រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា យុទ្ធនាការ «បាញ់ថ្នាំមូសសម្លាប់មូស នៅរាជធានីភ្នំពេញ» នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋពិតជាអរគុណយ៉ាងខ្លាំង ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
ការថ្លែងបែបនេះរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន៤៣នាក់ ជាមួយនឹងការផ្តល់អំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីកងកម្លាំងបានយកអស់កម្លាំងកាយចិត្ត អនុវត្តន៍ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ។
ក្នុងនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយក្រុមការងារកងពលតូច ង៧០ ចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញ ។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ក្នុងឱកាសនោះ លោកក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមការងារកងពលតូច ង៧០ ដែលបានសហការជាមួយ ក្រុមការងាររដ្ឋបាល ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីថ្ងៃទី២៦ ខែសីហា ម្សិលមិញនេះ ។
សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន ៤៣នាក់ និងផ្តល់អំណោយនេះ ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ហើយចំពោះកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួន៤៣នាក់ ក្នុងម្នាក់ទទួលបាន ថវិកា ២០០.០០០រៀល អង្គរ ២៥គីឡូក្រាម មី០១កេសតូច និងទឹកសុទ្ធ ០១កេស ៕
ចែករំលែកព័តមាននេះ