ខេត្តបាត់ដំបង ៖ កូនប្រុសចិត្តឃោរឃៅម្នាក់ដែលគេអះអាងថា ជាជនបែកថ្នាំផង ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ ក្រោយពីប្រើហិង្សាទៅលើឪពុកបង្កើត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី០២ កញ្ញា ស្ថិតនៅចំណុចភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនតិរឆ្ឆាននោះ ឈ្មោះ ហ៊ីង គឹមឈើត ភេទប្រុស អាយុ៣៦ឆ្នាំ រីឯឪពុកជាជនរងគ្រោះឈ្មោះ កង ហ៊ីង អាយុ៧៥ឆ្នាំ ត្រូវកូនប្រុសវាយប៉ោងមុខ បាក់ឆ្អឹងថ្គាម និង ត្រូវជាច្រើនកន្លែងទៀត ។ អំពើហិង្សានេះ រវាងឪពុកនិងកូនប្រុសរូបនេះ បានកើតឡើងក្រោយពីមានប៉ះពាក្យសម្តីគ្នាមួយប្រាវនៅក្នុងគ្រួសារ ដោយសារតែលោកកូនរមិលគុណនេះ បង្ករឿងមិនឈប់ជាមួយឪពុកម្ដាយ លុះឪពុកស្ដីបន្តិចបន្តួចក៏កើតហិង្សាតែម្ដង ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលផ្ទុះជម្លោះរវាងឪពុកនិងកូនប្រុសបែកថ្នាំខាងលើនេះ ដំបូងគេឃើញកូនប្រុសនេះបានព្យាយាមរកវាយឪពុក ហើយគ្រានោះ ឪពុកបានទាញចំពាមកៅស៊ូយារកបាញ់(បែបគំរាម)កុំឲ្យចូលជិត តែលោកកូនអត់ខ្លាច ក៏ស្ទុះចូលទៅវាយឪពុកទាំងកំរោល រហូតដេកដួលរបួសធ្ងនធ្ងរតែម្ដង ។
ក្រោយវាយឪពុករងរបួសធ្ងន់ ជននេះក៏ព្យាយាមរត់គេចខ្លយន តែត្រូវកម្លាំងសមត្ថកិច្ចជិះម៉ូតូដេញតាមក្របួចជាប់ភ្លាមៗដែរ ។ នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រែកជីក លោក ស៊ុំ សៅ បានប្រាប់បន្ថែមតាមទូរស័ព្ទថា តាមពិត ជនរងគ្រោះដែលជាឪពុកនោះ គាត់ជាអាចារ្យទៅតែវត្ត ។ គាត់គ្មានកម្លាំងតបត ជាមួយកូនបែកថ្នាំនោះទេ ។ លោកនិយាយថា បើតាមលោកសួរនាំប្រពន្ធគាត់ គឺឪពុកគ្រាន់តែទាញចំពាមយារៗរកបាញ់ ដើម្បីគំរាមកូនតែប៉ុណ្ណោះ តែកូនមិនខ្លាច ហើយខឹងក៏ស្ទុះទៅវាយឪពុកទាំងកំរោលរហូតរបួសធ្ងន់ធ្ងរបែបនេះ ។
លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា ជនដៃដល់ធ្លាប់ប្រើប្រាស់ថ្នាំញៀន រហូតស្ទើរក្លាយជាមនុស្សវិកលចរិតទៅហើយ ។ ជននេះ តែងបង្ករឿងជាប្រចាំជាមួយឪពុកម្ដាយ ដូច្នេះហើយ ទើបនៅថ្ងៃកើតហេតុឈានដល់ប្រើហិង្សាធ្ងន់ធ្ងរទៅលើឪពុក ក្រោយប៉ះពាក្យសម្ដីគ្នាមួយប្រាវ ។
ក្រោយវាយឪពុកឲ្យរបួសធ្ងន់ បានថ្គាម និងប៉ោងមុខ ជននេះបានព្យាយាមរត់គេចខ្លយន តែត្រូវបានកម្លាំងរបស់លោកដេញតាមចាប់ខ្លួនបាន ប្រហែល២០នាទីក្រោយ។ ពេលនេះ មន្ត្រីប៉ុស្ដិ៍បានបញ្ជូនជនដៃដល់នេះ ទៅកាន់អធិការស្រុក ដើម្បីចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ