ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​«​មរតក​តេ​ជោ​» ជំហាន​ទី​២ គ្រោង​សាងសង់​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​នេះ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ…

រាជធានី​ភ្នំពេញ ​៖​ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​ជំហាន​ទី​២ នេះ កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ មុន​ផែនការ​ប្រមាណ​៤​ខែ​ផង​ដែរ ពោល​គឺ ជំហាន​ទី​២ នឹង​បញ្ចប់​មុន​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ ក្នុង​ខែមេសា​ឆ្នាំ​២០២៥ (​ក្នុង​គម្រោង​ខែសីហា ឆ្នាំ​២០២៥)​។ នេះ​បើ​យោង​តាម​ហ្វេ​ស​បុក​របស់​ឯកឧត្ដម​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩​សីហា​នេះ​។

យោង​តាម​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​ឯកឧត្ដម​កើត ឆែ បាន​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី សម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ស្ពាន​អាកាស មរតក​តេ​ជោ ជាន់​ទី​២ ដំណាក់កាល​ទី​១ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​បាន​មួយ​កម្រិត​។

អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ​កាល​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤​ត្រូវ​បាន​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ត​ភ្ជាប់​តួ​ស្ពាន​។

ឯកឧត្ដម​កើត ឆែ បន្ត​ថា​មាន​សន្តិភាព នឹង​មានការ​អភិវឌ្ឍ ហើយ​សមិទ្ធផល​ថ្មី​បន្តបន្ទាប់​ទៀត​នឹង​លេច​រូបរាង​ឡើង ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​រំលឹក​ថា​៖​ស្ពាន​អាកាស «​មរតក​តេ​ជោ​» ថ្មី​នេះ ត្រូវ​បាន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម​ឃួ​ង ស្រេង និង​លោក​ជំទាវ​អញ្ជើញ​ជា​អធិបតី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា​ឆ្នាំ​២០២២ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២២ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​។​ស្ពាន​អាកាស​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះ​មុនី​វង្ស ជាមួយ​វិ​ថី​កង​យោធពលខេមរភូមិន្ទ ហៅ​ផ្លូវ​លេខ​២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ដោយ​គ្រោង​ចំណាយ​ថវិកា ជាង ៣៦​លាន​ដុល្លារ និង​ចំណាយ​ពេលវេលា​សាងសង់ ៣៦​ខែ​។

ស្ពាន​អាកាស​ថ្មី​នេះ​នឹង​ដោះស្រាយ​បាន​នៅ​លំហូរ​លំហូរ ចរាចរណ៍ ពី​ខេត្តកណ្ដាល ឆ្លងកាត់​មហាវិថី​តេ​ជោ​ហ៊ុន សែន ពី​ព្រ​លាន​យន្តហោះ​ថ្មី ខេត្តកណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ​និង​ទី​២​ទៀត អាច​កាត់​បន្ថយ​បាន នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​១​ចូល​មក​រាជធានី​ភ្នំពេញ​ផង​ដែរ​។

មន្ត្រី​ជំនាញ​ឱ្យ​ដឹង​ថា​គម្រោង​ស្ពាន​អាកាស​ថ្មី​នេះ មានការ​សាងសង់ ផ្លូវ​ផ្ទាល់​ដី ដែល​មាន​រង្វង់​មូល​បែងចែក​ទិស និង​ផ្លូវ​ត​ភ្ជាប់​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន វិ​ថី​កង​យោធពលខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពាន​ព្រះ​មុនី​វង្ស និង​ផ្លូវជាតិ​លេខ​២​។ បន្ទាប់​មក​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​ជាន់​។

ស្ពាន​អាកាស​ជាន់​ទី​១ ជា​ស្ពាន​រង្វង់​មូល នៅ​ត្រង់​ចំណុចប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា ទៅ កាន់ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​មុនី​វង្ស និង វិ​ថី​កង​យោធពល ខេមរភូមិន្ទ​។ ស្ពាន​អាកាស​ជាន់​ទី​២ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទិស​ដៅ​ទៅ​មក រវាង​មហា វិ​ថី​ព្រះ​មុនី​វង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៧ ដែល​បាន​សាងសង់​រួចរាល់ និង​កំពុង​ប្រើប្រាស់ រួម​មាន ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ឬ​ហៅ​ថា ស្ពាន​អាកាស ផ្សារ​ដី​ហ៊ុយ ស្ពាន​អាកាស​ចោម​ចៅ និង​ស្ពាន​អាកាស​លើ​ផ្លូវជាតិ​លេខ​៥ ខណ្ឌ​ឬ​ស្សី​កែវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ