ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេអះអាងថា ជាមនុស្សបែកថ្នាំផង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយកសាំងចាក់ដុតផ្ទះឪពុករបស់ខ្លួនបណ្ដាលឲ្យឆេះអស់គ្មានសល់ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៣១ សីហា នៅចំណុចភូមិអូរល្មួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដែលការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ២ម៉ឺនដុល្លារអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបែកថ្នាំដែលដុតផ្ទះឪពុកខ្លួនឯងនោះ ឈ្មោះ អ៊ុក កូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មានប្រពន្ធ និងកូន០២នាក់។ ជននេះ បានយកសាំងចាក់ដុតផ្ទះឪពុករបស់ខ្លួនឈ្មោះ អ៊ុក គា ខណៈដែលគាត់ទើបចេញពីផ្ទះផុតបន្តិច ។
របាយការណ៍បានឲ្យដឹងថា លំនៅឋាននោះ មានទំហំ៦៥ម៉x២០ម៉ ធ្វើពីឈើ ប្រក់ស័ង្កកសី និង សរសេរបេតុង ។ ជនដៃដល់បានយកសាំងដែលប្រពន្ធលក់ខាងមុខផ្ទះ យកទៅចាក់ស្រោចផ្ទះរួចដុតកម្ទេចតែម្ដង ក្រោយពេលបណ្ដេញកូនៗ និងប្រពន្ធឲ្យចាកចេញពីផ្ទះ ហើយឪពុកចេញផុតពីផ្ទះបន្តិច ដើម្បីទៅទិញថ្នាំបាញ់ស្មៅ។
នាយប៉ុស្តិ៍រដ្ឋបាលផ្លូវមាស លោក និន សារ៉េន បានប្រាប់ថា ជនដៃដល់ជាមនុស្សញៀនថ្នាំ មានប្រពន្ធនិងមានកូន០២នាក់ទៅហើយ។ ជននេះ និងប្រពន្ធស្នាក់នៅផ្ទះឪពុក។ លោកនាយប៉ុស្តិ៍បានបន្តថា មុនពេលកើតហេតុ ឪពុកគាត់បានចេញពីផ្ទះទៅផ្សារ ដើម្បីរកទិញថ្នាំបាញ់ស្មៅ លុះចេញផុតបន្តិច ស្រាប់តែជននេះយកសាំងចាក់ដុតផ្ទះឆេះខ្ទេចតែម្ដង ។
ប៉ុន្តែត្រង់ចំណុចនេះ លោកមេប៉ុស្ដិ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុ និងក្រោយពេលឪពុកចេញពីផ្ទះផុត ជននេះ បានបណ្ដេញប្រពន្ធកូនខ្លួនឲ្យចេញពីផ្ទះ រួចចាក់សោជាប់ពីខាងក្នុង។ ពេលចាក់សោជាប់ ជននេះ បានយកសាំងដែលប្រពន្ធខ្លួនលក់ ចាក់ស្រោចក្នុងផ្ទះរួចដុតតែម្ដង។
លោកថា ដំបូងជននេះ មានបំណងចង់ធ្វើអត្តឃាតខ្លួនជាមួយអគ្គិភ័យនៅក្នុងផ្ទះ តែទំនងបែបក្ដៅខ្លាំងពេក ទ្រាំមិនបានក៏បើកទ្វាររត់ចេញក្រៅ ។ គ្រាហ៍នោះ មានប្រជាពលរដ្ឋផង និងកម្លាំងរបស់លោកផង បានចុះជួយអន្តរាគមន៍ តែមិនអាចជួយបានឡើយ ដោយសារអគ្គិភ័យស្ថិតក្នុងសភាពធ្ងន់ធ្ងរពេក ទើបឆេះផ្ទះនេះអស់ទាំងស្រុងតែម្ដង ។
លោក និន សារ៉េន បានបញ្ជាក់ថា ជនដៃដល់មិនបានរត់គេចខ្លួនទេ ក្រោយដុតផ្ទះឪពុកចោល។ ពេលកម្លាំងរបស់លោកចុះទៅដល់ ឃើញជនបែកថ្នាំនេះក្រាបនៅក្បែរចំហៀងផ្ទះ ហើយត្រូវកម្លាំងរបស់លោកចាប់ខ្លួនតែម្ដង ។
បើតាមការរៀងរាប់របស់ម្ចាស់ផ្ទះ ក្រៅពីផ្ទះមួយខ្នងដ៏ធំត្រូវអគ្គិភ័យឆេះអស់ នៅមានទ្រព្យសម្បត្តិស្ទើរទាំងអស់បានក្លាយជាផេះ។ បើតាមម្ចាស់ផ្ទះ ការខួចខាតគិតជាទឹកប្រាក់អស់ប្រមាណ០២ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែយ៉ាងណា ពេលនេះកូនប្រុសដៃដល់ដុតផ្ទះឪពុករបស់ខ្លួនឆេះហ្មត់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ ដែលពេលនេះកំពុងសួរនាំ ចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ