាជីវកម្មជាច្រើនដែលរួមមានទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ប្រេង និងឧស្ម័ន អចលនទ្រព្យ និងផ្កាយរណប នៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌា ។ ភាពលេចធ្លោរបស់លោកត្រូវបានគូសបញ្ជាក់ ដោយភាពជាម្ចាស់របស់គាត់នៃក្រុមហ៊ុន Aircel ដែលជាក្រុមហ៊ុនទូរស័ព្ទឥណ្ឌាដ៏លេចធ្លោមួយនៅពេលបច្ចុប្បន្ន ។
នៅក្នុងនាមជាកូនប្រុសតែម្នាក់ របស់លោក អាណាន់ដា គ្រីស្នាន ថ្វីបើត្រូវបានទទួលមរតកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ របស់ឪពុកក៏ដោយក៏លោក អាចាន ស៊ីរីផានីយូ បានជ្រើសរើសផ្លូវផ្សេង ដោយផ្តោតលើព្រះធម៌ និងការផ្តាច់ខ្លួនចេញពីទ្រព្យសម្បត្តិខាងលោកិយ ។ លោក អាណាន់ដា គ្រីស្នាន គឺជាពុទ្ធសាសនិកមួយរូប លោកមានដើមកំណើនជាជនជាតិតាមីលនៅស្រីលង្ការ ហើយបានធ្វើចំណាក់ស្រុកមករស់នៅម៉ាឡេស៊ី ។ លោក អាណាន់ដា គ្រីស្នាន ត្រូវបានគេដឹងថា មានកូនបីរូប ដោយនៅក្នុងនោះ គឺស្រីពីរ និងប្រុសមួយ គឺព្រះភិក្ខ អាចាន ស៊ីរីផានីយូ នេះឯង ។
សារព័ត៌មានដដែលបានឲ្យដឹងថា បន្ទាប់ពីបានលះបង់ទ្រព្យសម្បត្តិដ៏សម្បើម និងភាពសុខស្រួលខាងសម្ភារៈនិយមនៅពេលបច្ចុប្បន្ន ភិក្ខុ អាចាន ស៊ីរីផានីយូ បានជ្រើសរើសវិថីជីវិតនៅក្នុងនាមជាព្រះសង្ឃមួយអង្គដូចគេដូចឯង ។
ភិក្ខុ អាចាន ស៊ីរីផានីយូ បានជ្រះថ្លា និងព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ តាំងពីក្មេងវ័យសរុបទៅ គឺមានអាយុកាលជាងពីរទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ននេះ ភិក្ខុ អាចាន ស៊ីរីផានីយូ ក្លាយជាព្រះចៅអធិការវត្ត Dtao Dum ក្នុងប្រទេសថៃ ។
ដោយចំណាយពេលធំធាត់នៅចក្រភពអង់គ្លេសជាមួយនឹងបងស្រីទាំងពីរ ភិក្ខុ អាចាន ស៊ីរីផានីយូ មានសមត្ថភាពប្រើប្រាស់ភាសាដ៏អស្ចារ្យ ដោយអាចទំនាក់ទំនងបានយ៉ាងស្ទាត់ជំនាញរហូតដល់ទៅប្រាំបីភាសាឯណោះ ។
មកដល់ពេលបច្ចុប្បន្ននេះ ការរសម្រេចចិត្តលះបង់មរតករបស់ភិក្ខុ អាចាន ស៊ីរីផានីយូ ហើយដើរតាមមាគ៌ាខាងព្រះធម៌ បានទាក់ទាញពិភពលោក ដោយបង្ហាញពីឥទ្ធិពលយ៉ាងខ្លាំងនៃជម្រើសផ្ទាល់ខ្លួន និងអំណាចនៃការជឿជាក់ខាងវិញ្ញាណ ។ សាវតារបស់លោក អាចាន ស៊ីរីផានីយូ បានកំពុងតែបន្តជំរុញទឹកចិត្តអ្នកដទៃឱ្យស្វែងរកការបំពេញលើសពីទ្រព្យសម្បត្តិសម្ភារៈ និងទទួលយកជីវិតនៃភាពសាមញ្ញ និងការរីកចម្រើនខាងវិញ្ញាណ ជំនួសឲ្យភាពលោភៈ និងទោសៈនានា ៕
ចែករំលែកព័តមាននេះ