រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២គ្រួសារក្នុងចំណោម៦គ្រួសារ បានផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ា ថៃ ឈុនគ្រី ដែលបានប្តឹងចេញដិកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់ដីរបស់ពួកគាត់មិនអោយលក់ ដូរ ជួលបញ្ចាំ ប្រវាស់ ដាក់ធានា ផ្ទេរសិទ្ធិ ធ្វើអំណោយ ធ្វើប្រទានកម្ម ឬក៏សាងសង់សំណង់ផ្សេងៗលើរបស់ពួកគាត់ដែលមានប្លង់កាន់កាប់ត្រឹមត្រូវ។
ការតវ៉ានេះ បានផ្ទុះឡើងកាលពីវេលាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពួកគាត់បាននាំគ្នាកាន់ប្លង់រឹងឯកសារពាក់ព័ន្ធនិងរូបថតលោកឧកញ៉ា ថៃ ឈុនគ្រី នៅលើដីរបស់ពួកគាត់ដែលស្ថិតនៅតាមផ្លូវ បេតុង(អតីតផ្លូវរថភ្លើង) ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ការតវ៉ានេះ បន្ទាប់ពីអាជ្ញាធរខណ្ឌប្ញស្សីកែវ បានហាមឃាត់មិនអោយសាងសង់រោងដែកលើដីរបស់ខ្លួនទាំងសំណង់នោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសាងសង់លើដីរបស់ខ្លួនដោយស្របច្បាប់មានប្លង់រឹងត្រឹមត្រូវ។
លោកស្រីជា ចាន់រ៉ា អាយុ៣៧ឆ្នាំ បានអោយដឹងថា គាត់បានរងនូវអយុត្តិធម៌យ៉ាងខ្លាំង ដែលរស់នៅលើដីរបស់ខ្លួនដែលមានប្លង់រឹងជាលក្ខណៈប្រព័ន្ធត្រឹមត្រូវ បែរជាលោកឧកញ៉ាថៃ ឈុនគ្រី ប្តឹងចេញដិការក្សាការពារហាមឃាត់ដីរបស់គាត់មិនអោយលក់ដូរ និងសាងសង់សំណង់ផ្សេងៗទៅវិញ ។
លោកស្រីបានអោយដឹងទៀតថា ដីរបស់គាត់មុនដំបូងដល់ផ្លូវរថភ្លើង ។ នៅកំឡុងឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញបានអភិវឌ្ឍស្ថាបនាផ្លូវបេតុងតាមផ្លូវរថភ្លើង ដោយមានការសម្របសម្រួលកាត់បន្ថយនូវផលប៉ះពាល់អោយកាត់តែតិច ក៏បានកាត់ប្រវែង១០ម៉ែត្រពីអ័ក្សស្ថាបនាផ្លូវបេតុង ។
បន្ទាប់ពីកាត់១០ម៉ែត្រ ដីដែលនៅសល់ប្រវែងប្រមាណ១៧មែត្រ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញ រួមទាំងមន្ទីរជំនាញក៍បានចុះធ្វើប្លង់ជួនប្រជាពលរដ្ឋជាលក្ខណះប្រព័ន្ធ និងបានសាងសង់ផ្ទះដោយសុំច្បាប់ត្រឹមត្រូវ ស្រាប់តែលោកឧកញ៉ាថៃ ឈុនគ្រី ប្តឹងទៅតុលាការហាមឃាត់សំណង់របស់គាត់ ។ ប្រជាពលរដ្ឋដែលតវ៉ាបានអោយដឹងទៀតថា ប្រជាពលរដ្ឋដែលរងនូវអយុត្តិធម៌ចំនួន៦គ្រួសារ តែពួកគាត់ជាប់រវល់នៅតែ២គ្រួសារបានតវ៉ា ។
លោកស្រីបានបញ្ជាក់ថា លោកឧកញ៉ាប្តឹងចង់បានដីរបស់ពួកគាត់តែម្តងដោយគាត់អះអាងថា ដីរបស់គាត់រហូតដល់ផ្លូវរថភ្លើង ។ ដីលោកឧកញ៉ាថៃ ឈុនគ្រី គឺនៅខាងក្រោយផ្ទះរបស់ពួកគាត់ហើយ បានសាងសង់ជាបុរីថៃ ឈុនគ្រី លក់អស់ហើយ ដោយទុកកន្ទុយដីខាងក្រោយទល់កន្ទុយដីរបស់គាត់ ដោយមានរបងត្រឹមត្រូវ មិននឹកស្មានថា មកប្តឹងយកដីរបស់ពួកគាត់ដែលមានប្លង់ត្រឹមត្រូវទៅវិញ ។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌មេត្តាជួយរកយុត្តិធម៌អោយពួកគាត់ផង និងសំណូមពរដល់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយពិនិត្យអង្គហេតុនេះសារឡើងវិញ ព្រោះពួកគាត់រងអយុត្តិធម៌មិនអាចទទួលយកបាននោះទេ ។
ទោះបីជាយ៉ាងណា កោះសន្តិភាពពុំទទួលការបំភ្លឺណាមួយពីលោកឧកញ៉ាថៃ ឈុនគ្រី នៅឡើយទេ ព្រោះពុំអាចទំនាក់ទំនងតាមទូរស័ព្ទបាន ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ