រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀន កាន់កាំបិតដេញកាប់គេពេញផ្លូវ រួចបានដើរចូលផ្ទះលក់ចាប់ហ៊ួយ ត្រូវបុរសដែលជាម្ចាស់ផ្ទះដកកាំភ្លើងខ្លីបាញ់ជើងខាងឆ្វេងចំនួន ០១គ្រាប់ បណ្តាលឱ្យរងរបួស រួចត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
ករណីផ្ទុះអាវុធនេះបង្កភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ៥១ប៊េតេ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញ បុរសដែលសង្ស័យប្រើថ្នាំញៀនលើសកម្រិត និងកាន់កាំបិតស្រែកឡូឡា ដេញកាប់អ្នកភូមិផ្អើលពេញផ្លូវ ប៉ុន្តែមិនមាននរណាហ៊ានចូលឃាត់នោះឡើយ ។ លុះមួយសន្ទុះក្រោយមក បុរសខាងលើ ក៏បានដើរចូលទៅក្នុងផ្ទះលក់ចាប់ហ៊ួយ រួមទាំងពាក់ម៉ាស់បិទមុខជិត នឹងទាញយកកាំបិតកាប់ទៅលើរបស់របររបស់ម្ចាស់ផ្ទះ ដែលជាហេតុធ្វើអោយបុរសជាមន្ត្រីនគរបាលដកកាំភ្លើងបាញ់ ចំនួន២គ្រាប់ឡើងទៅលើមេឃ ដើម្បីបំភ័យ ដោយសារតែបុរសកាន់កាំបិតមិនខ្លាច ទើបរូបគាត់ប្រើសិទ្ធការពារក្រុមគ្រួសាររបស់គាត់ដែលកំពុងនៅក្នុងផ្ទះ បានបាញ់សំដៅទៅជើងខាងឆ្វេងចំនួន០១គ្រាប់ទៀត បណ្តាលឲ្យបុរសដែលសង្ស័យបែកថ្នាំខាងលើ រងរបួសធ្ងន់ដើរលែងរួចហើយ លូនត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមកក្រុមគ្រួសារបានយករថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ បុរសជាមន្ត្រីនគរបាល បានចូលខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕ (ដោយ៖រដ្ឋា)
ចែករំលែកព័តមាននេះ