សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ទីប្រឹក្សាគណសង្ឃនាយកកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប បានមានថេរដិកាថា ពេលដែលខ្វល់ខ្វាយពុទ្ធិបរិស័ទ គួរតែត្រូវរកកន្លែងស្ងប់ ។
តាមថេរដិកា ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្ទាល់របស់ព្រះអង្គ កាលពីពេលថ្មីៗនេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដិកាថា មនុស្សភាគច្រើនចិត្តមិនស្ងប់ទេ កាលណាមានសេចក្តីកង្វល់កើតមានច្រើន ដូច្នេះចូររកកន្លែងស្ងប់ធ្វើសមាធិ ។
សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដិកាថា «ការធ្វើសមាធិនេះ ចេញមកវិញ គឺធ្វើឲ្យស្រឡះ ខួរក្បាល វាមានប្រយោជន៍ ។ សូមព្យាយាមតាំងសតិ ហើយយើងធ្លាប់តែគេនិយាយប៉ះពាល់ខឹងតោងតាង តែបើយើងមានសមាធិ គឺវាមិនសូវឆូងឆាង ។ ដូច្នេះ វាមានប្រយោជន៍ណាស់ ចំពោះយើង» ។
សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដិកាសង្កត់ធ្ងន់ថា ការចំរើនសមាធិ គឺយើងអាចអង្គុយក៏បាន ហើយបើ កៃលេស វាខ្លាំងធ្វើឲ្យចុករោយ គឺអាចឈរទៅ ហើយពេលឈរទៅ វារោយ យើងអាចអង្គុយមកវិញ ហើយដើរក៏បានដែរ តែធ្វើម៉េចតាំងចិត្តឲ្យស្ងប់យកសតិមកគិត ។
សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដិកាបន្តថា ការធ្វើសមាធិប្រមាណជា៤០នាទី ប្រសិនបើយើងអាចរក្សាចិត្តឲ្យស្ងប់បាន គឺអាចស្មើនឹងយើងទទួលទានដំណេក៨ទៅ១០ម៉ោង ។
សម្តេចព្រះព្រហ្មរតនមុនី បានលើកទឹកចិត្តឲ្យពុទ្ធសាសនិកជនទាំងអស់ព្យាយាមរៀនសមាធិដើម្បីជាប្រយោជន៍ដល់សង្គមទាំងអស់គ្នា ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ