រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានខ្លឹមសារដូច្នេះថា «លោក និងលោកស្រី ជាទីរាប់អាន! ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព
របស់លោកអនុសេនីយ៍ត្រី សៅ រក្សា ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលត្រូវជាកូនបង្កើតរបស់លោក និងលោកស្រី បានទទួលមរណភាពនៅថៃ្ងព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី ក្នុងជន្មាយុ ២៩ឆ្នាំ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិ.ង្សា» ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេង នូវកូនជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ ឪពុក ម្តាយ និងក្រុមគ្រួសារ ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សៅ រក្សា បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជម្រាបថា «ស្លា.ប់ជនសង្ស័យម្នាក់ ក្រោយចាក់សម្លា.ប់ប៉ូលិសបុស្តិ៍បឹងកេងកង២ ដណ្ដើមកាំភ្លើងខ្លី បា.ញ់មកលើសមត្ថកិច្ចវិញ» ជនសង្ស័យម្នាក់(ប្រើប្រាស់គ្រឿងញៀន) បានអុកឡុកក្នុងភូមិ និងយកកាំបិតចាក់សម្លា.ប់សមត្ថកិច្ចមួយរូប រួចដណ្ដើមយកកាំភ្លើងខ្លី ១ដើម របស់សមត្ថកិច្ច ហើយបាញ់ស្រោចមកលើកងកម្លាំងជាច្រើនគ្រាប់ ទើបកងកម្លាំងបាញ់ការពារខ្លួន បណ្ដាលឲ្យជនសង្ស័យស្លា.ប់នៅនឹងកន្លែង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះជាមន្ត្រីនគរបាល ដែលបាត់បង់ជីវិត មានឈ្មោះ សៅ រក្សា អាយុ២៩ឆ្នាំ ជាមន្ត្រីបុស្តិ៍នគរបាលបឹងកេងកង២ ។
ចំណែកឯជនសង្ស័យមានឈ្មោះ ជលា វ័យប្រមាណ៣០ឆ្នាំ ធ្លាប់ចូលមណ្ឌលកែប្រែ និងធ្លាប់ជាប់ពន្ធនាគារ ផងដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា ជនសង្ស័យ(ជាមនុស្សប្រើប្រាស់សារធាតុញៀន) ហើយអុកឡុកក្នុងផ្ទះ យកកាំបិតគំរាមចាក់ម្តាយ ទើបក្រុមគ្រួសារ ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចបុស្តិ៍នគរបាលបឹងកេងកង២ ។ ខណៈសមត្ថកិច្ច ដែលជាជនរងគ្រោះ បានមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ បានលោតទៅចាក់សមត្ថកិច្ច បណ្ដាលរងរបួសធ្ងន់ រួចបានយកកាំភ្លើងរបស់សមត្ថកិច្ច ដើរស្រែកឡូឡា ពេញដងផ្លូវ។ ភ្លាមៗ សមត្ថកិច្ចបានជាច្រើន បានចុះមកអន្តរាគមន៍ ។ បន្ទាប់មកជនសង្ស័យក៏បានបាញ់តដៃ ស្រោចទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ រហូតដល់សមត្ថកិច្ចប្រើប្រាស់សិទ្ធិការពារខ្លួន ក៏សម្រេចបាញ់បញ្ចប់ជីវិត ជនសង្ស័យ តែម្ដង ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះជាមន្ត្រីនគរបាល បានរងរបួសធ្ងន់ និងបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ