រាជធានីភ្នំពេញ ៖ ប្រទេសអូស្ត្រាលី បានចាត់ទុកកម្ពុជា ជាប្រទេស ដែលមានសារៈសំខាន់ និងមានឥទ្ធិពល នៅក្នុងសហគមន៍អាស៊ាន នេះបើតាមការបញ្ជាក់របស់ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំនៅកម្ពុជា ។
ក្នុងជំនួបទទួលជូនសារតាំង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានលើកឡើងថា លោក និងភរិយា បានមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពី២សប្តាហ៍មុន និងពិតជាមានការភ្ញាក់ផ្អើល ចំពោះការអភិវឌ្ឍ ភាពរស់រវើក នៃសកម្មភាពសេដ្ឋកិច្ច និងភាពរស់រាយរាក់ទាក់យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជា ។
ឯកឧត្តម ថា នេះគឺជាកិត្តិយស ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលប្រទេសអូស្ត្រាលី បានចាត់ទុកកម្ពុជា ជាប្រទេស ដែលមានសារៈសំខាន់ និងមានឥទ្ធិពល នៅក្នុងសហគមន៍អាស៊ាន ។
ឯកឧត្តម អគ្គរាជទូត បានបញ្ជាក់ថា ៖ “អូស្ត្រាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែប្រទេសកម្ពុជា និងអូស្ត្រាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ” ។
ឯកឧត្តម បានបន្តថា លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគី អូស្ត្រាលី-កម្ពុជា ដែលជាសមាជិកសំខាន់ និងមានឥទ្ធិពលរបស់អាស៊ាន និងទំនាក់ទំនងជាមួយអាស៊ានផងដែរ ដោយសារតែអូស្ត្រាលី គឺជាដៃគូសន្ទនាដំបូងគេបំផុតរបស់អាស៊ាន ហើយឆ្នាំនេះ គឺជាខួបអនុស្សាវរីយលើកទី៥០ នៃទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-អូស្ត្រាលី ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទាប់ពីឯកអគ្គរាជទូតចាស់ បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ។
សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា ឯកឧត្តម ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួន ដើម្បីពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ។
ឯកឧត្តម ថា ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើន ជាមួយកម្ពុជា ហើយឯកឧត្តម សន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញ និងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ។
ឯកឧត្តមបានលើកឡើងថា អូស្ត្រាលី មានមោទនភាព ដែលបានចូលរួមជួយកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយអូស្ត្រាលី ចាត់ទុកកម្ពុជា ជាដៃគូសំខាន់ និងស្ថិតនៅក្នុងបេះដូងរបស់ប្រទេសអូស្ត្រាលី ។
ឯកឧត្តមអគ្គរាជទូត ក៏បានកោតសរសើរផងដែរថា កម្ពុជា មានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ ដោយឯកឧត្តម សម្លឹងឃើញថា កម្ពុជាមានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន…។ល។
ឯកឧត្តម ក៏បានរំលឹកផងដែរថា ឆ្នាំនេះ គឺជាខួបឆ្នាំទី៣០ នៃអាហារូបករណ៍អូស្ត្រាលី ដែលអូស្ត្រាលី បានដល់ជូនចំពោះកម្ពុជា ហើយ អូស្ត្រាលី បានប្រកាសថា និងបង្កើនចំនួន អាហារូបករណ៍ ពី ៤៥ទៅ ៦២ កន្លែងដែលនឹងចាប់ផ្ដើមវគ្គសិក្សានៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ ឯកឧត្តម បានចាត់ទុកថា កម្ពុជា មានជំនាញ និងកម្លាំងពលកម្មច្រើន ដែលលើកទឹកចិត្តសម្រាប់ការធ្វើវិនិយោគទុននៅកម្ពុជា ។
ជាមួយគ្នានោះ ស្ថានទូត ក៏ធ្លាប់បានធ្វើការដោះស្រាយជាមួយនឹងភាគីកម្ពុជា ក្នុងការប្រយុទ្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មដែលមានការចាត់តាំង និងអន្តោប្រវេសន៍ខុសច្បាប់ ដោយជួយបណ្តុះបណ្តាលនិងកសាងសមត្ថភាពរបស់ភាគីកម្ពុជា ពិសេស នៅក្នុងវិស័យ អន្តោប្រវេសន៍ ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមអគ្គរាជទូត ចំពោះសេចក្តីរាយការណ៍អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ។
សម្តេចតេជោ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន ។
សម្តេចតេជោ បានរំលឹកថា ប្រទេសកម្ពុជា ចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេស អូស្ត្រាលី ដោយសារតែអូស្ត្រាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា មុនគេក្នុងឆ្នាំ១៩៥២ គឺមុនពេលកម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។ អូស្ត្រាលី ក៏ជាប្រទេសនាំមុខប្រកាសមិនទទួលស្គាល់ពួកខ្មែរក្រហម ក្នុងអង្គការសហប្រជាជាតិផងដែរ ខណៈប្រទេសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ។ រហូតដល់ការស្វែងរកសន្តិភាពនៅកម្ពុជា ថ្នាក់ដឹកនាំអូស្ត្រាលី ក៏ខិតខំចូលរួមចំណែកសម្របសម្រួលជាច្រើនដំណាក់កាល រហូតកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រមសហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅ ស ការពារជាតិ ប៉ុន្តែប្រទេសយើង គឺទុកចិត្តគ្នា ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណអូស្ត្រាលី ដែលបានជួយបង្ហាត់បង្រៀនភាសាអង់គ្លេស ដល់កងទ័ពមួកខៀវ មុនចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅបរទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។
សម្តេចតេជោ បន្តទៀតថាកន្លងមក អូស្ត្រាលី ក៏បានជួយកម្ពុជា ក្នុងវិស័យបោសសម្អាតមីន ដូច្នេះសូមបន្តជួយលើវិស័យនេះបន្ថែមទៀត ដើម្បីកម្ពុជា សម្រេចបានគោលដៅ “កម្ពុជា គ្មានមីន ឆ្នាំ២០២៥” ។
ក្នុងឱកាសនោះ សម្តេច ក៏បានអញ្ជើញភាគីអូស្ត្រាលី ចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រទេសកម្ពុជា ដែលកំពុងតែខិតខំបោសសម្អាតមីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្គ្រាម ក្នុងប្រទេសខ្លួនឯងផង បាននិងកំពុងជួយបង្ហាត់បង្រៀនវិធីសាស្ត្របោសសម្អាតមីនដល់ប្រទេសដទៃផង (ដូចជាកូឡុំប៊ី, អ៊ុយក្រែន) និងបានបញ្ជូនកងទ័ពទៅដោះមីន នៅប្រទេសកំពុងមានជម្លោះផង ប៉ុន្តែគឺធ្វើក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបង្កើនចំនួនអាហារូបករណ័ដល់និស្សិតកម្ពុជា ពីចំនួន ៤៥ មក៦២នាក់។ ក្រៅពីនិស្សិតទួលបានអាហារូបករណ៍ ក៏មាននិស្សិតកម្ពុជាជាច្រើនទៀត ក៏បានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ដោយសារតែអូស្ត្រាលី នៅជិតជាងប្រទេសអឺរ៉ុប និងអាមេរិក, មានគុណភាពអប់រំខ្ពស់ និងមានវប្បធម៌រស់នៅប្រហាក់ប្រហែលវប្បធម៌អាស៊ី ដែលអាណាព្យាបាលភាគច្រើនពេញចិត្ត ៕
ចែករំលែកព័តមាននេះ