ទីក្រុងប៉េកាំង៖ ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុបប្រកាន់គោលជំហរប្រាកដនិយម និងយុត្តិធម៌នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ហើយត្រូវតែនិយាយ និងធ្វើសកម្មភាពដោយប្រយ័ត្នប្រយែងនៅក្នុងបញ្ហានេះ។ ប្រទេសចិនថ្លែងដូច្នេះបន្ទាប់ពីសហភាពអឺរ៉ុបធ្វើអត្ថាធិប្បាយនយោបាយពាក់ព័ន្ធនឹងឧបទ្ទវហេតុរវាងទូកល្បាតចិន និងហ្វ៊ីលីពីនកាលពីចុងសប្ដាហ៍មុន។
ប្រទេសចិនមានអារម្មណ៍អាក់អន់ស្រពន់ចិត្តជាខ្លាំងនៅពេលសហភាពអឺរ៉ុបនិយាយចោទប្រកាន់ចិន។ ខាងលើនេះជាអ្វីដែលចិនរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនផ្ញើជូនសហភាពអឺរ៉ុប។ សេចក្ដីថ្លែងការណ៍នោះរៀបរាប់ថាសហភាពអឺរ៉ុបមិនជាប់ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងទេ។ ហេតុនេះអឺរ៉ុបក៏គ្មានសិទ្ធិនិយាយអំពីបញ្ហានេះដែរ។
ប្រទេសចិនយល់ថាករណីដែលសហភាពអឺរ៉ុបចូលចិត្តបំផ្លោងវោហារសាស្ត្រស្ដីពី «សេរីភាពខាងការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង» ហាក់ដូចជាគ្មានប្រយោជន៍សម្រាប់ខ្លួនឯង និងក៏គ្មានលើកមុខមាត់អឺរ៉ុបនៅលើឆាកអន្តរជាតិនោះដែរ។ សូមរំលឹកថាតាមរយៈហេតុការណ៍ប៉ះទង្គិចគ្នារវាងទូកល្បាតចិន និងហ្វ៊ីលីពីននៅលើផ្ទៃសមុទ្រមានជម្លោះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននោះ ភាគីម្ខាងៗចោទប្រកាន់គ្នាទៅវិញទៅមកថាគូបដិបក្សមានចេតនាជិះទូកទៅបំបុកភាគីម្ខាងទៀត។
ឧបទ្ទវហេតុនោះជាស្រឡាយព្រឹត្តិការណ៍ដែលនាំឱ្យមានភាពតានតឹងជាបន្តបន្ទាប់។ គិតទាំងហេតុការណ៍បុកគ្នានៅក្បែរប្រជុំកោះសាប៊ីណា (Sabina) នោះទៀត ចិន និងហ្វ៊ីលីពីនប៉ះទង្គិចគ្នា៥ដងនៅក្នុងខែសីហា។ ដោយសារទើសភ្នែកនឹងបញ្ហានេះ សហភាពអឺរ៉ុបក៏ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថាខ្លួនសូមថ្កោលទោសការធ្វើសកម្មភាពដ៏គ្រោះថ្នាក់ដែលប្រព្រឹត្តឡើងដោយទូកល្បាតចិនទៅលើទាហានហ្វ៊ីលីពីន។ អឺរ៉ុបយល់ថាហ្វ៊ីលីពីនធ្វើសកម្មភាពដោយស្របច្បាប់។
អឺរ៉ុបថ្លែងថា «ហេតុការណ៍ថ្មីៗនេះរវាងចិន និងហ្វ៊ីលីពីនបានបង្កបញ្ហាសម្រាប់សុវត្ថិភាពលំហសមុទ្រ និងជាការរំលោភសិទ្ធិបើកបរនាវា និងយន្តហោះដោយសេរីដូចដែលមានចែងនៅក្នុងច្បាប់អន្តជាតិ»។ ចំពោះសំណួរថាតើអឺរ៉ុបឆ្លើយតបបែបណាចំពោះចិន? អ្នកនាំពាក្យអឺរ៉ុបថ្លែងនៅថ្ងៃចន្ទថាអឺរ៉ុបមានតួនាទីសំខាន់ក្នុងការធ្វើឱ្យមានសន្តិភាព និងសន្តិសុខនៅទ្វីបអាស៊ី។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមទៀតថាតាមពិតទៅ ទំនិញមួយផ្នែកធំរបស់សហភាពអឺរ៉ុបបើកចេញចូលតាមច្រកសមុទ្រចិនខាងត្បូង។ សហភាពអឺរ៉ុបសូមអំពាវនាវឱ្យភាគីជម្លោះបន្ធូរដៃខ្លះដើម្បីកាត់បន្ថយភាពតានតឹង។ អឺរ៉ុបនៅតែប្ដេជ្ញាគាំទ្រក្រុមប្រទេសជាដៃគូរបស់ខ្លួនដែលគ្រាន់តែចង់ប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួននៅក្នុងតំបន់ និងនៅទីកន្លែងដទៃទៀត៕
ចែករំលែកព័តមាននេះ