ខេត្តកោះកុង ៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្ត បានចុះជួយ
សង្គ្រោះយ៉ាងប្រញាប់ប្រញាល់ស្ត្រីសម្រាលកូននៅលើទូក ក្នុងកំឡុងពេលធ្វើដំណើរនៅលើផ្ទៃសមុទ្រ ។
មន្ទីរពេទ្យបង្អែកខេត្ត បានបង្ហោះឱ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ
២០២៤ ក្រុមគ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្ត បានចុះជួយសង្គ្រោះភ្លាមៗ
ស្ត្រីឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកោះស្រឡៅ(នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង ។
ក្រុមគ្រូពេទ្យបានជួយសម្រាលស្ត្រីខាងលើ ដោយសុវត្ថិភាពទាំងម្តាយនិងកូន ។ តាមប្រភពព័ត៌មានថា ស្ត្រីរូបនេះមានកូន២នាក់រួចហើយ ឯកូនទី៣នេះជាទារិកា ទម្ងន់៣,២គីឡូក្រាម និងបានបញ្ជូនតាមរថយន្តសង្គ្រោះទៅបន្តការថែទាំព្យាបាលនៅផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្ត ៕
ចែករំលែកព័តមាននេះ