ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជន​លួច​ផ្លែស្វាយ​២០​គីឡូក្រាម​ បញ្ជូន​ទៅ​តុលា​ការ ព្រោះ​ក៏​ជា​មុខសញ្ញា​លួច​ដ៏​សកម្ម​បំផុត​

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ដែល​មន្ត្រី​មូលដ្ឋាន​កត់​ចូល​ក្នុង​បញ្ជីខ្មៅ​ថា ជា​ជន​សកម្ម​បំផុត​ក្នុង​ការ​ដើរ​ប្រព្រឹត្ត​អំពើ «​ចោរកម្ម​» ទាំង​យប់​ទាំង​ថ្ងៃ មិន​ស្រាកស្រាន្ត​នៅ​ក្នុង​មូល​ដ្ឋាន ពេល​នេះ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​អ្នក​ភូមិ​បាន​ចំនួន​២០​គីឡូក្រាម…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ដែល​មន្ត្រី​មូលដ្ឋាន​កត់​ចូល​ក្នុង​បញ្ជីខ្មៅ​ថា ជា​ជន​សកម្ម​បំផុត​ក្នុង​ការ​ដើរ​ប្រព្រឹត្ត​អំពើ «​ចោរកម្ម​» ទាំង​យប់​ទាំង​ថ្ងៃ មិន​ស្រាកស្រាន្ត​នៅ​ក្នុង​មូល​ដ្ឋាន ពេល​នេះ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​អ្នក​ភូមិ​បាន​ចំនួន​២០​គីឡូក្រាម កាលពី​រសៀល​ថ្ងៃ​ទី​២៨ សីហា នៅ​ក្នុងភូមិ​គគី ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ហើយ​ក៏​មាន​ជន​ម្នាក់​ក៏​មាន​ដីកាចាប់ខ្លួន​ស្រាប់​ផង​ដែរ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​សកម្ម​ខាង​លួច​ទាំង​០២​នាក់​នេះ ម្នាក់​ឈ្មោះ ដួង ភា​រី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក និង​ម្នាក់​ទៀត​ឈ្មោះ អន ឆា​នី មុខ​របរ​មិន​ពិត រស់នៅ​ភូមិ ឃុំ​កើតហេតុ ។ ជន​ទាំង​០២​នាក់ ត្រូវ​អស់លក្ខណ៍​នៅ​ពេល​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​គេ​ចំនួន​២០​គីឡូក្រាម ជា​បទល្មើស​ចុង​ក្រោយ ដែល​ម្ចាស់​ស្វាយ​ឈ្មោះ ជិន រ៉ុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។ ជន​ទាំង​០២​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​ស្ដ៏​រដ្ឋបាល ឃុំ​ភ្នំព្រឹក ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ម្ចាស់​ស្វាយ ។

បើ​តាម​របាយការណ៍​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖ កន្ត្រក​បេះ​ផ្លែ
ស្វាយ ទំ​ពក់​បេះ​ស្វាយ ផ្លែស្វាយ​សរុប​ទម្ងន់​២០​គីឡូក្រាម និង​ម៉ូតូ​កញ្ចាស់​០១​គ្រឿង សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស ។ នាយ​ប៉ុស្ដិ៍​នគរបាល ភ្នំព្រឹក លោក អ៊ា​ប ម៉ៅ បាន​ប្រាប់​ថា តាម​ពិត​ជន​សកម្ម​ខាង​លួច​ទាំង​០២​នាក់​នេះ យើង​ធ្លាប់​បង្ក្រាប និង​ធ្វើការ​អប់រំ​ប៉ុន្មាន​ដង​ហើយ ពី​សកម្មភាព​ដើរ​បង្ក​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន តែ​ពួក​គេ​មិន​រាងចាល ។

លោក​ថា ស្ទើរ​រាល់​យប់​ជន​ទាំង​០២​នាក់​នេះ តែង​ដើរ​ធ្វើ​សកម្មភាព​លួច​នេះ លួច​នោះ​របស់​ប្រជាពលរដ្ឋ មិន​ថា ម៉ូតូ​ទ្រព្យ​សមត្តិ​ផ្សេង​ៗ ឬ​របស់របរ​អ្វី​ទេ ។ ពោល​គឺ​ជន​ទាំង​០២​នាក់​នេះ ដើរ​លួច​គ្រប់សព្វ​ទាំងអស់​។ ប៉ះ​អ្វី​លួច​ហ្នឹង ឲ្យ​តែ​អ្នក​ភូមិ​ទុក​ប្រហែស​។ បង្ក​អសន្តិសុខ​ណាស់ ដូច​ជា​លួច​បេះ​ផ្លែស្វាយ​ក្នុង​ចម្ការ​គេ​ខាងលើ​នេះ​ជាដើម ។

លោកនាយ​ប៉ុស្ដិ៍​បាន​ប្រាប់​ថា ក្នុង​ចំណោម​ជន​ទាំង​០២​នាក់​នេះ មាន​ម្នាក់​មាន​ដីកា​តាម​ចាប់ខ្លួន​ផង​ដែរ ពី​បទ «​ចោរកម្ម​» លួច​ម៉ូតូ​។ ដោយសារ​តែ​សកម្មភាព​លួច​មិន​ស្វាង បង្ក​អសន្តិសុខ​មូលដ្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ ធ្លាប់​ចាប់​អប់រំ​ក៏​មិន​រាងចាល​បែប​នេះ​ហើយ ទើប​លើក​ចុង​ក្រោយ​នេះ ថ្នាក់លើ​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ម្ដង បើ​ទោះជា​លួច​ផ្លែស្វាយ​ចំនួន​២០​គីឡូក្រាម​ក្ដី ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ម្យ៉ាង ​អាច​ចាត់​ទុក​ថា ជា​ការ​ដក​ចេញ​នូវ​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​ដដែល​ៗ ចេញពី​មូល​ដ្ឋាន​ខ្លះ ដើម្បី «​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​» ។ ព្រោះ​ជន​ទាំង​០២​នាក់​នេះ លួច​នោះ​លួច​មួយ​យប់​ៗ ទាំង​អ្នក​ភូមិ ទាំង​សមត្ថកិច្ច​មិនសូវ​បាន​ដេក​ពូន​ទេ ដោយសារ​តែ​អា​០២​នាក់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ