ទីក្រុងរ៉ង់ហ្គូន៖ របបសឹកភូមារបស់លោកមីនអុងឡាំងនឹងធ្វើជំរឿនថ្នាក់ជាតិនៅក្នុងខែតុលាខាងមុខនេះដើម្បីត្រៀមរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៥ដូចអ្វីដែលរបបនេះធ្លាប់បានសន្យាថាការបោះឆ្នោតលើកនេះនឹងប្រកបដោយភាពសេរី និងយុត្តិធម៌ជាងឆ្នាំ២០២០។ ប៉ុន្តែសម្រាប់ពេលនេះ សង្គ្រាមស៊ីវិលបន្តឆាបឆេះជាច្រើនកន្លែង។ លទ្ធផលធ្វើជំរឿនចាប់ពីថ្ងៃទី១ -១៦ ខែតុលានោះនឹងប្រើប្រាស់សម្រាប់រៀបចំការបោះឆ្នោត។។ នេះជាអ្វីដែលលោកមីនអុងឡាំងថ្លែងនៅក្នុងកិច្ចប្រជុំ។
ក្រោយមក លោកថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាថ្មីទៀតថាលទ្ធផលជំរឿននេះសម្រាប់រៀបចំបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ និងសុក្រឹតដើម្បីធានាថាការបោះឆ្នោតលើកនេះរៀបចំឡើងដោយភាពសេរី, យុត្តិធម៌, ពហុបក្សតាមបែបប្រជាធិបតេយ្យពិតប្រាកដ។ ប្រទេសភូមាធ្លាក់ទៅក្នុងវិបត្តិនយោបាយ និងសង្គមចាប់តាំងពីមានរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។
ពួកយោធាអះអាងថាមូលហេតុដែលខ្លួនធ្វើរដ្ឋប្រហារដើម្បីស្ដារស្ថិរភាពជាតិក្រោយការបោះឆ្នោតដែលពួកគេចោទប្រកាន់ថាមិនសេរី និងយុត្តិធម៌ទេ។ របបសឹកភូមាថ្លែងកាលពីខែកក្កដាថាគណបក្សនយោបាយចំនួន២៧ដែលបានចុះបញ្ជីនៅក្នុងការបោះឆ្នោតលើកនេះប្រកាសថ្កោលទោសការជ្រើសរើសយកការដណ្ដើមអំណាចដោយអំពើបះបោរ (ប្រឆាំងប្រដាប់អាវុធ)។ សព្វថ្ងៃនេះរបបសឹកមិនអាចគ្រប់គ្រងទឹកដី១០០%ទេបន្ទាប់ពីពួកគេបាត់បង់ទីក្រុង១ចំនួនទៅក្នុងដៃរបស់ពួកឧទ្ទាម។
កាលពីដើមឆ្នាំ២០២៤ យុវជនក្មេងៗចាប់ផ្ដើមរត់គេចខ្លួនទៅក្រៅប្រទេសបន្ទាប់ពីរបបសឹកអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលតម្រូវឱ្យអ្នកមានអាយុចាប់ពី១៨-៣៥ឆ្នាំចូលបម្រើនៅក្នុងជួរកងទ័ព។ សភាពការណ៍ចាប់ផ្ដើមប្រែប្រួលនៅពេលរដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅភូមាកាលពីខែសីហា និងសន្យាជួយផ្នែកបច្ចេកទេសក្នុងការធ្វើជំរឿន។ នៅទីក្រុងបាងកក លោកប្រកាសគាំទ្រការបោះឆ្នោតនេះយ៉ាងពេញទំហឹងដើម្បីវិលទៅរកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។
រដ្ឋាភិបាលស្រមោលដែលហៅខ្លួនឯងថា «រដ្ឋាភិបាលបង្រួបបង្រួមជាតិ» បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងប្រទេសជិតខាងកុំទទួលស្គាល់ការធ្វើជំរឿន និងការបោះឆ្នោតនេះឱ្យសោះ។ អ្នកនាំពាក្យរដ្ឋាភិបាលស្រមោលនេះថ្លែងថារបបសឹកមានចេតនារៀបចំការបោះឆ្នោតក្លែងក្លាយ និងយកលេសធ្វើជំរឿនដើម្បីប្រមូលបញ្ជីឈ្មោះអ្នកទាំងឡាយណាដែលប្រឆាំងនឹងពួកគេដើម្បីពួកគេងាយស្រួលកម្ចាត់ និងបំភិតបំភ័យ។ របបសឹកមិនទាន់ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះទេ៕
ចែករំលែកព័តមាននេះ