ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​ស្វាយជ្រំត្អូញដាំបន្លែ​​មិនសូវបានផល​នៅឆ្នាំនេះ ដោយសារអាកាសធាតុ​

4 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ប្រជា​កសិករ​អ្នក​ដាំ​បន្លែ មានការ​ត្អូញត្អែ ដំណាំ​បន្លែ​ក្នុង​ឆ្នាំ​២០២៤​នេះ​មិនសូវ​ទទួល​ទិន្នផល ដោយ​ខែប្រាំង​រាំង​ស្ងួត​ខ្លាំង​ពិបាក​ខ្វះ​ទឹក​ស្រោច​ស្រព ពេល​រដូវវស្សា ភ្លៀង​ធ្លាក់​ខ្លាំង ជោគ​ជាំ​បង្ក​ឲ្យ​រលួយ​ខូច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដើមទុន​និង​ជីវភាព​ក្នុង​គ្រួសារ​។…

ខេត្តស្វាយរៀង​ ៖​ ប្រជា​កសិករ​អ្នក​ដាំ​បន្លែ មានការ​ត្អូញត្អែ ដំណាំ​បន្លែ​ក្នុង​ឆ្នាំ​២០២៤​នេះ​មិនសូវ​ទទួល​ទិន្នផល ដោយ​ខែប្រាំង​រាំង​ស្ងួត​ខ្លាំង​ពិបាក​ខ្វះ​ទឹក​ស្រោច​ស្រព ពេល​រដូវវស្សា ភ្លៀង​ធ្លាក់​ខ្លាំង ជោគ​ជាំ​បង្ក​ឲ្យ​រលួយ​ខូច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដើមទុន​និង​ជីវភាព​ក្នុង​គ្រួសារ​។

កសិករបានរ​ត្អូញត្អែ​បែបនេះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ សីហា​ ឆ្នាំ​២០២៤
នៅ​ភូមិ​តា​ស្អាង​ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង ។​

បើ​តាម​កសិករ​ឈ្មោះ​សុខ​សាំ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​នៅ​ភូមិ​តា​ស្អាង​ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​ប្រកប​មុខរបរ​ដាំ​ដំណាំ​បន្លែ នេះ​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ នៅ​លើ​ផ្ទៃដី​ទំហំ​៧០​អា ដាំ​ដំណាំ​វិល​ជុំ ។​

ដំណាំដែលគាត់ដាំ រួម​មាន ត្រសក់ផ្អ ត្រឡាច ននោងជ្រុង​និង សណ្តែក​គួរ ! ដោយ​ចំណាយ​ដើមទុន ទៅ​លើ បង្គោល ខ្សែ​ជ​រ័ ថង់​ផ្លាស់​ស្ទេ​ច សំណាញ់ (​សម្រាប់​ធ្វើ​ទ្រើង និង​គ្រប​រង​) គ្រាប់ពូជ ជី​កសិកម្ម ថ្នាំ​ការពារ​សត្វល្អិត ទុយោ សម្រាប់​បូមទឹក​ស្រោច​ស្រប់ សរុប​អស់​១២​លាន​រៀល​។ ហើយ​ក្នុង​១​ឆ្នាំ ដាំ​បន្លែ​បាន​០៣​ដង ចំពោះ​វត្ត​នៃ​ដំណាំ ត្រសក់ រយៈពេល​១​ខែ​០៣​ថ្ងៃ​បាន​ទទួលផល ត្រសក់ផ្អ ក្នុង​១​គីឡូក្រាម​លក់​បោះ​ដុំ​បាន​២,០០០​រៀល​បើ​លក់រាយ​បាន​២,៥០០​រៀ​ក្នុង​១​គីឡូ​។ ចំពោះ ននោងជ្រុង និង​ត្រឡាច មាន​អាយុ ១​ខែ​កន្លះ​បាន​ទទួលផល ក្នុង​១​គីឡូ លក់​បោះ​ដុំ​បាន​តម្លៃ​២,០០០​រៀល រីឯ​សណ្តែក​គួ ១​គីឡូ តម្លៃ​៤,០០០​រៀល​។​

លោក​សុខ​សាំ​ បាន​លើក​ឡើង​ថា រយៈពេល​២​ឆ្នាំ​មកនេះ​មុខរបរ​ដំណាំ​របស់​គាត់​គឺ ខាត​ទុន​ចាប់ពី​ឆ្នាំ​២០២៣ មក​ដល់​ឆ្នាំ​២០២៤​នេះ ដោយ​កត្តា​អាកាសធាតុ រដូវប្រាំង​ក្តៅ​ខ្លាំង ខ្វះ​ទឹក​ស្រោច​ស្រប់​ដំណាំ​បន្លែ ប្រើប្រាស់​ទឹក​អណ្តូង ពេល​រដូវវស្សា ម្តង​ភ្លៀង​ខ្លាំង ម្តង​រាំង ពេល​ភ្លៀង​ខ្លាំង​ជោគ​ជាំ​ត្រូវ​រលួយ​ដំណាំ​គ្មាន​ទិន្នផល ពេល​លក់​បាន​ប្រាក់​បន្តិចបន្តួច​គ្រាន់តែ​សង ថ្លៃ​ប្រេង ថ្លៃ​ជី ថ្លៃ​ថ្នាំ ថ្លៃ​ពូជ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ រយៈពេល​២​ឆ្នាំ​នេះ​ខាតបង់​ដើមទុន​ក្នុង​១​ឆ្នាំ​១២​លាន​រៀល ត្រូវ​លក់​គោ សង​ប្រាក់​ធនាគារ​(​កម្ចី​ពី​ធនាគារ​ធ្វើ​ដើមទុន​១២​លាន​រៀល​សម្រាប់​ប្រកប​មុខរបរ​២​ឆ្នាំ ដោយ​សម្ភារៈ រៀបចំ​ទ្រើង​ននោង ត្រសក់ ត្រឡាច​និង​សណ្តែក​គួរ បាន​តែ​២​ឆ្នាំ​ត្រូវ​ពុក​ខូច ត្រូវ​ខ្ចីប្រាក់​បន្ថែម​មក​ប្រកប​មុខរបរ​។​

លោក​សំ​សាំ បាន​និយាយ​ថា កាលពីមុន​គឺ​រយៈពេល​២០​ឆ្នាំ មុខរបរ​ដាំ​ដំណាំ​បន្លែ​នេះ ល្អ​ប្រសើរ ដាំ​ឆ្នាំ​ដំបូង លក់​បន្លែ ហើយ​បាន​ប្រាក់​សង​ធនាគារ​វិញ​ខ្លះ​ឆ្នាំ​ទី​២ គឺ​បាន​ចំណេញ គិត​ជា​មធ្យម ក្នុង​១​ឆ្នាំ ធ្វើ​០៣​ដង អាច​ចំណេញ​បាន​១០​លាន​រៀល (២​ឆ្នាំ​សរុប​២០​លាន​រៀល​)​ឆ្នាំ​ខ្លះ​អាច​ចំណេញ​បាន​រហូត​១២​លាន​រៀល​។​ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣២០២៤​នេះ ដំណាំ​បន្លែ ខាត​រាល់​ខែ សម្ភារៈ​ធ្វើ​ទ្រើង​ឡើងថ្លៃ ជី​កសិកម្ម ក៏​ថ្លៃ ថ្នាំ​ការពារ​សត្វល្អិត​ក៏​ថ្លៃ ដាំ​បន្លែ​ទិន្នផល​ទាប ហើយ​គ្មាន​ទីផ្សារ ឈ្មួញកណ្តាល​ទម្លាក់​តម្លៃ ក៏​ប៉ុន្តែ​នៅ​ក្នុង​ផ្សារ​បន្លែ​មាន​តម្លៃ​ថ្លៃ​គូ​សម ។​ដូច្នេះ​ដាំ​បាន​លក់​បាន​ប្រាក់​គ្រាន់តែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ព្យាបាល​ជម្ងឺ ត្រូវ​ខ្វះ​ប្រាក់​បង់​ឲ្យ​ធនាគារ ដូច្នេះ​ត្រូវ​លក់​គោ សង​ធនាគារ​។​

ចំណែក​កសិករ​ឈ្មោះ​សុខ សំ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​តា​ស្អាង​ឃុំ​ចំឡង បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​ប្រកប​មុខរបរ​ដាំ​បន្លែ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ​ដែរ ដាំ​នៅ​លើ​ផ្ទៃដី​កន្លះ​ហិ​កតា គាត់​ប្រើប្រាស់​ដើមទុន​០៨​លាន​រៀល ក្នុង​ការ​រៀបចំ​ដី ទិញ​សម្ភារៈ​ធ្វើ​ទ្រើង និង​កៅស៊ូ ក្រាល​រង សំណាញ់​ធ្វើ​របង ដំណាំ​មាន ត្រសក់ ត្រឡាច ននោងជ្រុង និង​សណ្តែក​គួរ ក្នុង​១​ឆ្នាំ​ដាំ​០៣​ដង គិត​ជា​មធ្យម ក្នុង​១​រដូវ​(២​ខែ​ទៅ​០៣​ខែ​)​រក​ប្រាក់​ចំណូល​បាន​៤​លាន​ទៅ​៥​លាន​រៀល ក្នុង​១​ឆ្នាំ​(០៣​រដូវ​)​អាច​រក​ប្រាក់​ចំណូល​បាន​១២​លាន​រៀល​ទៅ​១៤​លាន​រៀល ហើយ​ក្នុង​១​ឆ្នាំ​ត្រូវ​ផ្អាក​ការ​ដាំ​ដុំ​រយៈពេល​០៣​ខែ ចាប់ពី​ចុងខែ​៩​ដល់​ចុងខែ​១១ ទឹក​លិច​។

ក៏​ប៉ុន្តែ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ពី​ដើមឆ្នាំ​២០២៣២០២៤​នេះ ដំណាំ​បន្លែ ទិន្នផល​ធ្លាក់​ចុះ មក​ពី​កត្តា​ធម្មជាតិ​ក្តៅ​ខ្លាំង​ខ្វះ​ទឹក​ស្រោច ពី​ដើម​គឺ​បូមទឹក​ពី​ព្រឹក​មក​ស្រោច ក៏​ប​ន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​អ្នកធំ​ម្នាក់​គេ​មក​ទិញ​ដី​មាត់​ព្រែក​ដី​ចំណី​ព្រែក ទប់​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​និង​ធ្វើ​របង​បិទ ទើប​ប្រជា​កសិករ​អ្នក​ដាំ​បន្លែ​គ្មាន​ទឹក​ប្រើប្រាស់​ត្រូវ​បុក​អណ្តូង បូម​ស្រោច​បន្លែ​ទើប​បន្លែ​ថយ​ទិន្នផល ហើយ​២​ឆ្នាំ​នេះ​គ្រាន់តែ​ទប់ទល់​ថ្លៃ​ជី​ថ្លៃ​ពូជ​និង​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​មិន​ជំពាក់​គេ​។​

ប្រជា​កសិករ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ជា​ពិសេស​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តស្វាយរៀង​មេត្តា ផ្តល់​បច្ចេកទេស និង​ជួយ​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ទាប​ដើម្បី​ប្រជា​កសិករ​អាច​ប្រកប​មុខរបរ​កសិកម្ម​ដាំ​បន្លែ នេះ​អាច​រក​ប្រាក់​បង្វិល​មាន​និរន្តរភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ