រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ប្រាប់ទូតអូស្ត្រាលីថ្មីថា ក្រុមហ៊ុនអូស្ត្រាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី មានដំណើរការល្អ និងស្នើអគ្គរាជទូតថ្មី ខិតខំជំរុញអ្នកវិនិយោគអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាកាន់តែច្រើន ។
អនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា ចំពោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគវិញ អូស្ត្រាលីបានជួយកម្ពុជាលើការងារជាច្រើន ប៉ុន្តែការវិនិយោគរបស់អូស្ត្រាលី គឺមានកម្រិតទាបនៅឡើយ ។
សម្តេចតេជោ ស្នើអគ្គរាជទូតថ្មី ខិតខំជំរុញអ្នកវិនិយោគអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្ត្រាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានប្រាប់ទៅអគ្គរាជទូតអូស្ត្រាលី ទៅទស្សនាក្រុមហ៊ុនអូស្ត្រាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះកម្ពុជាមានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា ។
ក្នុងជំនួបនោះដែរ ឯកឧត្តម ឯកអគ្គរាជទូតអូស្ត្រាលី ក៏បានរៀបរាប់ផងដែរពីកិច្ចសហប្រតិបត្តិការនានា ពិសេសនៅក្នុងវិស័យអភិបាលកិច្ច បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជា ទទួលបានជោគជ័យថែមទៀត ។
ឯកឧត្តម អគ្គរាជទូត បានប្តេជ្ញានឹងបំពេញបេសកកម្មការទូត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កា ចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន មាការអភិវឌ្ឍលើគ្រប់វិស័យកាន់តែប្រសើរ ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលថ្នាក់ដឹកនាំអូស្ត្រាលី ប្រគល់មកឱ្យ ឯកឧត្តម និងសហការីស្ថានទូតអូស្ត្រាលីទាំងអស់ ។
ឯកឧត្តម មានបំណងនឹងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ អភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្ត នៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណា ឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ឯកឧត្តមសន្យាថា ស្ថានទូត និងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យ ដែលមានសក្ដានុពល ដើម្បីជួយកម្ពុជា ឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត ។
ឯកឧត្តម ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ក្នុងវិស័យអន្តោប្រវេសន៍ និងការពង្រឹងសន្តិសុខ ដោយរំលឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនានា ដោយក្នុងសប្តាហ៍ខាងមុខនេះ នឹងមានគណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី មកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ