រាជធានីភ្នំពេញ ៖ ព្យុះទី១១ ឈ្មោះថាយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា ដែលស្ថានភាពនឹងជះឥទ្ធិពលលើប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមប្រភពពីគេហទំព័រគណៈកម្មការទន្លេមេគង្គ (Mekong River Commission) ចេញផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ។
ប្រភពដដែលបន្តថា ព្យុះយ៉ាកជី នឹងបង្កឱ្យមានភ្លៀងធ្លាក់ដោយឡែកក្នុងប្រទេសកម្ពុជា រួមមាន ខេត្តក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងរតនគិរី។ ប្រទេសឡាវ រួមមាន ខេត្ត Luangnamtha, Oudomxay ទីក្រុងវៀងច័ន្ទន៍ ខេត្ត Xaysomboun, Attapeu, Sekong និង Champasak។ ប្រទេសថៃ រួមមាន ខេត្ត Nakhon Phanom, (Mukdahan, Amnat, Charoen, Nakhon Ratchasima, Yasothon និង Ubon Ratchathan។ ប្រទេសវៀតណាម រួមមានខេត្ត Dak Lak, Kon Tum, និង Gia Lai។
ផ្តើមចេញពីម៉ោង ៧ព្រឹក ថ្ងៃទី៥ ខែកញ្ញា ចំណុចកណ្តាលនៃព្យុះយ៉ាកជី គឺស្ថិតនៅរយៈទទឹងប្រហែល ១៩.០ដឺក្រេភាគខាងជើង និងរយៈបណ្តោយ ១១៥.៨ ដឺក្រេភាគខាងកើត ស្ថិតនៅចម្ងាយប្រហែល ៥២០គីឡូម៉ែត្រភាគខាងកើត នៃកោះហៃណាន (Hainan) ប្រទេសចិន។
ប្រភពពីគណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី៦ ខែកញ្ញានេះ ព្យុះយ៉ាកជី នឹងស្ថិតនៅចម្ងាយប្រហែល ១៩០គីឡូម៉ែត្រ ភាគខាងកើតកោះហៃណាន និងប្រហែល ៥៩០គីឡូម៉ែត្រភាគខាងកើតប៉ែកអាគ្នេយ៍ ខេត្តក្វាងនិញ (Quang Ninh) ប្រទេសវៀតណាម។ ខ្យល់បក់បោកខ្លាំងបំផុតនៅជិតចំណុចកណ្តាលនឹងបន្តមានកម្រិតខ្ពស់ ដោយផ្លាស់ទីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនពី ១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រភពដដែលបន្តថា នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពីឆ្លងកាត់កោះហៃណាន ព្យុះយ៉ាកជីនឹងចុះខ្សោយ ហើយនឹងលែងជាព្យុះសង្ឃរាទៀតហើយ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅពេលដែលរំកិលខ្លួនចូលទៅក្នុងឈូងសមុទ្រតុងកឹង (Tonkin) តំបន់ភាគខាងជើងនៃប្រទេសវៀតណាម ព្យុះនេះនឹងនូវរក្សាអាំងតង់ស៊ីតេខ្ពស់ ដោយសារតែមកពីលក្ខខណ្ឌទឹកសមុទ្រក្តៅ។ លុះដល់នៅថ្ងៃទី៩ ខែកញ្ញា ព្យុះយ៉ាកជីត្រូវបានរំពឹងថា នឹងចុះខ្សោយទៅជាសម្ពាធទាបលើតំបន់ភាគពាយ័ព្យ នៃប្រទេសវៀតណាម។
យ៉ាងណាមិញ ប្រភពពីគណៈកម្មការទន្លេមេគង្គបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតំបន់ខាងលើ និងខាងកើតនៃអាងទន្លេមេគង្គក្រោម។
ជាមួយគ្នាផងដែរ ក្រសួងធនធានទឹក និងឧតុនិយមព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយព្យុះយ៉ាកជីបានវិវត្តន៍ទៅជាព្យុះស្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអាន់ដាម៉ាន (Andaman) ខណៈដែលសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ហើយស្ថានបែបនេះ ចាប់ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងនាំឱ្យ ៖
បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០%។
បណ្តាខេត្តនៅតំបន់ខ្ពង់រាប រួមមាន កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។ ចំណែកតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែបនិងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៥០%៕
ចែករំលែកព័តមាននេះ