រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន មិនមែនមានន័យថា រដ្ឋាភិបាលអស់ថវិកាក្នុងការកសាងដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមមួយចំនួនលើកឡើងនោះទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាលធ្វើដើម្បីឱ្យប្រជាជនបានផ្សាភ្ជាប់តែម្តងជាមួយនឹងការចូលរួម លើការកសាងប្រទេសជាតិ ដែលបង្ហាញពីសមាណចិត្តជាស្មារតីរួមគ្នារហូតមកដល់ពេលនេះ ទទួលបានទឹកប្រាក់ប្រមាណ១៩លានដុល្លារអាមេរិក ។
តាមការបញ្ជាក់របស់សម្តេចធិបតីមូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែនខាងលើនេះ បង្កើតឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនបានសំណូមពរមកកាន់សម្តេចធិបតី ដើម្បីឱ្យខ្លួនមានឱកាសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ជាពិសេសអាចយកថវិកាទាំងនេះ ដើម្បីអភិវឌ្ឍតំបន់ដាច់ស្រយ៉ាលជាប់ព្រំដែន ជាពិសេសខេត្តទាំង៤ ក្នុងគម្រោង CLV DTA តែម្តង ។
ថ្លែងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី៥ ខែកញ្ញានេះ សម្តេចធិបតី មានប្រសាសន៍ថា «ការចូលរួមមិនកំណត់រឿងថវិកាត្រូវតែធំនោះទេ បងប្អូនចូលរួមដោយស្ម័គ្រចិត្ត១០០រៀល កម្មករ អ្នករត់ Pass up ១០០រៀល ដើម្បីភ្ជាប់និស្ស័យក្នុងការចូលរួមកសាងរបស់គាត់គោលបំណងនៃការរៀបចំមូលនិធិនេះឡើង អ្នកខ្លះគេថា ម៉េចរដ្ឋខ្វះលុយធ្វើមែន? រដ្ឋអស់រលីងហើយឬយ៉ាងមិច? អត់ទេ» ។
ជាមួយគ្នានេះ ឆ្លើយតបនឹងមតិមួយចំនួនជុំវិញថា បើរដ្ឋមានថវិកាគ្រប់គ្រាន់ហើយនោះ ម្តេច នៅបង្កើតមូលនិធិរៃអង្គាសថវិកា ដើម្បីអ្វីទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ដើម្បីឱ្យប្រជាជនបានផ្សាភ្ជាប់តែម្តងជាមួយនឹងការចូលរួម» ។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «រឿងទឹកចិត្តធំណាស់ ហើយរឿងនៃការភ្ជាប់សមាណចិត្ត ជាមួយនឹងការការពារទឹកដីតាមរយៈមិនត្រឹមតែបញ្ចេញកង្វល់ ប៉ុន្តែធ្វើសកម្មភាពជាក់ស្តែង ដើម្បីចូលរួមកសាងនេះ គឺជាអ្វីដែលយើងជាស្មារតីរួមគ្នាមិនមែនចូលរួមគ្នាស្រលាញ់ជាតិ ដើម្បីនាំគ្នាធ្វើម៉េចឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ យកឈ្នះរដ្ឋាភិបាលរលំនោះទេ ប៉ុន្តែរួមគ្នា ដើម្បីការកសាង ការពារប្រទេសជាតិយើង ហើយក្នុងលទ្ធភាពមួយតាមរយៈការចូលរួម គឺបង្ហាញសមាណចិត្ត មិនថា១០០រៀល ឬជាង១លានដុល្លារនោះទេ តម្លៃស្មើគ្នា លទ្ធភាពខុសគ្នា ប៉ុន្តែទឹកចិត្តនៃការស្រលាញ់ជាតិ គឺស្មើគ្នា ហើយនេះហើយបានខ្ញុំសូមអរគុណណាស់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួម» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្ទាប់ពីបង្កើតមូលនិធិមួយនេះឡើងកាលពីថ្ងៃទី២២ ខែសីហា នឹងចាប់ផ្តើមដំណើរជាផ្លូវការ នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៤ ដោយគិតមកដល់ថ្ងៃទី៥កញ្ញានេះ តាមអ្វីដែលសម្តេចធិបតី លើកឡើងមានប្រជាពលរដ្ឋប្រមាណជាង៤០ម៉ឺននាក់ បានចូលរួមបរិច្ចាគ ខណៈថវិកាទទួលបានជាង១៩លានដុល្លារ ហើយនឹងមានជាបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ