រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់ ត្រូវបានសាច់ញាតិអោយម៉ូតូកង់បីដឹកយកមកប្លុងចោល បង្កអោយការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍សួរនាំនៅវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ទល់មុខវិហារឥស្លាម ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅម្តុំនោះ បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានដឹកស្ត្រីខាងលើ យកមកទម្លាក់ចោល នៅមុខវិហារឥស្លាម ហើយក៏បើកម៉ូតូទៅបាត់តែម្តងទៅ ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីឃើញបែបនេះ ហើយពួកគាត់ជាប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អោយចុះទៅជួយអន្តរាគមន៍ និងពិនិត្យមើលស្ត្រីខាងលើនៅដេកលើចិញ្ចើមផ្លូវ ពេលសមត្ថកិច្ចទៅដល់បានឃើញមានកាបូបខោអាវមួយ កង្ហារមួយគ្រឿង កន្ថោរមួយ និងទូរស័ព្ទដៃមួយគ្រឿងតែប៉ុណ្ណោះ ។
ករណីនេះផងដែរ អាជ្ញាធរឲ្យដឹងថា ស្ត្រីខាងលើត្រូវបានសាច់ញាតិអោយដឹកតាមរថយន្តឈ្នួលចេញពីខេត្តសៀមរាប មកភ្នំពេញ ហើយមកដល់ភ្នំពេញក៏បានអោយម៉ូតូកង់បីឥណ្ឌាដឹកយកមកប្លុងចោលនៅផ្លូវ៣៦៩ទល់មុខ វិហារឥស្លាមតែម្តងទៅ ។
ពាក់ពន្ធ័ករណីនេះផងដែរ រង់ចាំទាក់ទងរកសាច់ញាតិរហូតដល់ម៉ោង១២អធ្រាត្រ មិនបាន លោកមេប៉ុស្តិ៍ព្រែកប្រា សម្រេចយករថយន្តផ្ទាល់ខ្លួនដឹកយកស្ត្រីខាងលើទៅសម្រាកនៅមន្ទីរពេទ្យបង្អែកច្បារអំពៅជាបណ្ដោះអាសន្នសិន ហើយរង់ចាំស្វែងរកសាច់ញាតិជាបន្តទៀត ៕
ចែករំលែកព័តមាននេះ