សំឡេងស្នេហាជាតិដូចជា លាន់រំពងជាងសកម្មភាពពិត ដើម្បីរួមចំណែកធ្វើអោយប្រទេសជាតិឆ្ពោះទៅមុខពោរពេញដោយក្តីសង្ឃឹម ការអភិវឌ្ឍ និងស្នាមញញឹមរបស់ប្រជាជនដែលចេញពីការរស់នៅដោយរីករាយក្នុងសង្គម ។ មនុស្សម្នាក់ៗបានអួត បានបញ្ចេញយោបល់ស្នេហាជាតិយ៉ាងខ្លាំងក្លា ។ នេះជាគំនិតល្អ…
សំឡេងស្នេហាជាតិដូចជា លាន់រំពងជាងសកម្មភាពពិត ដើម្បីរួមចំណែកធ្វើអោយប្រទេសជាតិឆ្ពោះទៅមុខពោរពេញដោយក្តីសង្ឃឹម ការអភិវឌ្ឍ និងស្នាមញញឹមរបស់ប្រជាជនដែលចេញពីការរស់នៅដោយរីករាយក្នុងសង្គម ។
មនុស្សម្នាក់ៗបានអួត បានបញ្ចេញយោបល់ស្នេហាជាតិយ៉ាងខ្លាំងក្លា ។ នេះជាគំនិតល្អ ប៉ុន្តែគំនិតល្អ ដែលមិនមានការអនុវត្តជាក់ស្តែងវានឹងមិនក្លាយជាសមិទ្ធផលនោះឡើយ ។ ការកែប្រែប្រទេសជាតិមួយឱ្យកាន់តែប្រសើរឡើង គឺជាគោលដៅដ៏ខ្ពង់ខ្ពស់ដែលមនុស្សជាច្រើនស្រមៃចង់បាន ប៉ុន្តែរហូតមកដល់ពេលនេះ មានបុគ្គលតិចតួចប៉ុណ្ណោះដែលសម្រេចបាន ។
មនុស្សគិតតែនាំគ្នាបញ្ចេញវោហាសាស្ត្រ មហិច្ឆតាដ៏សម្បើម ដើម្បីអោយមានការក្រែប្រែប្រទេស ។ ប៉ុន្តែការផ្លាស់ប្តូរសង្គម គឺមិនមែនងាយស្រួល នៅក្នុងការប្រតិបត្តិដោយគ្រាន់តែធ្វើតាមពាក្យសម្តីដែលខ្លួនស្រែក ឬនិយាយ ឬសរសេរនៅក្នុងសំណេរប៉ប៉ាច់ប៉បោចនោះឡើយ ។ ការផ្លាស់ប្តូរ ឬការកែប្រែសង្គមមួយ គឺជាមហិច្ឆិតាដែលមានចេតនាច្បាស់លាស់មានគោលដៅកំណត់មានយុទ្ធសាស្ត្រ មានផែនការមានយុទ្ធវិធីមានសេណារីយូ ហើយគ្រប់គ្នាធ្វើអោយដូចនិយាយ ។ រឿងមួយដែលច្បាស់ល្អនោះ គឺយើងទាំងអស់គ្នាមិនអាចកែប្រែប្រទេសបានទេ បើសិនជាយើងចេះតែនិយាយ ហើយមិនព្រមចូលរួមធ្វើសកម្មភាពជាក់ស្តែង ។ ក្នុងន័យនេះ ការកែប្រទេសអាចកើតមានចេញពីការកែប្រែនៅក្នុងចំណោមប្រជាជនម្នាក់ ។ នៅពេលដែលប្រជាជនម្នាក់ៗក្លាយជាមនុស្សខ្លាំងចំណេះ ខ្លាំងធ្វើការ និងឆន្ទៈមោះមុតនោះប្រទេសទាំងមូលនឹងកែប្រែជាស្វ័យប្រវត្តិ ។
ដូច្នេះ ការចង់ធ្វើការកែប្រែអ្វីមួយមិនថា ទម្លាប់ ឬក៏បែបបទសង្គម ឬទស្សនៈឬមនោគមវិជ្ជាបានជោគជ័យ ដាច់ខាត គឺត្រូវតែផ្លាស់ប្តូរ ឬកែប្រែខ្លួនឯងជាមុនសិន ។ ការកែប្រែខ្លួនឯង គឺជាការបង្ហាញនូវសក្ខីកម្មនៃសកម្មភាព និងសេចក្តីព្យាយាមដែលមានរូបភាពពិតប្រាកដ និងជាក់ស្តែង ។ សក្ខីកម្មនៃការផ្លាស់ប្តូរ ឬក៏កែប្រែខ្លួនឯងនេះវាគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលខុសត្រូវផ្ទាល់ខ្លួនវិន័យចំពោះខ្លួនឯង និងអំណាចនៃគំរូក្នុងការជំរុញវឌ្ឍនភាពជាតិចេញពីទស្សនៈ និងការផ្តួចផ្តើមរបស់យើងផ្ទាល់ ។
ដើម្បីអាចកែប្រែសង្គមមួយបាន ដាច់ខាតគួរត្រូវតែបញ្ជ្រាបគោលបំណងនោះ ទៅក្នុងស្រទាប់មហាជន ហើយត្រូវតែធ្វើយ៉ាងណាឲ្យគោលដៅនោះចាក់ឬសនៅក្នុងការយល់ដឹងសង្គមឲ្យកាន់តែជ្រៅ ។ ប៉ុន្តែយើងត្រូវតែដឹងថា សង្គមមិនមែនជាអង្គសមាសភាពអរូបីទេ ។ សង្គម គឺជាអន្តរសមូហភាពនៃបុគ្គលម្នាក់ៗដោយម្នាក់ៗមានជំនឿ អាកប្បកិរិយា និងតម្លៃរៀងៗខ្លួន ដូច្នេះហើយឥរិយាបទ វិបុលភាព និងសីលធម៌របស់ប្រទេសមួយ ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងចរិតលក្ខណៈរបស់ប្រជាជន ។
ឧទាហរណ៍ប្រសិនបើយើងចង់លើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងស្រុក មិនមែនយើងអង្គុយនិយាយតែមាត់នៅលើបណ្តាញសង្គម ឬនៅតាមតុកាហ្វេ ។ ឪពុកម្តាយមានភារកិច្ចបញ្ជូនកូនទៅរៀន ដើម្បីអោយមានចំណេះដឹង ហើយទន្ទឹមនោះត្រូវជួយកូនក្នុងការរៀនសូត្រនៅផ្ទះ ដោយមិនចាំតែបន្ទោសសាលា ឬប្រព័ន្ធអប់រំ នៅពេលកូនរៀនខ្សោយនោះឡើយ ។
រឿងនយោបាយខ្លះក៏ដូច្នេះដែរ អ្នកខ្លះពូកែតែទ្រឹស្តី ពេលខ្លួននៅក្រៅប្រទេសដែលសំណាញ់ច្បាប់កម្ពុជាមិនអាចទៅដល់ ហើយរុញឲ្យអ្នកដទៃធ្វើជំនួសរងគ្រោះជំនួសនោះ ។ ការផ្លាស់ប្តូរ ឬកែប្រែសង្គម គឺអ្វីៗចេញពីខ្លួនយើង ប៉ុន្តែនៅពេលដែលខ្លួនយើងបានត្រឹមតែចង់ហើយអង្គុយនិយាយអំពីបញ្ហា តែខ្លួនយើងមិនអនុវត្តតាមបញ្ហាវានឹងនៅតែដដែល ។ អ្វីដែលយើងនិយាយ គឺបានត្រឹមតែឲ្យមានចលនានៃភាពព្រងើយកន្តើយ ឬការបែកបាក់គ្នាកើតឡើង ក្នុងចំណោមប្រជាជន ពោលយើងគ្រាន់តែបន្លឺនូវវោហាសាស្ត្រដែលអាចត្រឹមតែបង្កឲ្យសង្គមគ្មានសុខដុមរមនា និងវិបុលភាពប៉ុណ្ណោះ ។
ការផ្លាស់ប្តូរខ្លួនឯងទាមទារនូវវិចារណញ្ញាណ និងឆន្ទៈក្នុងការកំណត់អត្តសញ្ញាណ និងកែតម្រូវកំហុសផ្ទាល់ខ្លួន ។ វារួមបញ្ចូលនូវការបណ្តុះគុណធម៌ដូចជា ភាពស្មោះត្រង់ សុចរិតភាព មេត្តា និងស្មារតីនៃការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ពលរដ្ឋ ។ នៅពេលដែលយើងប្រព្រឹត្តហើយអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់យើងនោះយើងនឹងអាចបង្កើតនូវឥទ្ធិពលដែលអាចជះឥទ្ធិពលទាំងនោះដល់អ្នកដទៃបាន ។ ឧទាហរណ៍ បុគ្គលដែលបង្ហាញអាកប្បកិរិយាប្រកបដោយក្រមសីលធម៌ជាប្រចាំ អាចជំរុញអ្នកដទៃឱ្យធ្វើដូចគ្នា ។ យូរៗទៅនៅពេលដែលមនុស្សកាន់តែច្រើនទទួលយកលក្ខណៈវិជ្ជមានទាំងនេះ ចរិតរួមនៃសង្គមនឹងផ្តើមផ្លាស់ប្តូរ ។ នេះជារបៀបដែលការផ្លាស់ប្តូរដ៏ពិតប្រាកដ និងស្ថិតស្ថេរមួយមិនមែនយើងចង់ឲ្យសង្គមគាំទ្រការអប់រំនៅក្នុងស្រុក តែយើងបញ្ជូនកូនទៅរៀននៅក្រៅឬក៏យើងចង់លើកកម្ពស់ និងជំរុញគុណភាពនៃវិស័យសុខាភិបាលនៅក្នុងស្រុក ប៉ុន្តែនៅពេលដែលមានបញ្ហាសុខភាពនាំគ្នាឡើងយន្តហោះទៅក្រៅប្រទេសរហូតនោះឡើយ ។
ជាងនេះទៅទៀត គំនិតដែលថា «និយាយប៉ុនមេឃ ដល់ធ្វើប៉ុនក្រចក» មានន័យយ៉ាងជ្រាលជ្រៅ នៅក្នុងបរិបទនេះវាបង្ហាញពីភាពឥតប្រយោជន៍នៃវោហាសាស្ត្រដែលគ្មានអំណះអំណាង ។ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវដ្តនៃព័ត៌មាន គឺមានគ្រប់វិនាទី នៅក្នុងរយៈពេល២៤ម៉ោង ។ ដូច្នេះអ្វីដែលលើកឡើងគ្មានហេតុគ្មានផលវានឹងនាំឲ្យសង្គមមានបញ្ហាវិលវល់ពិបាកនឹងរកកន្លែងបញ្ចប់ឃើញ ។
សរុបមក បំណងនៃការផ្លាស់ប្តូរ ឬកែប្រែបញ្ហាអវិជ្ជមានណាមួយនៅក្នុងប្រទេស គឺជាកិច្ចការដ៏ធំធេងដែលចាប់ផ្តើមពីបុគ្គល ។ វាទាមទារឱ្យមនុស្សម្នាក់ៗមើលទៅខាងក្នុងទទួលស្គាល់សមត្ថភាពផ្ទាល់ខ្លួនរបស់ខ្លួនឯងសម្រាប់ការកែលម្អ និងចាត់វិធានការជាក់ស្តែងដើម្បីក្លាយជាពលរដ្ឋកាន់តែប្រសើរ ។ ការនិយាយតិច និងធ្វើច្រើន គឺជាមន្តអាគមដ៏មានឥទ្ធិពល ។ សក្ខីកម្មជាក់ស្តែង គឺជាភស្តុតាងដ៏ប្រត្យក្ស និងមគ្គុទេសភាពដ៏ប្រពៃដែលនឹងអាចក្លាយជាគំរូសម្រាប់ការផ្លាស់ប្តូរ និងកែបញ្ហាសង្គមប្រកបដោយវិជ្ជមាន ស្របតាមច្បាប់ ក្រិត្យក្រមរបស់ប្រទេសជាតិ ៕
ចែករំលែកព័តមាននេះ