ទីក្រុងតូក្យូ៖ ប្រទេសជប៉ុនបានដាក់កំណត់ទូតទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះករណីដែលយន្តហោះ ឬនាវាចម្បាំងបើកចូលដែនអាកាសជប៉ុនជាបន្តបន្ទាប់នៅក្នុងរយៈពេលឃ្លាតគ្នាត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ករណីយន្តហោះចិនចូលដែនអាកាសជប៉ុន ឬធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ធ្វើឱ្យប្រទេសជប៉ុនយកចិត្តទុកដាក់ខ្លាំងព្រោះវាពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់ជប៉ុន។
ជាកិច្ចឆ្លើយតប រដ្ឋាភិបាលទីក្រុងតូក្យូចាប់ផ្ដើមកសាងកម្លាំងយោធាដោយសន្សឹមៗដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ ថ្ងៃនេះ ជប៉ុនអះអាងថានាវាចម្បាំងរបស់ប្រទេសចិនមួយគ្រឿងបានបើកចូលដែនសមុទ្រជប៉ុននៅឆ្នេរសមុទ្រខេត្តកាហ្គោស៊ីម៉ា (Kagoshima) ស្ថិតនៅប្រទេសជប៉ុនភាគនិរតី។ នាវានោះបើកចូលនៅម៉ោង៦ព្រឹក ហើយបើកក្រឡឹងចុះឡើងៗរយៈពេលប្រហែល២ម៉ោងទើបបត់ក្បាលត្រឡប់ទៅវិញ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការពារជាតិជប៉ុន។
រដ្ឋាភិបាលជប៉ុនបញ្ចេញប្រតិកម្មខ្លាំងៗតបទៅនឹងការទន្ទ្រានរបស់នាវានោះ និងកោះហៅមន្ត្រីស្ថានទូតចិនប្រចាំទីក្រុងតូក្យូទៅឆ្លើយបំភ្លឺ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនក៏បាននិយាយរំលឹកទៅដល់ករណីដែលយន្តហោះចម្បាំងចិនហោះចូលដែនអាកាសជប៉ុនកាលពីថ្ងៃចន្ទកន្លងទៅនេះផងដែរ។ ជប៉ុនថ្លែងថាខ្លួនមិនអាចទទួលយកជាដាច់ខាតករណីដែលយន្តហោះចិន១គ្រឿងនោះហោះរំលោភអធិបតេយ្យជាតិរបស់ខ្លួន។
អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅស្ថានទូតចិនប្រចាំទីក្រុងតូក្យូដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។ ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទទេ។ អាចដោយសារនៅពេលនោះ ការហៅទូរស័ព្ទចូលនៅម៉ោងដែលបុគ្គលិកឈប់សម្រាក។ នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ នេះជាលើកទីដប់ដែលនាវាចិនបើកចូលដែនសមុទ្រជប៉ុន ហើយជាលើកទី១៣ដែលនាវាមុជទឹក ឬនាវាស៊ើបការណ៍ចិនបើកចូលដែនសមុទ្រជប៉ុន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ អឹនអេចខេ (NHK)ជប៉ុន៕
ចែករំលែកព័តមាននេះ