រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការ ពាក់ព័ន្ធករណីរំលោ.ភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក ។
ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា បានយកប្លង់ដីចំនួន៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណី សរុបទឹកប្រាក់ប្រមាណជាង៣ លានដុល្លារអាមេរិក ។
បើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចថា ប្លង់ដីនោះ នៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងបានយកទៅផ្ទៀងផ្ទាត់នៅខាងសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនឈ្មោះ ស៊ុន ហួរ ទៅវិញ ។ ចំណុចនោះហើយ ដែលធ្វើឲ្យម្ចាស់ប្រាក់កើតទុកមិនសុខចិត្តប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ។
កោះសន្តិភាព មិនអាចទាក់ទងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ ស៊ុន ហួរ ដែលរងនូវបណ្តឹងចោទប្រកាន់ខាងលើនោះបានទេ នេះគ្រាន់តែជាព័ត៌មានបឋម ដែលបែកធ្លាយចេញពីសមត្ថកិច្ចក្នុងការឃាត់ខ្លួនជនសង្ស័យតែប៉ុណ្ណោះ តែបើគ្មានការប្រែប្រួលទេ សមត្ថកិច្ចនឹងបញ្ជូនលោកផ្កាយបី ស៊ុន ហួរ ទៅជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
ព័ត៌មានលម្អិតរង់ចាំតាមដាននៅលើទំព័រសារព័ត៌មានកោះសន្តិភាពបន្តទៀត ៕
ចែករំលែកព័តមាននេះ