ខេត្តបាត់ដំបង៖ សា.ក.ស.ពបុរសម្នាក់ដែលគេពិនិត្យឃើញមានស្នាមរបួសលើរាងកាយផង ត្រូវគេសង្ស័យថា អាចជាជនជាតិចិន ត្រូវគេប្រទះឃើញអណ្ដែតក្នុងទឹកស្ទឹងសង្កែ ក្បែរស្ពានដងទង់ កាលពីរសៀលថ្ងៃទី២៩ សីហា ស្ថិតក្នុងភូមិស្រែស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ដែលគេសង្ស័យថា អាចជាអំពើឃាតកម្ម ដែលត្រូវឃាតករសម្លាប់នៅកន្លែងផ្សេង រួចដឹកយកទៅទម្លាក់ចោលក្នុងទឹកស្ទឹងខាងលើ។
គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទេ រហូតដល់ពេលនេះ បើទោះជាក្រុមមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញនៃស្នងការខេត្ត បាននិងកំពុងពិនិត្យសាកសពនៅកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី៣០ សីហា នេះក្ដី ។ បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ជនរងគ្រោះទំនងជាជនជាតិចិន ស្លៀកខោជើងវែង ពាក់អាវយឺតដៃខ្លី និងមានស្នាមរបួសច្រើនកន្លែងលើខ្លួន លើដៃ ត្រង់.ក ហើយទំនងបាក់ឆ្អឹងថ្គាមផង ។
សមត្ថកិច្ចដែលចុះទៅកាន់កន្លែងកើតហេតុបានផ្ដល់ព័ត៌មានថា បើតាមការពិនិត្យកន្លែងឃើញសាកសព គេរកមិនឃើញស្លាកស្នាម ដែលគូរឲ្យសង្ស័យថា ជាកន្លែងកើតហេតុទេ ។ គេសន្និដ្ឋានថា ជនរងគ្រោះត្រូវបានឃាតករសម្លាប់នៅកន្លែងផ្សេង រួចដឹកយកទៅទម្លាក់ចោលក្នុងស្ទឹងសង្កែ ត្រង់ចំណុចខាងលើ ហើយក៏គេមិនទាន់ដឹងពីប្រភពនៃកន្លែងកើតហេតុដំបូងដែរ ។
អធិការស្រុកសំឡូត លោក ម៉ែន រីម បានប្រាប់ថា យើងគ្រាន់តែសង្ស័យទេថា សាកសពអណ្ដែតទឹកនោះអាចជាជនជាតិចិន ដោយយោងលើភិនភាគ ម្យ៉ាងពុំទាន់មានអ្នកស្គាល់អត្តសញ្ញាណផង។ ចំពោះការស្លាប់អណ្ដែតទឹកនេះ លោកអធិការបានបញ្ជាក់ថា យើងមិនទាន់ធ្វើការសន្និដ្ឋានបែបណាទេ ចំពោះករណីនេះ ព្រោះពេលនេះ មន្ត្រីបច្ចេកទេស និងមន្ត្រីការិយាល័យជំនាញកំពុងចុះពិនិត្យហើយ ។
ដោយឡែក លោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក៏មិនទាន់ហ៊ានធ្វើការសន្និដ្ឋានចំពោះសាកសព ដែលគេសង្ស័យជាជនជាតិចិនខាងលើនេះដែរ ។ លោក លឹម ពុទ្ធីឡា បាននិយាយថា លោកមិនបានចុះទៅកាន់កន្លែងកើតហេតុទេ តែមានលោកស្នងការរងជំនួយការ ដឹកនាំក្រុមការងារចុះទៅកន្លែងកើតហេតុហើយ តែលទ្ធផលបែបណា ទាល់តែខាងបច្ចេសត្រួតពិនិត្យ និងវាយតម្លៃសិន ។
សូមរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន ក៏មានករណីឃាតកម្មបិតមុខបែបនេះ កើតឡើងនៅក្បែរស្ពានដងទង់នេះមួយករណីផងដែរ ។ កាលនោះអ្នកដំណើរបានប្រទះឃើញសាកសពត្រូវគេដុតឆេះរោលខ្លោចទាំងព្រឹក នៅក្បែរក្បាលស្ពានខាងជើង ដែលគេអះអាងថា ក្រុមឃាតករបានដឹកសាកសពដែលគេសង្ស័យថា ជាជនជាតិចិនដែរ យកទៅទម្លាក់ចោលក្បែរក្បាលស្ពាននោះ រួចក្រុមឃាតករបានចាក់សាំងដុតបំផ្លាញសាកសពចោល ក្នុងចេតនាបំផ្លាញភស្ដុតាង ។
ប៉ុន្តែសាកសពគ្រាន់តែឆេះរោលខ្លោច និងនៅផ្នែកខាងខ្នងគេឃើញមានស្នាមសាក់រូបនាងគង់ស៊ីអ៊ីម ហើយថែមទាំងដៃជាប់ខ្នោះផង។ គ្មានអ្នកស្កាល់អត្តសញ្ញាណសាកសពនោះទេ។ ដោយយោងលើភិនភាគខាងលើនេះ ទើបគេសន្និដ្ឋានថា សាកសពត្រូវភ្លើងឆេះរោល និង មានខ្នោះជាប់ដៃផងនោះ ជាជនជាតិចិន ដែលត្រូវគេសម្លាប់នៅកន្លែងផ្សេង រួចដឹកយកទៅទម្លាក់ចោលនៅក្បាលស្ពានខាងលើ និងបំផ្លាញសាកសព ។
រហូតមកដល់ពេលនេះ សំណុំរឿងនេះ នៅតែងងិតឈឹងគ្មានតម្រុយដដែល។ ហើយពេលនេះសំណុំរឿងស្រដៀងគ្នានេះបានកើតឡើងជាថ្មី នៅលើទឹកដី«ស្ពានដងទង់»ដដែល។ យ៉ាងណាក្ដី ជុំវិញករណីសាកសពអណ្ដែតទឹកស្ទឹងសង្កែ ក្បែរស្ពានដងទង់ជាថ្មីខាងលើនេះ ពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងចុះត្រូតពិនិត្យហើយ ។
បើតាមរយៈការពិនិត្យ និងយោងលើភិនភាគ គេសង្ស័យថា ជនរងគ្រោះជាជនជាតិចិន ដែលត្រូវក្រុមឃាតករសម្លាប់នៅកន្លែងផ្សេង រួចដឹកយកមកទម្លាក់ចោលក្នុងស្ទឹងត្រង់ចំណុចខាងលើ ដើម្បីបំបាត់ដាន តែគេមិនទាន់ដឹងពីប្រភពនៃកន្លែងកើតហេតុទេ ព្រោះមន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ តើសាកសពជនរងគ្រោះជាជនជាតិអ្វីឲ្យពិតប្រាកដ ? ហើយស្លាប់ដោយសារអ្វី ?
ចែករំលែកព័តមាននេះ