២ថ្ងៃ មន្ត្រីគយបង្ក្រាបបាន០៣ករណី និងដុតកម្ទេចបំណែកសាច់មាន់ទាបង្កកជាង៤តោន
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ចាប់ថ្ងៃទី២៨…
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ចាប់ថ្ងៃទី២៨…
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អង្គភាពគយ និងរដ្ឋាករ ក្រោមឱវាទអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួន ៣ ករណី ស្មើនឹង ៤,២៣៩ គីឡូក្រាម ដូចខាងក្រោម ៖
១-ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយ និងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ។
២-ជើងទាបង្កក ១,៦០០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
៣-ចុងស្លាបមាន់បង្កក ២,៤០០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕
ចែករំលែកព័តមាននេះ