តាមគន្លងអាមេរិក និង EU! កាណាដាប្រកាសដាក់ពន្ធ ១០០% លើឡានអគ្គិសនីចិន
ប្រទេសកាណាដា ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសកាណាដាបានប្រកាសនឹងដាក់ពន្ធ ១០០%…
ប្រទេសកាណាដា ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសកាណាដាបានប្រកាសនឹងដាក់ពន្ធ ១០០%…
ប្រទេសកាណាដា ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសកាណាដាបានប្រកាសនឹងដាក់ពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីផលិតដោយប្រទេសចិន បន្ទាប់ពីមានការប្រកាសស្រដៀងគ្នា ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។ ហើយប្រទេសនៅអាមេរិកខាងជើងមួយនេះ ក៏គ្រោងនឹងដាក់ពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់ចិនផងដែរ។
ប្រទេសកាណាដា និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់រដ្ឋាភិបាលចិនលើការឧបត្ថម្ភធននៅឧស្សាហកម្មរថយន្តអគ្គិសនី ដោយផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នូវអត្ថប្រយោជន៍លើសដែនកំណត់ និងមិនយុត្តិធម៌។ ខណៈប្រទេសចិនបានហៅការចោតប្រកាន់ និងចំណាត់ការប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តពួកគេថា ការការពារពាណិជ្ជកម្ម ដែលបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា បានថ្លែងថា «យើងកំពុងផ្លាស់ប្តូរវិស័យយានយន្តរបស់ប្រទេសកាណាដា ឱ្យក្លាយជាប្រទេសនាំមុខគេលើពិភពលោក ក្នុងការកសាងយានយន្តនៅថ្ងៃស្អែក ប៉ុន្តែតួអង្គដូចជា ប្រទេសចិនបានជ្រើសរើសយកការផ្តល់ផលប្រយោជន៍មិនយុត្តិធម៌នៅក្នុងទីផ្សារពិភពលោក»។
កាតព្វកិច្ចពន្ធរបស់ប្រទេសកាណាដាលើរថយន្តអគ្គិសនីចិន នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ ខណៈពន្ធលើដែក និងអាលុយមីញ៉ូម នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី១៥ ខែតុលា តទៅ។ សេចក្តីថ្លែងការណ៍ពីស្ថានទូតចិនប្រចាំប្រទេសកាណាដាបានឱ្យដឹងថា «ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនីចិន គឺជាលទ្ធផលនៃការច្នៃប្រឌិតបច្ចេកវិទ្យាយ៉ាងជាប់លាប់ ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ដែលបានបង្កើតឡើងល្អ និងការប្រកួតប្រជែងទីផ្សារពេញលេញ។ ហើយភាពប្រកួតប្រជែងទទួលបានតាមរយៈការប្រើប្រាស់គុណសម្បត្តិ និងអនុវត្តតាមគោលការណ៍ទីផ្សារ ជាជាងពឹងផ្អែកលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាល»។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី២របស់ប្រទេសកាណាដា ដោយនៅពីក្រោយសហរដ្ឋអាមេរិក។ កាលពីខែឧសភាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសនឹងដំឡើងពន្ធ៤ដងលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនរហូតដល់ ១០០% ។ ហើយក្រោយមក សហភាពអឺរ៉ុបដើរតាមគន្លងសហរដ្ឋអាមេរិក ដោយបានប្រកាសពីផែនការដាក់ពន្ធលើរថយន្តអគ្គិសនីចិន រហូតដល់ ៣៦,៣%។ ចំណាត់ការពន្ធប្រទេសកាណាដាលើរថយន្តអគ្គិសនីចិន ក៏នឹងរួមបញ្ចូលទាំងរថយន្តរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក Tesla ដែលផលិតនៅរោងចក្រទីក្រុងសៀងហៃ ប្រទេសចិន ផងដែរ។
កាលពីដើមខែសីហានេះ សហភាពអឺរ៉ុបបានសម្រេចកាត់បន្ថយពន្ធលើផែនការរបស់ខ្លួន លើរថយន្តក្រុមហ៊ុន Teslas ដែលផលិតនៅប្រទេសចិនជាងពាក់កណ្តាល បន្ទាប់ពីការស៊ើបអង្កេត ដែលបានស្នើសុំដោយក្រុមហ៊ុនរបស់លោក Elon Musk ផ្ទាល់តែម្តង។
ប្រទេសចិន គឺជាផ្ទះនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុនផលិតរថយន្តប្រទេសសេដ្ឋកិច្ចធំទី២ពិភពលោកមួយនេះ ទទួលបានចំណែកយ៉ាងសំខាន់ និងឆាប់រហ័សបំផុត នៃទីផ្សារពិភពលោក។
តាមពិតរថយន្តអគ្គសិនីចិន មិនសូវពេញនិយមនៅក្នុងប្រទេសកាណាដាឡើយ ប៉ុន្តែមួយចំនួនដូចជា ក្រុមហ៊ុន BYD បានពង្រីកដែនរបស់ខ្លួន ដើម្បីចូលក្នុងទីផ្សាររបស់ប្រទេសកាណាដា។
ទន្ទឹមនឹងនេះ ប្រទេសកាណាដាបានឈានដល់កិច្ចព្រមព្រៀងមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនផលិតរថយន្តធំៗនៅអឺរ៉ុប នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសនេះ ដើម្បីក្លាយជាផ្នែកសំខាន់នៃឧស្សាហកម្មរថយន្តអគ្គិសនីពិភពលោក៕
ចែករំលែកព័តមាននេះ