ខេត្តកំពង់ស្ពឺ ៖ ត្រកួនគ្រាប់ (ឬហៅថា ត្រកួនចិន) ត្រូវបានប្រជាពលរដ្ឋសម្រេចចិត្តបោះចោល និងច្រូតយកទៅឱ្យសត្វគោស៊ីក៏ព្រោះតែកសិករដាំលក្ខណៈគ្រួសារ ហើយមានតម្លៃទាបរហូតដល់៥០០រៀល និង៤០០រៀលក្នុង១គីឡូក្រាម ។ តម្លៃទាបហើយឈ្មួញកណ្តាលមិនទិញថែមទៀតផង ទើបកសិករម្នាក់សម្រេចចិត្តបោះចោលតែម្តង ។
ជួបជាមួយអ្នកយកព័ត៌មានយើង លោក សៅ ស៊ន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ
អង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា លោកពូសម្រេចចិត្តបោះចោលត្រកួនគ្រាប់ (ឬហៅថាត្រកួនចិន)នេះ ចងឱ្យសត្វគោស៊ីគឺ ដោយសារតែឈ្មួញកណ្តាលមិនទិញ គ្មានអ្នកទិញសោះ បើទោះជាតម្លៃធ្លាក់ចុះទាប រហូតដល់៥០០រៀល ទៅ៤០០រៀលក្នុង១គីឡូក្រាមនោះ ។
លោក សៅ ស៊ន បានបន្តទៀតថា សម្រាប់ការដាំត្រកួនគ្រាប់ (ឬហៅថា ត្រកួនចិន) នេះ ការចំណាយអស់គួរសមដែរ សម្រាប់ធ្វើចំនួនពីររងនេះ ទាំងជួលគេភ្ជួររាស់ដី បាចគ្រាប់ ជី និងចំណាយផ្សេងៗអស់ចាប់ពី៤០ ទៅ៥០ម៉ឺនរៀល។ បើតម្លៃចាប់ពី១០០០រៀលឡើងទៅ ទើបបានចំណេញប្រាក់គ្រាន់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារបាន ប៉ុន្តែបច្ចុប្បន្ននេះ តម្លៃធ្លាក់រហូតដល់៤០០រៀលទៅហើយនោះច្បាស់ជាខាតដើមហើយ ។
ចំពោះការថែទាំត្រកួនវិញ ងាយស្រួលទេ គឺបន្ទាប់ពីបាចគ្រាប់បាន៣ ទៅ៤ថ្ងៃ បាចជីធម្មជាតិ មានដូចជាជីអាចម៍មាន់ អាចម៍ទា អាចម៍គោជាដើម ហើយក៏មានលាយជីរបស់ក្រុមហ៊ុនតិចតួចដែរ បើខែប្រាំងស្រោចទឹករាល់ថ្ងៃ។ លុះត្រកួនអាយុកាលបានចំនួន១០ថ្ងៃ យើងចាប់បាចជីម្តងទៀតត្រកួនសាល់ល្អ លុះដល់អាយុ១៧ ទៅ១៨ថ្ងៃគឺប្រមូលផលបានហើយ ។
តម្លៃត្រកួនមិនស្ថិតស្ថេរនោះទេ គឺតម្លៃនៅលើមាត់របស់អ្នកទិញ ឬក៏ឈ្មួញកណ្តាលតែប៉ុណ្ណោះ ជួនពេលខ្លះ តម្លៃត្រកួនអាចឈានដល់៣០០០រៀល ទៅ៤០០០រៀលក្នុង១គីឡូក្រាមក៏មាន ហើយសម្រាប់តម្លៃធ្លាក់ចុះខ្លាំង៥០០រៀល រហូតដល់៤០០រៀលក៏មានដែរ។ តម្លៃធ្លាក់ចុះត្រកួនកសិករកំពុងប្រមូលហើយ មិនមានអ្នកទិញថែមទៀតនោះ ទើបគាត់សម្រចចិត្តបោះចោល ច្រូតយកឱ្យសត្វគោស៊ី និងចងសត្វគោឱ្យស៊ីត្រកួននេះតែម្តង។ គាត់មានការសោកស្តាយខ្លាំងណាស់ ប៉ុន្តែធ្វើមិចបើគ្មានអ្នកទិញលក់មិនចេញ។
ជាចុងក្រោយ លោកពូ សៅ ស៊ន ជាកសិករអ្នកដាំត្រកួនធ្វើការសំណូមពរដល់អ្នកទិញ ឬហៅថាឈ្មួញកណ្តាលនោះ មេត្តាជួយឱ្យតម្លៃដល់កសិករអ្នកដាំផង ចង់បានណាស់តម្លៃថេរត្រឹមតម្លៃ១០០០រៀល ក៏បានចំនេញខ្លះដែរ មិនបាច់ឡើងចុះតាមតែមាត់នោះទេ។ និងសូមឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តាជួយរកទីផ្សារដល់កសិករដែលដាំដំណាំបន្លែ ជាពិសេសត្រកួនគ្រាប់(ឬហៅថាត្រកួនចិន)នេះ ឱ្យមានតម្លៃថ្លៃផងទាន៕
ចែករំលែកព័តមាននេះ