ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រីក្រសួង​អប់រំ ណែនាំ​ឲ្យ​មាតាបិតា កុំឱ្យ​កូន​ៗ​មើល​ទូរ​សព្ទ​ច្រើន​ហួសហេតុ ត្រូវ​បញ្ជូន​ទៅ​រៀន​តាំងពី​កម្រិត​ម​ត្តេ​យ្យ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ថា ដើម្បី​ការ​សិក្សា​កូន​ល្អ គឺ​ទាមទារ នូវ​ការ​ចូលរួម​គាំទ្រ​ពី​សំណាក់​មាតាបិតា និង​អ្នក​អាណាព្យាបាល…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ថា ដើម្បី​ការ​សិក្សា​កូន​ល្អ គឺ​ទាមទារ នូវ​ការ​ចូលរួម​គាំទ្រ​ពី​សំណាក់​មាតាបិតា និង​អ្នក​អាណាព្យាបាល ជួយ​តាមដាន និង​ដាស់តឿន​ជំរុញ​កូន​ៗ ឱ្យ​រៀន​បន្ថែម​នៅផ្ទះ ពិសេស​កុំឱ្យ​កូន​ៗ មើល​ទូរ​សព្ទ​ច្រើន​ហួសហេតុ ។

ការ​ណែនាំ​នេះ នា​ឱកាស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ទស្សនកិច្ច​សាលា​បឋម​សិក្សា​ព្រែក​កំពឹស ដើម្បី​ពិនិត្យ​វឌ្ឍនភាព គម្រោងការ​អប់រំ​មូលដ្ឋាន គាំទ្រ​ដោយ​ធនាគារពិភពលោក នា​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​សាលា ក្នុង​ការ​ផ្តល់ នូវ​ការ​អប់រំ​ប្រកបដោយ​គុណភាព និង​ការ​អនុវត្ត​កម្មវិធី​រៀន​ពេញ​មួយ​ថ្ងៃ ព្រមទាំង​ការ​ចូលរួម​គាំទ្រ​មិន​ថមថយ​ម​របស់​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស ដើម្បី​លើកកម្ពស់​លទ្ធផល​សិក្សា​សិស្ស និង​បាន​ផ្តល់​អនុសាសន៍ ឱ្យ​ក្រុមការងារ​ជំនាញ សហការ​ជាមួយ​សាលា ដើម្បី​ពិនិត្យ​មើល​ពី​មូលហេតុ ដែល​ធ្វើ​ឱ្យ​អត្រា​សិស្ស​ត្រួតថ្នាក់​ខ្ពស់ ដោយ​ត្រូវ​រួម​គិត និង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ក៏​ដូច​ជា​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​រៀន​ពេញ​មួយ​ថ្ងៃ ដែល​ជួយ​ក្មេង​ពី​ការ​យក​ម៉ោង​ទំនេរ​ទៅ​ដើរ​លេង មក​ជា​ការ​រៀនសូត្រ ។

ឯកឧត្តម​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ថា ៖ «​ត្រូវ​ចង​ចាំ​ថា ដើម្បី​ការ​សិក្សា​កូន​ល្អ គឺ​ទាមទារ នូវ​ការ​ចូលរួម​គាំទ្រ​ពី​សំណាក់​មាតាបិតា អ្នក​អាណាព្យាបាល ដែល​ជួយ​តាមដាន ដាស់តឿន ជំរុញ​កូន​ៗ ឱ្យ​រៀន​បន្ថែម​នៅផ្ទះ សូមកុំ​ឱ្យ​កូន​ៗ​មើល​ទូរ​សព្ទ​ច្រើន​ហួសហេតុ ជា​ពិសេស គឺ​ត្រូវ​បញ្ជូន​កូន​មក​ទទួល​ការ​អប់រំ​តាំងពី​កម្រិត​ម​ត្តេ​យ្យ ដើម្បី​ត្រៀមខ្លួន​ឱ្យ​រួចរាល់​សម្រាប់​ថ្នាក់បឋមសិក្សា និង​ពង្រឹង​គ្រឹះ​ចំណេះដឹង​សម្រាប់​ឈាន​ទៅ​បន្ត​ការ​សិក្សា​កាន់តែ​ខ្ពស់ ដើម្បី​ឈោង​ចាប់​អនាគត​ភ្លឺស្វាង​នា​ពេល​អនាគត​» ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្រី Country Manager ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ក្តី​រីករាយ ដែល​បាន​មក​ដល់​សាលារៀន​ដោយ​ផ្ទាល់ ឃើញ​យ៉ាង​ច្បាស់ ពី​សកម្មភាព នៃ​ការ​បង្រៀន និង​រៀន​របស់​សិស្សានុសិស្ស ជា​ពិសេស គឺ​អាច​មើលឃើញ​ពី​តម្រូវការ ក៏​ដូច​ជា​បញ្ហា​ប្រឈម​ផ្សេង​ៗ ដែល​សាលា​កំពុង​ជួប​ប្រទះ​ជាក់ស្តែង ដើម្បី​អាច​បន្ត​ចូលរួម​ជួយ​គាំទ្រ​ឱ្យ​ចំ​គោលដៅ ដោយ​គូសបញ្ជាក់​ថា ធន​គារ​ពិភពលោក ពិតជា​យកចិត្ត​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ដែរ​ថា ធនាគារពិភពលោក ( World Bank) បាន​គាំទ្រ​វិស័យ អប់រំ​នៅ​កម្ពុជា តាម​រយៈ​គម្រោង​អប់​រំជា​មូលដ្ឋាន (Basic Education 2025-2030) ដែល​ផ្តោត​លើ​ការ​លើកកម្ពស់​គុណភាព នៃ​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​នៅ​គ្រប់​កម្រិត ការ​អនុវត្ត​កំណែទម្រង់​សាលារៀន ការ​ពង្រឹងគុណភាព នៃ​ការ​បណ្តុះបណ្តាល និង​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូបង្រៀន និង​ការ​លើកកម្ពស់​ការ​អប់រំ​ឌី​ជី​ថ​ល​។ ដើម្បី​បង្កើត​ផល​ជះ​លើ​គុណភាព នៃ​ការ​អប់រំ​ទូទៅ​គម្រោង ត្រូវ​ផ្តោត​លើ​ការ​អប់រំ​ថ្នាក់ដំបូង ការ​អប់រំ​ឌី​ជី​ថ​ល ការ​បង្រៀន និង​ការ​រៀន​ពេញ​មួយ​ថ្ងៃ អាហារូបត្ថម្ភ និង​សុខភាព​សាលារៀន សម្រាប់​ក្រុម​ជួប​ការ​លំបាក អភិបាលកិច្ច​តាម​វិស័យ និង​ការ​បណ្តុះបណ្តាល​គ្រូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ