រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន បានប្រាប់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីពីការធ្វើប្រជាមតិ ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែ នៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ។
ខណៈចូលជូនសារតាំង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានជម្រាបសម្តេចតេជោថា កាហ្សាក់ស្ថាននឹងធ្វើប្រជាមតិ នៅខែតុលា ឆ្នាំ២០២៤នេះ ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខថាមពល របស់ប្រទេសកាហ្សាក់ស្ថាន ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះការគាំទ្រកាហ្សាក់ស្ថានក្នុងនាមជាប្រធាន CICA ។ ឯកឧត្តម សង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកាហ្សាក់ស្ថាន ក៏ដូចជាគាំទ្រដល់សេចក្តីព្រាងដំបូងនៃធម្មនុញ្ញ CICA (First Draft of CICA Charter) ដើម្បីធ្វើឱ្យសន្និសីទនេះក្លាយជាអង្គការកម្រិតអន្តរជាតិជាផ្លូវការមួយ ។ ក្រៅពីនេះ ឯកឧត្តម ក៏សូមស្នើកម្ពុជា បន្តគាំទ្រកាហ្សាក់ស្ថាន ក្នុងឋានៈជាប្រទេសសង្កេតការណ៍របស់អាស៊ាន និងក្នុងក្របខណ្ឌអន្តរជាតិផ្សេងៗ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា យោងតាមទស្សនវិស័យថ្មីកាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម ។
ក្នុងវិស័យសេដ្ឋកិច្ច ឯកឧត្តមទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ៣០០លានដុល្លារអាមេរិក និងដល់កម្រិត១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ ។
ឯកឧត្តមបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន ។ ឯកឧត្តម បានវា.យតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរយៈពេល៣០ឆ្នាំមកនេះ ដែលមានមូលដ្ឋានលើការទុកចិត្តគ្នា ការគាំទ្រគ្នា និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តម បានបញ្ជាក់ថា ៖កន្លងមកប្រទេសយើងទាំងពីរតែងគាំទ្រគ្នាក្នុងកម្រិតអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តអាស៊ី (CICA) វេទិកាអាស៊ីអឺរ៉ុប និងសមាគមអាស៊ានផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីការដាក់ចេញនូវទស្សនវិស័យថ្មីសម្រាប់អនាគតរបស់ប្រទេសកាហ្សាក់ស្ថាន ដោយឯកឧត្តមប្រធានាធិបតី Kassym-Jomart Tokayev កាលពីថ្ងៃទី២ ខែកញ្ញាកន្លងមក ដោយផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច ពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ ការអភិវឌ្ឍវិស័យឧស្សាហកម្ម ជំរុញនវានុវត្តន៍ ការការពារបរិស្ថាន និងការពង្រឹងមូលធនមនុស្ស ។ ចំពោះគោលនយោបាយការបរទេសវិញ កាហ្សាក់ស្ថាននៅតែបន្តពង្រឹងទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា គ្មានថ្ងៃផ្លាស់ប្តូរ៕
ចែករំលែកព័តមាននេះ